Monday, April 15, 2024
Homeព័ត៌មានជាតិមកដល់ពេលនេះ ព្រះសង្ឃ១អង្គ និងប្រជាពលរដ្ឋ២នាក់ បានធូរស្រាលហើយ

មកដល់ពេលនេះ ព្រះសង្ឃ១អង្គ និងប្រជាពលរដ្ឋ២នាក់ បានធូរស្រាលហើយ

ខេត្តបន្ទាយមានជ័យ ៖ មនុស្សប្រុសស្រីចំនួន៣នាក់ ក្នុងនោះមានព្រះសង្ឃ១អង្គផង បានទទួលរងគ្រោះថ្នាក់ដោយសារសត្វពស់ចឹកនៅកន្លែងផ្សេងគ្នា ប៉ុន្តែកើតហេតុនៅថ្ងៃតែមួយជាមួយគ្នា និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតែមួយ។

លោកវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ថា កាលពីយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ មានជនរងគ្រោះចំនួន៣នាក់ ត្រូវពស់ចឹកនៅកន្លែងផ្សេងពីគ្នា តែត្រូវបានដឹកតាមរថយន្តយកមកមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ទាន់ពេលវេលាដូចគ្នា ពោលគឺគ្មានអ្នករងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។

លោកវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត បានបញ្ជាក់ឱ្យដឹងថា ករណីទី១-ជនរងគ្រោះជាព្រះសង្ឃ មានព្រះនាម ចាន់ មករា ព្រះជន្ម១៨វស្សា គង់នៅវត្តជប់វារី ត្រូវបានដឹកចូលមកដល់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ នៅវេលាម៉ោង៦និង១៣នាទីព្រលប់ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ដោយរងរបួសត្រូវពស់ចឹកនៅត្រង់មេជើង និងម្រាមជើងស្តាំ ខណៈដែលព្រះអង្គនិមន្តចុះពីកុដិ តែមិនស្គាល់ប្រភេទពស់ដែលចឹកនោះទេ ប៉ុន្តែតាមការពិនិត្យ និងតាមធ្វើការសន្និដ្ឋានរបស់គ្រូពេទ្យ សត្វពស់នោះប្រហែលគ្មានពិសទេ ហើយសុខភាពព្រះអង្គក៏មានភាពធូរស្បើយជាធម្មតាវិញហើយដែរ។

ករណីទី២-ជនរងគ្រោះ មានឈ្មោះមាឌ សុវត្ថិ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិជប់វ៉ារី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ត្រូវបានដឹកចូលមកដល់មន្ទីរពេទ្យព្រះនេត្រព្រះ នៅវេលាម៉ោង៦ និង៤៨នាទីព្រលប់ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ដោយរងរបួស ត្រូវពស់ចឹក ត្រង់ជើងឆ្វេង ខណៈពេលដើរចាប់សត្វកណ្តូបតាមវាលស្រែ នៅចំណុចពាមស្រមោច ហើយជនរងគ្រោះមិនស្គាល់ប្រភេទពស់នោះទេ។

តាមការពិនិត្យ ឃើញមានសញ្ញាដូចជាហើម នៅកន្លែងខាំ និងឈឺកន្លែងខាំ មិនមានហូរឈាមកន្លែងខាំ និងវិបត្តិប្រពន្ធ័ប្រសាទទេ ការធ្វើតេស្តឈាមកកឃើញថា ឈាមមិនកកទេ ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យតាមរោគសញ្ញាជាប្រភេទពស់មានពិស ដូចជា ពស់ស្រកាចាស់ ឬ ពស់ខៀវជាដើម។ ក្នុងនោះក្រុមគ្រូពេទ្យ បានប្រើប្រាស់ Vaccin ពួក Hematopolly valentines ចាក់អស់៤ដប ចំពោះស្ថានភាពអ្នកជម្ងឺមានសភាពធូរស្រាលជាធម្មតា តែបន្តការតាមដានជាប្រចាំ។

ដោយឡែក ករណីទី៣-ជនរងគ្រោះ មានឈ្មោះសំ លីង ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិសាលាឆេះ ឃុំរហាល ស្រុកព្រះនេត្រព្រះ ត្រូវបានដឹកចូលមកដល់មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ នៅម៉ោង៨យប់ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ដោយរងរបួសត្រូវពស់ចឹកចំជើងខាងឆ្វេងនៅវាលស្រែ តែជនរងគ្រោះមិនស្គាល់ប្រភេទពស់ដែលចឹកនោះទេ។

តាមការពិនិត្យនៅពេលចូលមកពេទ្យ ឃើញមានរោគសញ្ញាសំខាន់ៗអ្នកជម្ងឺ ពិបាកដកដង្ហើម ងងុយដេក ទន់ត្របកភ្នែក ទន់ដៃជើង ឈឺពោះ ហើម និងជាំកន្លែងខាំជាការសន្និដ្ឋាន របស់ក្រុមគ្រូពេទ្យ ជាករណីពស់មានពិសដូចជាពស់ពស់វែក ឬពស់វែកស្រង៉ែ ឬពស់វែកក្របីជាដើម ដោយត្រូវប្រើប្រាស់ Vaccin Neuro-pollyvallent អស់១០ដប និងបន្ទាប់ពីមានភាពធូរស្រាលខ្លះបានបញ្ជូនមកធ្វើការសង្គ្រោះ និងតាមដានបន្តនៅមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ចំពោះស្ថានភាពបានធូរស្រាលនិងអាចហូបបបរបាន និងកំពុងបន្តការតាមដាន។

ជាមួយនេះ លោកវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ន ក្នុងការដើរហើរពេលយប់ ពិសេសអ្នកប្រកបរបរចាប់កណ្តូប ចង្រិត និងឆ្លុះសត្វពេលយប់ក្នុងព្រៃ ឬមានស្មៅឧបទ្រុប ត្រូវប្រុងប្រយត្ន័ខ្ពស់ ហើយក្នុងករណីមានពស់ចឹក ត្រូវប្រញាប់បញ្ជូនមកកាន់មន្ទីរពេទ្យដែលនៅជិតផ្ទះឱ្យបានលឿនបំផុតដើម្បីសង្គ្រោះជីវិត ព្រោះមានតែមន្ទីរពេទ្យរដ្ឋទេ ទើបមានគ្រូពេទ្យដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ ពិសេសមានវ៉ាក់សាំងព្យាបាលពស់ចឹក ដើម្បីផ្តល់ការព្យាបាលនិងសង្គ្រោះ៕

RELATED ARTICLES