Sunday, August 24, 2025
Homeព័ត៌មានជាតិសមត្ថកិច្ចដេញយ៉ាងណា គាត់មិនព្រមបោះចោលមេអាប៉ោងទៀត

សមត្ថកិច្ចដេញយ៉ាងណា គាត់មិនព្រមបោះចោលមេអាប៉ោងទៀត

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ជាមេអាប៉ោង កំពុងអង្គុយបាញ់អាប៉ោងត្រូវបានកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការចុះបង្ក្រាប ក៏ភ័យស្លន់ស្លោស្ទុះរត់គេចខ្លួន រហូតហត់ខ្លាំងពេកផង បណ្តាលឱ្យគាំងបេះដូងសន្លប់បាត់មាត់ឈឹង និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗដែរ តែអកុសល បុរសជាមេអាប៉ោងនោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ហេតុការណ៍សមត្ថកិច្ចចុះបង្ក្រាបវង់អាប៉ោង ធ្វើឱ្យមេអាប៉ោងភ័យរត់គេចរហូតដល់ហត់ដាច់ខ្យល់ស្លាប់នោះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចវាលត្រពាំងច្រាំង ស្ថិតនៅខាងលិចភូមិផ្គាំ ចម្ងាយ ប្រហែល៥០០ម៉ែត្រ ស្ថិតក្នុង ឃុំសិង្ហ ស្រុកអូរជ្រៅ។

បុរសជាមេអាប៉ោងដែលរត់គេចសមត្ថកិច្ច រហូតដល់ដាច់ខ្យល់ស្លាប់នោះ មានឈ្មោះ នៅ ដារ៉ា អាយុ៥៨ឆ្នាំ មានលំនៅក្នុងភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី០៥ ខែតុលា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកូប សហការជាមួយកម្លាំងប្រជាការពារឃុំ បានចុះទៅបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) មួយករណី នៅចំណុចវាលត្រពាំងច្រាំង ស្ថិតនៅខាងលិចភូមិផ្គាំ ចម្ងាយប្រហែល ៥០០ម៉ែត្រ ឃុំសិង្ហ ស្រុកអូរជ្រៅ។

ពេលសមត្ថកិច្ចចុះបង្ក្រាប ក្រុមអ្នកលេងនិងមេអាប៉ោង បាននាំគ្នារត់គេចខ្លួនចុះទឹកប្រហែល៥០ម៉ែត្រ ស្រាប់តែពេលនោះ ឈ្មោះនៅ ដារ៉ា ដែលមានជំងឺបេះដូងជាអ្នកកាន់មេអាប៉ោង រត់រហូតគាំងបេះដូងដួលសន្លប់នៅលើភ្លឺស្រែ។ ឃើញដូច្នោះ កម្លាំងសមត្ថកិច្ចនគរបាលបានជួយសង្គ្រោះ និងសែងជនរងគ្រោះទៅកាន់មណ្ឌលសុខភាពសិង្ហ ។

នៅវេលាម៉ោង៤រសៀលថ្ងៃដដែលនោះ លោកវេជ្ជបណ្ឌិតនៃមណ្ឌលសុខភាពបានធ្វើការពិនិត្យ ហើយប្រាប់វិញភ្លាមថា ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ។

ករណីខាងលើនេះ ជនរងគ្រោះទំនងភ័យខ្លាចសមត្ថកិច្ចចាប់ខ្លួន ក៏រត់គេចខ្លួន រហូតគាំងបេះដូងដួលសន្លប់ និងបណ្តាលឱ្យបាត់បង់ជីវិតតែម្តង។

បើតាមសមត្ថកិច្ច អះអាងថា អ្នកលេងល្បែងស៊ីសងដូចនេះ (អាប៉ោង) គ្រាន់តែឃាត់ខ្លួនដើម្បីធ្វើការអប់រំតែប៉ុណ្ណោះ មិនមានគោលការណ៍ចាប់ដាក់គុកនោះទេ ប៉ុន្តែដោយអ្នកលេងល្បែងនោះ គាត់ភ័យពេករត់រហូតគាំងបេះដូងដួលស្លាប់។

សពបុរសខាងលើ ត្រូវបនាសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES