ការប្រកាសផ្អាកថតភាពយន្ដរបស់តារាចម្រៀងសុគន្ធ និសា ត្រូវបានគេគិតថា ហេតុផលធំបំផុតរបស់នាង គឺការត្រៀមពពោះយកកូន ក្រោយពេលដែលនាងរៀបការរៀបការជិត៣ឆ្នាំ។

ទោះជាយ៉ាងណា ពេលនេះ និសា មិនទាន់បានសិទ្ធិទៅរស់នៅអាមេរិក ស្របច្បាប់ពីស្ថានទូតអាមេរិក នៅឡើយ ហេតុនេះហើយគេជឿថា ការយកកូនមុនទៅអាមេរិក គឺជាការផ្លាស់ប្ដូរចិត្ត និងជំហររបស់នាងដែលបានគិតតាំងពីមុនរៀបការ ចង់បានកូនកើតមកភ្លាម បានសញ្ជាតិអាមេរិក ភ្លែតនោះ។

ក្នុងជំនួបជាមួយសុគន្ធ និសា នៅស្ថានីយទូរទស្សន៍ស៊ីធីអិន កន្លងមក នាងបានសារភាពថា ពេលនេះនាងចង់បានកូនមែន ហើយអាចនឹងយកនៅពេលឆាប់ៗនេះហើយ។ នាងថា ការដែលពន្យារពេលយកកូនដល់ទៅ៣ឆ្នាំនេះ ព្រោះនាងចង់បានកូនតាមគម្រោងផែនការត្រឹមត្រូវ ប៉ុន្តែពលនេះចាស់ទុំទាំងសងខាងជំរុញ ហើយនាងគិតថា អាយុកាន់តែច្រើនដែរហើយ អីចឹងហើយបានជាមិនអាចពន្យារពេលតទៅទៅទៀតបាន។

ក្រៅពីសុគន្ធ និសា ដែលបារម្ភថា ខ្លាចអាយុច្រើនទៅ យកកូនមិនបាននោះ តារាចម្រៀងមាស សុខសោភា ដែលឆ្នាំនេះមានវ័យ៣៩ឆ្នាំនោះ ក៏ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើង ដោយគិតគូរលើរឿងកូនចៅនេះ ដូចសុគន្ធ និសា ដែរ។ ប៉ុន្ដែសោភា ខុសពីនិសា ព្រោះនាងមិនទាន់បានរៀបការតាមប្រពៃណីខ្មែរ ហេតុនេះហើយ ការយកកូនមុនរៀបការពិបាកប្រឈមរឿងគេរិះគន់។ ដោយឡែក សុគន្ធ និសា វិញ នាងរៀបការត្រឹមត្រូវ អីចឹងទោះជាចង់ពពោះពេលណាក៏បានដែរ។ ចំណែកការផ្អាកថតភាពយន្ដវិញ ត្រូវបានសុគន្ធ និសា ថា ដោយសារតែពេលនេះនាងមានអារម្មណ៍ថា ហត់នឿយ ទើបចង់ឈប់សម្រាកការថតកុន តែអាជីពចម្រៀងនាងនៅតែបន្ដដោយសកម្មដូចមុនដដែល។

សុគន្ធ និសា បានរៀបការកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ជាមួយអាណិកជនខ្មែរ មកពីរដ្ឋឡូវែលល៍ សហរដ្ឋអាមេរិក លោកចៅ សម្បត្តិ ដែលជានាយផ្នែកប្រតិបត្តិនៅក្រុមហ៊ុនមែនញូឡាយ ប្រចាំកម្ពុជា។

ក្រោយពេលមានស្វាមី និសា ត្រូវបានស្វាមីអនុញ្ញាតឲ្យនាងថតសម្ដែងភាពយន្ដ និងច្រៀងរាំតាមចិត្តចង់ ខណៈដែលមុនប្រកាសផ្អាកថតភាពយន្ដនេះ និសា ក្រសោបបានតំណែងតួឯកដល់ទៅ៤រឿងជាប់គ្នា មានដូចជារឿង ”សិសិររដូវក្នុងបេះដូង”, ”រាជិនីភូមិគ្រឹះ”, ”ព្រះវេស្សន្ដជាតក” និងរឿង ”ចំណតថ្មីនៃសុភមង្គល”។

ក្រៅពីសុគន្ធ និសា តារាដែលយកប្ដីជាអាណិកជននៅអាមេរិក មានដូចជា អម្ពរ ទេវី, គឹម លក្ខិណា, វ៉េត រតនា, សារ៉ាយ សក្ខណា ជាដើម។ ដោយឡែក សុគន្ធ និសា ក្រោយមានស្វាមីជិត៣ឆ្នាំនេះ គេឃើញកេរ្ដិ៍ឈ្មោះរបស់នាងហាក់នៅទ្រឹងមិនស្ទុះខ្លាំងដូចមុនឡើយ ប៉ុន្តែនាងមិនពឹងលើអាជីពសិល្បៈទាំងស្រុងនោះទេ ព្រោះពេលនេះមានហាងផ្ទាល់ខ្លួន ក្រៅពីអាជីពសិល្បៈដែលដំណើរការជាច្រើនឆ្នាំមកហើយ៕ ហ៊ឹម វិចិត្រ