ខេត្តកំពង់ធំ ៖ អ្នកធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៦ ត្រូវកកស្ទះចរាចរណ៍ជាង២ម៉ោង ដោយសារតែរថយន្តដឹកទំនិញធំៗចតរថយន្តបិទផ្លូវ ព្រោះខឹងស្ថានីយជញ្ជីងថ្លឹងរថយន្ត គាបជំរិតទារលុយតាមចិត្ត។
គួររំលឹកថា ស្ថានីយថ្លឹងរថយន្តនៅស្រុកសន្ទុក នេះ កន្លងទៅមានការិះគន់ពីក្រុមអ្នកបើកបររថយន្តដឹកទំនិញថា អនុញ្ញាតឱ្យឡានផ្ទុកលើសទម្ងន់បើកកាត់ ដោយមិនបាច់ចូលថ្លឹងឲ្យតែបង់លុយ រហូតចុងក្រោយនេះក៏ផ្ទុះប្រតិកម្ម រហូតឈានដល់ការបិទផ្លូវបែបនេះតែម្តង។

នៅម៉ោងប្រមាណ ៦និង២០នាទី ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ មានរថយន្តតូច-ធំ រាប់សិបគ្រឿង បានកកស្ទះចរាចរណ៍នៅលើដងផ្លូវជាតិលេខ៦ ត្រង់ទីតាំងជញ្ជីងថ្លឹង រថយន្ត ស្ថិតនៅឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយសារតៃកុងរថយន្តធុនធំ ពីរបី គ្រឿង បានចតពាំងបិទផ្លូវលេខ៦ ព្រោះខឹងខាងស្ថានីយជំរិតទារលុយច្រើនពេក បណ្តាលឱ្យអ្នកដំណើរស្ទះចរាចរណ៍ជិត២ម៉ោង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ការចតពាំងបិទផ្លូវខាងលើនេះ ជាចេតនាបង្កឱ្យកកស្ទះចរាចរណ៍ ដែលធ្វើឡើងដោយម្ចាស់រថយន្តដឹកទំនិញទាំងនោះ ដោយសារខឹងនឹងសមត្ថកិច្ចស្ថានីយជញ្ជីងថ្លឹងរថយន្ត ជំរិតទារលុយពីពួកគាត់ច្រើនហួសហេតុពេក ដែលពួកគាត់គ្មានលទ្ធភាពក្នុងការបង់លុយឱ្យ ទើបបង្ខំចិត្តធ្វើបែបនេះ ក្នុងគោលបំណងឱ្យថ្នាក់លើពិនិត្យពិចារណាលើមន្ត្រីនៅស្ថានីយជញ្ជីងថ្លឹងរថយន្តខាងលើនេះ។

ប្រជាពលរដ្ឋ និងអ្នកបើកបរបររថយន្តដឹកទំនិញ និយាយថា ល្មមដល់ពេលលោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន កំណែទម្រង់ការងារឱ្យមានប្រសិទ្ធភាព តួយ៉ាងដូចជាករណីខាងលើនេះ ប្រសិនបើមិនមានរឿងមិនប្រក្រតីនោះទេ តៃកុង ឬម្ចាស់រថយន្តដឹកទំនិញទាំងនោះ ក៏ហ៊ានមិនធ្វើរបៀបហ្នឹងដែរ ព្រោះជាធម្មតា ប្រជាពលរដ្ឋ ឬអ្នករកស៊ី ពួកគាត់សន្សំតែសុខតែប៉ុណ្ណោះ។
ពាក់ព័ន្ធករណីខាងលើនេះ លោកគង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ ថា ពិតជាមានករណីខាងលើកើតឡើងមែន ដោយសារមន្ត្រីជំនាញអនុវត្តច្បាប់ ចាប់បង្ខំឱ្យអ្នកបើកបររថយន្តដឹកទំនិញទាំងនោះចូលថ្លឹង តែពួកគេមិនព្រមចូលថ្លឹង ទើបសមត្ថកិច្ចឃាត់ ហើយពួកគេបានបើករថយន្តបិទផ្លូវតែម្តង។ ប៉ុន្តែយ៉ាងណា ករណីនេះកើតឡើងមិនយូរទេ បន្ទាប់ពីសម្របសម្រួលរួច អ្នកបើកបរទាំងនោះក៏បានបើកផ្លូវចរាចរណ៍ជាធម្មតាវិញ ។

ចំពោះករណីដែលមានការចោទប្រកាន់ថា ខាងមន្ត្រីស្ថានីយថ្លឹងរថយន្ត ទារលុយច្រើននោះ អ្នកនាំពាក្យក្រសួង ដដែល បញ្ជាក់ថា ជាធម្មតាទេ ការលើកហេតុផលរៀងៗខ្លួន ប៉ុន្តែការពិត វាស្ថិតលើការងារជាក់ស្តែង ដែលថ្នាក់លើនឹងថ្លឹងថ្លែង ដោះស្រាយបញ្ហានេះ ឲ្យមានភាពប្រសើរឡើង ៕