តារាចម្រៀងនិងសម្ដែង វ៉ាឌី ភាលីង បានចាកចេញពីអាជីពសិល្បៈរយៈពេល៥ឆ្នាំមកហើយ ដែលនៅតាមឆាកតន្រ្ដី និងភាពយន្ដទាំងដុំ ទាំងភាគ គេមិនដែលឃើញសកម្មភាពរបស់នាងសោះ ទើបធ្វើឲ្យអ្នកខ្លះសង្ស័យថា នាងចេញទៅរស់នៅក្រៅស្រុកជាមួយគូស្នេហ៍។

ប៉ុន្ដែតាមពិត ស្រីស្រស់ភាលីង សម្ងំនៅក្នុងស្រុកសោះ គ្រាន់តែនាងមិនចេញមុខមាត់ដូចមុនប៉ុណ្ណោះ ប៉ុន្តែជាញឹកញាប់ គេឃើញនាងជិះរថយន្ដទំនើបៗ មានដូចជា Rolls-Royce , Lexus Lx570 , Range Rover និង Alphard ជាដើម ទើបធ្វើឲ្យតារាមួយចំនួនស្ញប់ស្ញែងភាលីង យ៉ាងខ្លាំង ខណៈដែលមានការលេចឮផងដែរថា នាងត្រូវបានគូស្នេហ៍ហួងហែងមិនឲ្យលេងសិល្បៈទៀតទេ បានជាតារារូបនេះចោលអាជីពចាស់កណ្ដាលទី។

ទោះជាយ៉ាងណា ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី២ ខែតុលា អតីតតារាចម្រៀងរូបនេះបានឲ្យដឹងថា រថយន្ដទំនើបៗទាំងនោះមិនមែននាងមានលុយទៅទិញទាំងដុលនោះទេ តែគូស្នេហ៍របស់នាងទិញឲ្យនាងជិះ ហើយវាដូចជារបស់នាងដែរ។ នាងថា រយៈពេលដែលនាងឈប់ពីអាជីពសិល្បៈ៥ឆ្នាំនេះ នាងបានរកស៊ីលក់គ្រឿងអលង្ការដែលយកពីថៃ តាម Online ហើយទទួលបានអថិថិជនគាំទ្រយ៉ាងរលូនរហូតមក។

ដោយឡែក ការចាកចេញពីអាជីពសិល្បៈនេះ មិនមែននាងរងគំនាបពីគូស្នេហ៍នោះទេ តែជាការសម្រេចចិត្តរបស់នាងផ្ទាល់តែម្ដង ហើយពេលនេះនាងគ្មានបំណងវិលមកចូលសិល្បៈសាជាថ្មីវិញឡើយ។ នាងថា រយៈពេល៥ឆ្នាំនេះ នាងមិនដែលតាមដានឆាកតន្រ្ដី ឬរឿងកុនដូចមុនទៀតទេ ព្រោះនាងបានលាឈប់ទៅហើយ អីចឹងពេលនេះនាងគិតពីការរកស៊ីវិញម្ដង។

ភាលីង បន្តថា គូស្នេហ៍របស់នាងជាអ្នករកស៊ីម្នាក់ ហើយនាងបានស្រលាញ់គ្នា៣ទៅ៤ឆ្នាំទៅហើយ ប៉ុន្ដែមិនទាន់បានរៀបការ ឬចុះអេតាស៊ីវិលនោះទេ ព្រោះនាងនិងសង្សារយល់ចិត្ត និងជឿជាក់លើគ្នា១០០%។

វ៉ាឌី ភាលីង បានចូលសិល្បៈកាលពីឆ្នាំ២០០៧ និងបានដើរចេញពីអាជីពនេះវិញ តាំងពីឆ្នាំ២០១៥ ពោលគឺច្រៀងសម្ដែងរយៈពេល៨ឆ្នាំ ទើបបោះបង់ច្រៀងសម្ដែងមករកស៊ីតាម Online វិញម្ដង។ នាងថា ក្រៅពីលក់គ្រឿងអលង្ការនៅថ្ងៃខាងមុខ នាងក៏គ្រោងលក់គ្រឿង Cosmetics ផងដែរ។

ក្រៅពីវ៉ាឌី ភាលីង តារាដែលជិះរថយន្ដលំដាប់សេដ្ឋី Rolls Royce មានដូចជា អ្នកនាងស្រីតូច ចំណាន ,លី យ៉ាណា និងទេព បូព្រឹក្ស ជាដើម៕



