Sunday, August 24, 2025
Homeតារាខ្មែររ៉ាប៊ី ឆ្ងល់ កំលោះខេត្តព្រៃវែង លែងហ៊ានញ៉ែ

រ៉ាប៊ី ឆ្ងល់ កំលោះខេត្តព្រៃវែង លែងហ៊ានញ៉ែ

តារាចម្រៀងថោន កញ្ញាផាន វីរ៉ាទី ហៅរ៉ាប៊ី បានវាចាដោយតូចចិត្តថា​តាំងពីមានឈ្មោះបោះសំឡេងមក ពេលនាងទៅលេងស្រុកម្ដងៗ លែងមានអ្នកហ៊ានតាមញ៉ែទៀតហើយ។ នាងថា ឆ្ងល់ចំពោះរឿងនេះណាស់ ព្រោះកាលនៅល្បីតិចៗ ទៅដល់ណា គេចោមរោមញ៉ែ តែឥឡូវនេះស្ងាត់ដូចចោរលួចសេះអីចឹង។

រ៉ាប៊ី ប្រាប់ថា ថ្មីៗនេះ នាងបានទៅធ្វើពិធីបុណ្យភ្ជុំបិណ្ឌនៅស្រុកកំណើត នៅទីរួមខេត្តព្រៃវែង ហើយប្រុសៗដែលធ្លាប់តាមញ៉ែនាងពីមុន លែងហ៊ានមកជិតនាងទៀតហើយ ដែលនេះជារឿងចម្លែកមួយ។

រ៉ាប៊ី រំលឹកថា កាលពីនៅរៀនថ្នាក់ទី១២ នៅវិទ្យាល័យមួយ នៅទីរួមខេត្តព្រៃវែង នោះ នាងក៏មានមន្ដស្នេហ៍មិនធម្មតាដែរ ហើយកាលនោះគ្មានទូរស័ព្ទទំនើប គ្មានហ្វេសប៊ុក ឬ Tik Tok ដូចពេលនេះទេ អីចឹងញ៉ែគ្នា គេសរសេរសំបុត្រ ហើយនាងទទួលសំបុត្រស្ទើរតែគ្មានពេលអានទៅហើយ។​ប៉ុន្ដែពេលនេះមិនដូចមុនទេ ព្រោះប្រុសៗទាំងនោះលែងហ៊ានញ៉ែនាងទៀត ហើយតាំងពីនាងមានឈ្មោះគ្រាន់បើនេះមក។

ថ្វីត្បិតតែប្រុសៗនៅក្នុងស្រុកភូមិស្រីស្អាតរ៉ាប៊ី លែងហ៊ានញ៉ែនាងមែន ប៉ុន្ដែនាងទទួលស្គាល់ថា ក្រោយមានឈ្មោះនេះមានមន្រ្ដីធំៗមួយចំនួនតាមស្នេហ៍ នាងដោយរូបនាងផ្ទាល់ស្ទើរតែមិនគួរឲ្យជឿទៀតផង។ ប៉ុន្តែរ៉ាប៊ី បានព្រមានថា នាងមិនមែនជាស្រីចិត្តងាយញ៉ែបានៗនោះទេ ព្រោះនាងស្រលាញ់តែប្រុសក្មេងៗ បើប្រុសវ័យចំណាស់​នាងមិនចាប់អារម្មណ៍ឡើយ ទោះជាមានទ្រព្យច្រើនក្ដី។

ដោយឡែក ទាក់ទងតារាចម្រៀងសំខាន់២ដួងរបស់ថោន គឺមាស សុខសោភា និងខេម បានចេញព្រមគ្នានោះ រ៉ាប៊ី ដែលជាតារាចម្រៀងសំខាន់ម្នាក់របស់ថោន បានឲ្យដឹងថា នោះជាការសម្រេចចិត្តរបស់មនុស្សម្នាក់ៗ តែសម្រាប់នាងមិនមានគំនិតចេញពីថោនឡើយ។

រ៉ាប៊ី បញ្ជាក់ថា ថៅកែថោន ជាមនុស្សល្អសម្រាប់កូនចៅគ្រប់គ្នា ហើយនាងបានប៉ុណ្ណេះ ក៏ដោយសារតែថោន ផ្ដល់ឱកាសឲ្យដែរដែរ ហេតុនេះហើយនាងជឿថា ទោះជាដំណាក់កាលណាក៏ដោយ​ក៏ថោន មិនបិទទ្វារនោះទេ។ នាងថា ការចូលទៅផលិតកម្មថ្មីប្រឈមរឿងកាច់កុងគ្នា ហើយនាងទៅដល់ណា ក៏ធ្វើបទចម្រៀងខ្លួនឯងដែរ អីចឹងនាងសម្រេចចិត្តនៅថោន តទៅទៀត៕

RELATED ARTICLES