ខេត្តកំពត ៖ ភ្ញៀវទេសចរដែលមកកម្សាន្តនៅរមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ ភ្នំកំពង់ត្រាច បានសម្តែងក្តីព្រួយបារម្ភនិងរិះគន់ចំពោះសកម្មភាពរបស់ក្មេងប្រុសស្រី ជាមគ្គទេសក៍ ដែលនាំគ្នារត់ឆ្វេចឆ្វាចស្កាត់ស្ទាក់មុខយានយន្ត ដែលងាយបង្កឱ្យមានគ្រោះថ្នាក់ ព្រមទាំងបាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយជាខ្លាំង។

ភ្ញៀវទេសចរ បានរៀបរាប់ថា មុនចូលដល់បរិវេណរមណីយដ្ឋាន មានក្មេងប្រុសស្រីដែលខ្លះជិះកង់ ខ្លះរត់ប្រសេចប្រសាចដេញតាមស្ទាក់រថយន្តដើម្បីដណ្តើមភ្ញៀវ នាំចូលទៅដើរកម្សាន្តក្នុងល្អាងភ្នំ ធ្វើឱ្យពិបាកភ្នែកមើលនិងបារម្ភអំពីការប្រឈមនឹងគ្រោះថ្នាក់ជាយថាហេតុ។
ភ្ញៀវទេសចរ បានបន្តថា ទង្វើបែបនោះអាចប៉ះពាល់កិត្តិយសជាតិ ក្នុងបរិវេណនៃតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ពិសេសខ្មាសភ្ញៀវទេសចរបរទេស ដែលគេបានមកឃើញរូបភាពមិនល្អទាំងនេះ។ ដូច្នេះ អាជ្ញាធរ ឬអ្នកគ្រប់គ្រងរមណីយដ្ឋានខាងលើ គួរណែនាំពួកគេឱ្យមានការប្រុងប្រយ័ត្ន និងកែទម្លាប់មិនល្អឡើងវិញ។

លោកឃឹម សាមី អភិបាលរងស្រុកកំពង់ត្រាច បានបញ្ជាក់ថា ការរិះគន់របស់ភ្ញៀវទាំងប៉ុន្មាន ក្នុងនាមរដ្ឋបាលស្រុក លោកទទួលយក រួចក្រើនរំលឹកដល់អ្នកគ្រប់គ្រងឱ្យណែនាំបន្ថែមដល់កុមារទាំងនោះ ដើម្បីឱ្យរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រនេះ មានសណ្តាប់ធ្នាប់ និងកាន់តែទទួលបានការចាប់អារម្មណ៍ពីភ្ញៀវ។ លោកថា កន្លងទៅ ប្រធានគ្រប់គ្រងរមណីយដ្ឋាន ធ្លាប់បានណែនាំពួកគេដែរ ប៉ុន្តែក្រោយមកចំនួនអ្នកជូនភ្ញៀវ កើនឡើងកាន់តែច្រើន ទើបការបាត់បង់សណ្តាប់ធ្នាប់បានកើតមានយ៉ាងដូច្នេះ។

លោកអភិបាលរងស្រុក បានបន្តថា រដ្ឋបាលស្រុកកំពង់ត្រាច នឹងជំរុញដល់មន្ត្រីការិយាល័យវប្បធម៌ ឱ្យបើកវគ្គបណ្តុះបណ្តាលមគ្គុទេសក៍ទាំងនោះ ដើម្បីបានយល់ច្បាស់ នូវប្រវត្តិសាស្ត្រ និងអ្វីៗដែលមានក្នុងរមណីយដ្ឋាន ដើម្បីងាយស្រួលបង្ហាញភ្ញៀវ ពិសេសទេសចរបរទេស ក៏ដូចជាណែនាំពីក្រមសីលធម៌ផងដែរ។

លោកឃឹម សាមី បានបញ្ជាក់ទៀតថា ដំបូងឡើយ អាជ្ញាធរបានលើកទឹកចិត្តដល់កុមារទាំងនោះឱ្យហាត់សម និងអនុវត្តភាសាអង់គ្លេស ក៏ដូចជាការរកប្រាក់ចំណូលបន្ថែម តាមរយៈការជូនភ្ញៀវបរទេស ទស្សនាក្នុងល្អាងភ្នំកំពង់ត្រាច។ ម្ល៉ោះហើយ ឆ្លៀតពេលទំនេរពីការរៀនសូត្រ ពិសេសក្នុងឱកាសពិធីបុណ្យទានផ្សេងៗ កុមារទាំងនោះ តែងមករង់ចាំភ្ញៀវនៅមុខផ្លូវចូលល្អាងភ្នំ ដើម្បីទាក់ទងជូនភ្ញៀវដើរកម្សាន្ត ដើម្បីបានកម្រៃ ជួយគ្រួសារ៕
