ខេត្តកំពង់ចាម ៖ យុវតីរូបស្រស់ម្នាក់នៅសុខៗក៏បានចេញបាត់ពីផ្ទះ ដោយមិនដឹងមូលហេតុ ធ្វើឱ្យក្រុមគ្រួសារភ័យជ្រួលច្របល់ តាមស្វែងរកសព្វកន្លែងអស់រយៈពេល៤ថ្ងៃមកហើយ នៅតែមិនឃើញ ទើបកាន់តែមានការព្រួយបារម្ភ ប្រកាសហៅកូនស្រីឱ្យវិលត្រឡប់មកផ្ទះវិញ ព្រោះឪពុកម្តាយកំពុងនឹករលឹកយ៉ាងខ្លាំង និងខ្វល់ខ្វាយពីសុខទុក្ខកូនស្រីខ្លាំងណាស់។

យុវតីដែលបាត់ខ្លួនខាងលើ មានឈ្មោះសន សុខហេង អាយុ១៥ឆ្នាំ មានលំនៅក្នុងភូមិខ្ទួយ៤ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

តាមប្រភពពីក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា កូនស្រីរបស់គាត់ បានបាត់ខ្លួនអស់រយៈពេល៤ថ្ងៃមកហើយ ដោយមិនដឹងថា នាងទៅណាជាមួយអ្នកណានោះទេ ព្រោះនៅសុខៗកូនស្រីក៏ចេញពីផ្ទះបាត់ដោយមិនមានមូលហេតុ ហើយទោះជាក្រុមគ្រួសារតាមរកយ៉ាងណា ក៏មិនមានតម្រុយសោះ។

ក្រុមគ្រួសារយុវតីខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយផ្តល់ដំណឹងមកក្រុមគ្រួសារតាមរយៈវិទ្យុអេប៊ីស៊ី ដែលមានលេខទូរស័ព្ទ ០១០,០១២,០៦០ ២៣១០១០ ដោយក្តីអនុគ្រោះ៕