បន្ទាប់ពីសម្តេចហ៊ុន សែន ត្រឡប់ពីចូលរួមដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យព្យបាលព្រះរាជសុខភាពនោះ សម្តេចបានធ្វើការព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេ និងសុំអភ័យទោសដល់ជនរូមជាតិ ដែលបានពាក់វ៉ែនតាខ្មៅ ដោយសម្តេចថា ជាកំហុសអចេតនា ដោយសារតែភ្នែកសម្តេចចាញ់ពន្លឺព្រះអាទិត្យ។

សម្តេចតេជោ ហ៊ុនសែន បានសរសេរនៅលើហ្វេសប៊ុកថា “ថ្ងៃនេះទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំបានធ្វើនៅកំហុសដោយអចេតនាមួយ។ នោះគឺការប្រើវ៉ែនតាពណ៍ខ្មៅ ក្នុងពេលដង្ហែព្រះមហាក្សត្រ និងហ្លួងម៉ែយាងចេញទៅសាធារណរដ្ឋប្រជាមានិតចិន នៅព្រលានយន្តហោះពោធិ៍ចិនតុង”។

សម្តេចហ៊ុន សែន បប្តថា “នេះមិនមែនជាទម្លាប់ខាងពិធីការរបស់ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំឡើយ តែដោយសារភ្នែកចាញ់ពន្លឺថ្ងៃ ក៍មិនបានដូរវ៉ែនតាសជំនួសវិញ”។

សម្តេចហ៊ុន សែនបន្ថែមថា “ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេ និងសូមអភ័យទោសពីបងប្អូនជនរួមជាតិចំពោះកំហុសដោយអចេតនានេះ”។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោសស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព៕
