Sunday, August 24, 2025
Homeតារាខ្មែរអ៊ុង នីនិច្ច ប្ដូរស្ទីលច្រៀង

អ៊ុង នីនិច្ច ប្ដូរស្ទីលច្រៀង

តារាចម្រៀងវ័យក្មេងប្រចាំនៅក្រសួងព័ត៌មាន កញ្ញាអ៊ុង នីនិច្ច បានឲ្យដឹងថា កន្លងមកនាងច្រើនតែចេញបទច្រៀងញាក់ច្រើនជាងស្លូវ ដែលបទចម្រៀងទាំងនោះ នាងចំណាយលុយផលិតដោយខ្លួនឯង និងច្រៀង Cover ខ្លះ ហើយបង្ហោះលើផេកផ្ទាល់ខ្លួន យូធូប និងយកឡើងច្រៀងនៅឆាកតន្រ្ដីផ្សេងៗ។

ប៉ុន្ដែថ្មីៗនេះ អ្នកដឹកនាំកម្មវិធីចង់ឲ្យនាងច្រៀងបទស្លូវ ច្រើនជាងបទញាក់ ហេតុនេះហើយបានជានាងត្រូវតែងាកទៅផលិតបទស្លូវវិញ ហើយប្ដូរស្ទីលច្រៀងផងដែរ។

ទោះជាយ៉ាងណា នីនិច្ច ថា ចំណង់ចំណូលចិត្តរបស់នាង គឺនៅតែចូលចិត្តច្រៀងបទញាក់ច្រើនជាងស្លូវដដែល ហេតុនេះហើយទោះជានាងងាកមកធ្វើបទស្លូវមែន តែក៏មិនចោលបទញាក់ដែរ។ នាងថា តាំងពីផ្ទុះកូវីដ-១៩មក អាជីពសិល្បៈរបស់នាងមិនសូវរវល់ដូចមុនទេ ប៉ុន្ដែនាងបានត្រៀមខ្លួនរួចជាស្រេចទៅហើយ ក្នុងការធ្វើបទថ្មីៗ ជាពិសេស គឺបទស្លូវ ដែលអ្នកដឹកនាំប្រគំតន្រ្ដីតម្រូវចង់បាននេះ។

អ៊ុង នីនិច្ច ជាអតីតបេក្ខភាពកម្មវិធីប្រលងចម្រៀង ”កំពូលតារា” របស់ទូរទស្សន៍ PNN តែនាងមិនចូលច្រៀងនៅផលិតកម្មណាឡើយ គឺធ្វើជាតារាចម្រៀងឯករាជ្យ ផលិតបទចម្រៀងដោយខ្លួនឯង។ នាងក៏ជាតារាចម្រៀងរបស់ក្រសួងព័ត៌មានផងដែរ ដែលមុននេះបានចេញបទចម្រៀង២បទ ទាក់ទងបុណ្យភ្ជុំបិណ្ឌ ផលិតដោយក្រសួងព័ត៌មាន។

ស្ទើរតែគ្រប់ឆាកតន្ត្រីទាំងអស់ គេតែងតែឃើញកញ្ញានីនិច្ច ត្រូវបានឪពុកម្ដាយជូនទៅច្រៀងសម្ដែងជាប្រចាំ ដែលសកម្មភាពបែបនេះ គឺដូចតារាចម្រៀងរ៉េត ស៊ូហ្សាណា, អ៊ីវ៉ា, បេប៊ី និងលីដា ដែរ។

ដោយឡែក រឿងស្នេហាវិញ នីនិច្ច ធ្លាប់វាចារថា បេះដូងនាងនៅទំនេរ និងមិនទាន់ចង់បានសង្សារនៅពេលនេះទេ។ នាងថា ក្រៅពីអាជីពចម្រៀង នាងក៏ចូលហាត់កីឡាតៃក្វាន់ដូ ផងដែរ ព្រោះកីឡាប្រភេទនេះ ធ្វើឲ្យមានសុខភាពល្អ និងជួយឲ្យរាងកាយរឹងមាំ។

ប៉ុន្ដែតាំងពីផ្ទុះកូវីដ-១៩ សាលាតម្រូវមិនឲ្យមានការជួបជុំគ្នាច្រើន ហេតុនេះហើយការហាត់មិនសូវបានទៀងទាត់ដូចមុនឡើយ។ ចំណែកទាក់ទងបទចម្រៀងស្លូវដែលនាងត្រៀមធ្វើនេះ នាងថា នឹងត្រៀមចេញនៅពេលស្ងប់កូវីដ-១៩បន្ដិច ហើយនាងនឹងយកបទថ្មីៗទាំងនោះឡើងឆាកតែម្ដង៕

RELATED ARTICLES