Sunday, August 24, 2025
Homeព័ត៌មានជាតិលោកសុវណ្ណ រិទ្ធី តុលាការដោះលែង ភរិយាថ្លែងអំណរគុណថ្នាក់ដឹកនាំ

លោកសុវណ្ណ រិទ្ធី តុលាការដោះលែង ភរិយាថ្លែងអំណរគុណថ្នាក់ដឹកនាំ

ភ្នំពេញ ៖ លោកសុវណ្ណ រិទ្ធី អតីតអគ្គនាយក TVFB ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពវិញ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីបានជាប់ពន្ធនាគារ៥ខែ២៨ថ្ងៃ។

នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ លោកលិ សុខា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលោកសុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB ដាក់ពន្ធនាគារ រយៈពេល១៨ខែ តែទោសនេះត្រូវអនុវត្តត្រឹមតែ៥ខែ២៨ថ្ងៃប៉ុណ្ណោះ សល់ប៉ុន្មានព្យួរ។ ដូច្នេះ មានន័យថា លោកសុវណ្ណ រិទ្ធី ត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញ ប្រសិនបើគ្មានជាប់ បណ្តឹងណាផ្សេងទៀតទេ។

បើតាមមន្ត្រីតុលាការ បានឱ្យដឹងថា បើគិតចាប់ពីថ្ងៃដែលត្រូវបានចាប់ខ្លួន និងឃុំក្នុងពន្ធនាគារ រហូតមកដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ គឺមានរយៈពេល៥ខែ២៨ថ្ងៃហើយ ដែលលោកសុវណ្ណ រិទ្ធី បានជាប់ឃុំ ហេតុនេះនៅថ្ងៃ០៥ តុលា ឆ្នាំ២០២០ លោកសុវណ្ណ រិទ្ធី ក៏ត្រូវមានសេរីភាពឡើងវិញផងដែរ។

គួរបញ្ជាក់ថា លោកសុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មានអនឡាញ TVFB ជាប់ចោទពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការផ្សាយព័ត៌មានបង្កភាពចលាចលក្នុងសង្គម។

លោកសុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ដល់ទីស្នាក់ការសារព័ត៌មាន TVFB នៅខណ្ឌសែនសុខ បន្ទាប់ពីបានបង្ហោះព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ដោយកាត់ប្រសាសន៍សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់អ្នករត់ម៉ូតូឌុប ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ក្រសួងព័ត៌មាន ក៏បានសម្រេចលុបអាជ្ញាប័ណ្ណសារព័ត៌មាន TVFB ផងដែរ។

ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងខាងលើនេះ ភរិយាលោកសុវណ្ណ រិទ្ធី បានបង្ហាញនូវក្តីសប្បាយរីករាយយ៉ាងខ្លាំង ហើយនាងបានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុក អរគុណដល់ថ្នាក់ដឹកនាំ ដែលសន្តោសប្រណីដល់គ្រួសារនាង។

អ្នកស្រី មាស សុជាតា ភរិយាលោកសុវណ្ណ រិទ្ធី បានសរសេរនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ថា “អរគុណថ្នាក់ដឹកនាំ ដែលបានសន្តោសប្រណី និងឱ្យខ្ញុំនិងកូន មានស្នាមញញឹមឡើងវិញ! នាងខ្ញុំគ្មានអ្វីក្រៅពីម្រាមដៃដប់ អរព្រះគុណដល់ថ្នាក់ដឹកទាំងអស់ គ្រប់ជាន់ថ្នាក់…”៕

RELATED ARTICLES