បទ ”ធ្វើល្អជិតងាប់ ចុងក្រោយរាប់គ្នាជាមិត្ត” របស់ផលិតកម្ម G.D កំពុងត្រូវបានគេសង្ស័យថា ម្ចាស់បទនោះជាតារាភេទទី៣ ប៉ុបពី បើទោះជាសំឡេងក្នុងសំនៀងនោះជាប្រុសក៏ដោយ។

ការលើកឡើងបែបនេះ ដោយសារតែគេឃើញការសម្ដែង MV ក្នុងបទនោះ មានប៉ុបពី ធ្វើមាត់ត្រាប់តាមប៉ារ៉ូលបទចម្រៀងដូចតារាចម្រៀងក្នុង MV ដទៃទៀតដែរ ទើបម្នាក់ៗគិតថា សំឡេងប្រុសនោះ គឺជាប៉ុបពី ដែលប្ដូរសំឡេងពីស្រីទៅប្រុសតែម្ដង ច្រើនជាងយល់ថា នោះជាសំឡេងតារាចម្រៀងផ្សេងមួយទៀត ក្រៅពីប៉ុបពី។

បទចម្រៀងដែលទាំងចំណងជើង អត្ថន័យ និងគុណភាពរូបភាព គួរឲ្យចាប់អារម្មណ៍នោះ ក៏មានការចូលរួមសម្ដែងពីល្បីៗជាច្រើនដួងទៀតផងដែរ ដូចជា លោកម៉ាដូណា, អ្នកនាងផាត់ ផាន់ណា និងប៉ុបពី ផ្ទាល់តែម្ដង ដែលមើលទៅពួកគេសុទ្ធតែដាក់អារម្មណ៍ស្លុងចូលទៅតាមអត្ថន័យបទចម្រៀងនោះបានល្អដូចគ្នា។

ទោះជាយ៉ាងណា អ្នកទស្សនានៅតែស្ថិតក្នុងការដាក់សង្ស័យនៅឡើយថា សំឡេងប្រុសនោះជាការប្រើស្ទីលសំឡេងថ្មីច្រៀងរបស់ប៉ុបពី ខណៈដែលអ្នកខ្លះទៀតបែរជាថា អាចជាសំឡេងតារាចម្រៀងផ្សេងនៅពីក្រោយប៉ុបពី ទៅវិញ។

ប៉ុន្តែកន្លងមក គេធ្លាប់ឃើញប៉ុបពី ច្រៀងបានស្ទីលច្រើន ហេតុនេះហើយបានជាគេថា ដើម្បីជាការបោះជំហ៊ានថ្មីមួយទៀតប៉ុបពី ពិតជាអាចកែប្រែស្ទីលច្រៀងពីសំឡេងស្រីទៅជាប្រុសបាននៅពេលនេះមែន៕





