ខេត្តកំពង់ធំ ៖ កម្លាំងនគរបាលនៃអធិដ្ឋាននគរបាលស្រុកកំពង់ស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងឫស្សី បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីរពឹសដៃធ្វើសកម្មភាពយកដំបងគប់ទៅលើកញ្ចក់រថយន្ត ចំនួន៤គ្រឿង របស់អ្នកធ្វើដំណើរឆ្លងកាត់ពីខេត្តកំពង់ធំ ទៅខេត្តព្រះវិហារ នៅចំណុចលក់ក្រឡាន តាមបណ្តោយផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិវល្លិយាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យ មានសតិមិនគ្រប់គ្រាន់ និងពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកដំបងគប់កញ្ចក់រថយន្តរបស់អ្នកធ្វើដំណើរឆ្លងកាត់ បណ្តាលឱ្យខូចខាតកញ្ចក់រថយន្តចំនួន៤គ្រឿង រួមមាន ទី១- រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប៉ែន (បែកកញ្ចក់មុខ) ទី២- រថយន្តម៉ាកកូរ៉ូណា (បែកកញ្ចក់មុខ) ទី៣- រថយន្តម៉ាកកាមរីហើម (បែកកញ្ចក់មុខ) និងទី៤- រថយន្តប្រភេទ ភិកអាប់ ២បាំង (បែកកញ្ចក់មើលក្រោយ)។

ករណីខាងលើនេះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ដើម្បីធ្វើការអប់រំណែនាំ និងធ្វើការស្រាវជ្រាវស្វែងរកក្រុមគ្រួសារ ដើម្បីមកទទួលយកទៅលំនៅឋានវិញ៕


