Sunday, August 24, 2025
Homeព័ត៌មានជាតិភរិយាលោកកែម ឡី ប្រាប់ម៉ែក្មេក ពេលវេលាមកដល់ នឹងទៅរកម៉ែភ្លាម

ភរិយាលោកកែម ឡី ប្រាប់ម៉ែក្មេក ពេលវេលាមកដល់ នឹងទៅរកម៉ែភ្លាម

ភ្នំពេញ ៖ ភរិយាលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយនិងជាអ្នកស្រាវជ្រាវសង្គម ដើម្បីការអភិវឌ្ឍ ដែលកំពុងរស់នៅជាមួយកូនប្រុសទាំង៥ នៅប្រទេសអូស្ត្រាលី ឃ្លាតឆ្ងាយមាតុភូមិ ដោយមានសេចក្តីនឹករលឹកចំពោះម្តាយក្មេកពេក លោកស្រីបានទាក់ទងទៅគាត់តាមវីដេអូអនឡាញ ហើយអ្នកស្រីបានប្រាប់ទៅអ្នកម្តាយក្មេកថា បើពេលវេលាមកដល់ កូននិងចៅៗ នឹងទៅរកម៉ែភ្លាម។

អ្នកស្រីប៊ូ រចនា ភរិយាលោកបណ្ឌិត កែម ឡី បានបង្ហោះរូបភាពជួបលោកយាយ ភោគ សេ ជាម្តាយក្មេក ដែលកំពុងរស់នៅស្រុកត្រាំកក់ ខេត្តតាកែវ តាមវីដេអូខលក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកស្រី នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ជាមួយសំណេរថា “ល្ងាចនេះ ចៅៗបានខលសួរសុខទុក្ខយាយ និងមានក្តីនឹករលឹកយ៉ាងខ្លាំង ព្រោះបានជួបគ្នាតាមរយៈវីដេអូខលប៉ុណ្ណោះ។ សូមម៉ែថែរក្សាសុខភាពផង និងសម្រាន្តឱ្យបានច្រើន ពិសាបាយឱ្យទៀងពេល ហើយមានអាយុយឺនយូរ បើ ពេលវេលាមកដល់ កូននិងចៅៗ ទៅរកម៉ែភ្លាម នឹកនំអន្សមជ្រូក និងអន្សមចេក ដែលម៉ែវេចណាស់ កូននិងចៅៗ ខានបានញ៉ាំ ជាង៤ឆ្នាំហើយ ។ នឹកម៉ែគ្រប់ពេល”។

បន្ទាប់ពីឃើញរូបភាពនិងសំណេររបស់ភរិយាលោកកែម ឡី ខាងលើនេះ ក៏មានអ្នកចូលទៅបញ្ចេញយោបល់ ព្រមទាំងជូនពរអ្នកស្រីនិងកូនៗ ព្រមទាំងម្តាយក្មេកផងដែរ ទើបអ្នកស្រី ប៊ូ រចនា បានសរសេរឆ្លើយតបអរគុណផងដែរ។

អ្នកស្រីប៊ូ រចនា បានសរសេរនៅក្នុងប្រអប់បញ្ចេញយោបល់ (Comment) ថា “នាងខ្ញុំសូមថ្លែងអំណរគុណចំពោះលោកតា លោកយាយ ពុកម៉ែ អ៊ំពូមីង និងបងប្អូន ក្មួយៗ នូវពាក្យជូនពរដល់អ្នកម្តាយក្មេកនិងគ្រួសារនាងខ្ញុំ។ នាងខ្ញុំសូមជូនពរដល់ពុកម៉ែ និងជនរួមជាតិទាំងអស់ ឱ្យជួបតែសេចក្តីសុខគ្រប់ក្រុមគ្រួសារ ហើយឆាប់ទទួលបានយុត្តិធម៌និងសិទ្ធិសេរីភាពក្នុងការបញ្ចោញមតិមកវិញ”។

គួរបញ្ជាក់ថា មិនមែនជាលើកទី១ទេ ដែលភរិយាលោកបណ្ឌិត កែម ឡី គឺអ្នកស្រីប៊ូ រចនា ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី ជាមួយកូនប្រុសទាំង៥នាក់ បានបង្ហោះសារនៅលើហ្វេសប៊ុក បង្ហាញក្តីនឹករលឹកចំពោះម្តាយក្មេក និងក្តីស្រណោះអាឡោះអាល័យចំពោះស្វាមីរបស់ខ្លួននោះ ដោយនៅទីនោះ លោកស្រីក៏បានធ្វើបុណ្យឧទ្ទិសជូនស្វាមីផងដែរ ហើយរៀបរាប់ថា ពេលពិធីបុណ្យភ្ជុំម្តងៗ គឺម្តាយក្មេករបស់អ្នកស្រីតែងតែវេចនំអន្សមត្រៀមទុកឱ្យកូននិងចៅៗ សម្រាប់ញ៉ាំពេលជួបជុំគ្នា ប៉ុន្តែជាងប៉ុន្មានឆ្នាំមកនេះ ពួកគាត់លែងបានជួបជុំគ្នាទៀតហើយ។

ដោយឡែក ស្ថិតក្នុងវ័យជាង៧០ឆ្នាំ លោកយាយភោគ សេ ម្តាយបង្កើតរបស់បណ្ឌិតកែម ឡី តែងតែអង្គុយលើគ្រែនៅពីមុខទីបញ្ចុះសពលោកបណ្ឌិត កែម ឡី រៀងរាល់ថ្ងៃ ដែលបញ្ជាក់ថា គាត់នឹកអាឡោះអាល័យដល់កូនប្រុសជាទីស្រឡាញ់របស់គាត់ជាខ្លាំង ដែលធ្វើតែអំពើល្អ និងជួយសង្គមជាតិ បែរជាត្រូវជួបគ្រោះអាក្រក់ ត្រូវគេបាញ់សម្លាប់យ៉ាងព្រៃផ្សៃបែបនេះ។

លោកយាយធ្លាប់រំលឹកទាំងក្តុកក្តួលថា លោកបណ្ឌិត កែម ឡី តែងតែនាំភរិយានិងកូនៗមកជួបជុំគ្រួសារនៅរៀងរាល់ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ នៅស្រុកកំណើតភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្ត តាកែវ។

លោកយាយថា លោកបណ្ឌិត គឺជាកូនប្រុសដែលមានកតញ្ញូ និងតែងគោរពប្រណិប័តន៍លោកស្រីជាម្តាយយ៉ាងល្អ ដូចជា ជូនគ្រឿងឧបភោគ-បរិភោគ និងបច្ច័យសម្រាប់ឱ្យលោកយាយធ្វើបុណ្យ សន្សំកុសល មិនដែលអាក់ខាន និងទៅធ្វើបុណ្យរួមគ្នាជាដើម ប៉ុន្តែប៉ុន្មានឆ្នាំនេះ លោកយាយលែងបានជួបកូនម្នាក់នេះតទៅទៀត ហើយនៅសល់តែរូបថត និងអនុស្សាវរីយ៍ដែលមានពីមុនមក រួមទាំងផ្នូរ និងចេតិយរបស់កូនដែលកំពុងសាងសង់។

លោកយាយ ភោគ សេ ឱ្យដឹងថា ជារៀងរាល់ថ្ងៃសីល លោកយាយតែងតែនិមន្តព្រះសង្ឃមកបង្សុកូលឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ហើយក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ លោកយាយតែងយកចង្ហាន់ទៅប្រគេនព្រះសង្ឃ និងបួងសួងឱ្យវិញ្ញាណក្ខន្ធកូនប្រុស កែម ឡី) បានទៅកើតនៅឋានសុគតិភព៕ កុលបុត្រ

RELATED ARTICLES