ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ បានធ្វើការរិះគន់អ្នកកាសែតគ្មានវិជ្ជាជីវៈ ដែលគ្មានកាសែតចេញផ្សាយ មានតែកូនកាមេរ៉ាតូចមួយ ឬទូរសព្ទដៃមួយគ្រឿង ផ្សាយតាមហ្វេសប៊ុក គ្មានរបៀបវារៈទៀងទាត់ តែទៀងទាត់ក្នុងការចុះសុំលុយ ដែលប៉ះពាល់យ៉ាងខ្លាំងដល់មុខរបររបស់សហគ្រាសធុនតូចនិងមធ្យម ។ ជមួយនេះ ដោយលោករដ្ឋមន្ត្រី បានរំលឹកពីសម្តីដែលលោកបានស្រង់ពីរឿង «Animal Farm» ដែលសត្វបានលើកពាក្យស្លោកថា “ជើង៤ល្អ ជើង២អាក្រក់” ។
លោកខៀវ កាញារីទ្ធ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ថា “នៅក្នុងការប្រជុំគណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូចនិងមធ្យម សំណូមពរជាច្រើនរបស់ម្ចាស់សហគ្រាសធុនតូចនិងមធ្យម គឺសកម្មភាពរញ៉េរញ៉ៃរបស់អ្នកកាសែតគ្មានវិជ្ជាជីវៈ ពោលគឺអ្នកកាសែតអត់មានកាសែតចេញ អ្នកកាសែតមានតែកូនកាមេរ៉ាតូចមួយ ឬទូរស័ព្ទដៃ មួយគ្រឿង ផ្សាយតាមហ្វេសប៊ុក ដោយគ្មានរបៀបវារៈទៀងទាត់ តែទៀងទាត់ក្នុងការចុះសុំលុយ ផ្សាយអត់យល់ច្បាប់ពាណិជ្ជកម្ម និងលិខិតបទដ្ឋាន ឬបច្ចេកទេសអីទាំងអស់ ដែលប៉ះពាល់យ៉ាងខ្លាំងដល់មុខរបររបស់សហគ្រាសធុនតូចនិងមធ្យម។

ខ្ញុំសង្ឃឹមថា អ្នកកាសែតទាំងអស់ នឹងខិតខំចៀសវាងពីការប្រព្រឹត្តបែបខាងលើ ហើយរួមគ្នាកម្ចាត់ឲ្យបានពួកទុច្ចរិតជ្រកក្រោមផ្លាកសារព័ត៌មាន ដើម្បីសេចក្តីថ្លៃថ្នូរនៃអ្នកសារព័ត៌មានវិជ្ជាជីវៈទាំងអស់ ក្នុងប្រទេសកម្ពុជាយើង ។ ខ្ញុំសូមរំលឹកសហសេវិកទាំងអស់ ពីសម្តីដែលខ្ញុំបានស្រង់ពីរឿង Animal Farm ដែលសត្វលើកពាក្យស្លោកថា ជើង៤ល្អ ជើង២អាក្រក់”។
លោកជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់ ”នគរធំ” នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ថា លោកចាប់អារម្មណ៍នឹងពាក្យស្លោក “ជើង៤ល្អ ជើង២អាក្រក់” ដែលលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងខាងលើនេះ ព្រោះមានន័យប្រៀបធៀបអប់រំល្អ“ ។
លោកជុំ កុសល បានមានប្រសាសន៍ថា “ខ្ញុំមិនមានអីបន្ថែមទេ ព្រោះឯកឧត្តមរដ្ឋមន្រ្តី លោកបានរំលឹកហើយ ប៉ុន្តែយើងបានដឹងស្រាប់ហើយ បច្ចុប្បន្ននេះហៅថា ព័ត៌មានមហាជន អ្នកប្រើប្រាស់បណ្ដាញសង្គមហ្នឹង មានន័យថា គាត់មានទូរស័ព្ទស្មាតហ្វូន មួយ គាត់គិតថា ខ្លួនគាត់ក៏ជាអ្នកសារព័ត៌មានមួយ ។ អ្នកខ្លះគាត់ប្រើបា្រស់ហ្វេសប៊ុកហ្នឹង ធ្វើជាអ្នកសារព័ត៌មានដែលគ្មានវិជ្ជាជីវៈ ដែលគ្មានការឆ្លងកាត់ការសិក្សាផ្នែកហ្នឹង ហើយគាត់យកមកសរសេរតែពីសតែពាស គ្មានមូលដ្ឋានព័ត៌មានច្បាស់លាស់ ។
ត្រង់ហ្នឹងហើយ ដែលយើងប្រើភាសាសាមញ្ញថា អ្នករកស៊ីខ្លះ គាត់ធុញទ្រាន់នឹងពួកអស់ហ្នឹង ដែលគាត់មានគំនិតមួយមិនល្អ គាត់ផ្សាយរឿងមិនពិត ប៉ះពាល់ដល់អាជីវកម្មគេអីអ៊ីចឹងទៅ ហើយទៅគោះលុយ គោះកាក់គេ អាហ្នឹងខ្ញុំទទួលស្គាល់ថា វាមានពិតប្រាកដអ៊ីចឹងមែន ។

ប៉ុន្តែសម្រាប់អ្នកសារព័ត៌មានដែលគេមានវិជ្ជាជីវៈត្រឹមត្រូវ គេមានក្រមសីលធម៌ មានសារបានតម្លៃរបស់គេ សារព័ត៌មានធំៗដែលមានស្ថាប័ន មានអង្គភាពត្រឹមត្រូវ អាហ្នឹងវាមិនអីទេ វាណាស់តែអ្នកសារព័ត៌មានមហាជនហ្នឹង ដែលចេះតែប្រឌិតព័ត៌មាន គឺមានតែទូរស័ព្ទស្មាតហ្វូនមួយ អាហ្នឹងវាសម្បូរបែបមែនសម័យនេះ ។ យើងពិបាកណាស់ យើងពិបាកទៅគ្រប់គ្រងគាត់ វាមិនអាចទេ”។
លោកជុំ កុសល បន្តថា “ពិតហើយ! ត្រង់ហ្នឹង វាធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នព័ត៌មានដែលមានវិជ្ជាជីវៈ មានអង្គភាព មានការដឹកនាំត្រឹមត្រូវ ចៀសមិនផុតទេ ។ អ៊ីចឹងដូចពាក្យចាស់ថា “ត្រីមួយកន្រ្តក ស្អុយមួយ ស្អុយទាំងអស់” ។ ត្រង់ចំណុចនេះ ចំពោះឯកឧត្តមរដ្ឋមន្រ្តី សូមរំលឹកសហសេវិកទាំងអស់ពីសម្តីដែលគាត់បានស្រង់ពីរឿង “Animal Farm” ដែលសត្វ លើកពាក្យស្លោកថា “ជើង៤ល្អ ជើង២អាក្រក់” នោះ អាហ្នឹងខ្ញុំយល់ឃើញថា ពាក្យស្លោកហ្នឹង គឺជាការប្រៀបធៀប ហើយក៏បង្កប់នូវន័យអប់រំ ។
ប៉ុន្តែខ្ញុំមិនដែលអានពាក្យស្លោកហ្នឹង ហើយខ្ញុំមិនដែលប្រទះ អ៊ីចឹងខ្ញុំមិនហ៊ានបកស្រាយទេ គ្រាន់តែថា ពាក្យស្លោក មានន័យអប់រំ វាមានន័យធៀប វាមានន័យត្រង់អីអ៊ីចឹង ។ ប៉ុន្តែពាក្យស្លោកហ្នឹង ខ្ញុំចាប់អារម្មណ៍ ពីព្រោះខ្ញុំយល់ថា ឯកឧត្តមរដ្ឋមន្រ្តី លោកមានគំនិតជ្រាលជ្រៅ ហើយក៏លោកមានបទពិសោធន៍កម្រិតខ្ពស់ ក្នុងការដឹកនាំផ្នែកវិស័យព័ត៌មាន។ អ៊ីចឹងការដែលលោកយកពាក្យស្លោកហ្នឹង មកដាក់ហ្នឹង គឺប្រាកដជាបង្កប់នូវអត្ថន័យមួយជ្រាលជ្រៅ ដើម្បីឲ្យអ្នកកាសែតទាំងឡាយ ឬក៏អ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ហ្នឹងពិចារណា“ ។
លោកជុំ កុសល បន្តទៀត “ចំពោះឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថា អ្នកកាសែតទាំងអស់នឹងខិតខំចៀសវាងពីការប្រព្រឹត្តបែបខាងលើ ហើយរួមគ្នាកម្ចាត់ឲ្យបានពួកទុច្ចរិតជ្រកក្រោមផ្លាកសារព័ត៌មាន ដើម្បីសេចក្តីថ្លៃថ្នូរនៃអ្នកសារព័ត៌មានវិជ្ជាជីវៈទាំងអស់ក្នុងប្រទេសកម្ពុជាយើងនោះ ខ្ញុំគាំទ្រចំណុចហ្នឹង គឺមានតែយើងដែលជាអ្នកសារព័ត៌មានវិជ្ជាជីវៈ មានស្ថាប័នត្រឹមត្រូវ ខិតខំធ្វើយ៉ាងណាដើម្បីរក្សាឲ្យបានតទៅទៀតនូវសេចក្ដីថ្លៃថ្នូររបស់យើង ហើយការរួមគ្នាដើម្បីបំបាត់អ្នកសារព័ត៌មានដែលគ្មានវិជ្ជាជីវៈ ដែលសរសេរតែផ្ដាស ដែលយើងជាអ្នកសារព័ត៌មានវិជ្ជាជីវៈ យើងធ្វើយ៉ាងម៉េចចៀសឲ្យឆ្ងាយអំពីជនទាំងឡាយណាដែលវាមិនគប្បី ដែលវាមិនស័ក្ដិសម ដែលចូលក្នុងរបត់មួយនៃក្រុមអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈហ្នឹង ចៀសឲ្យឆ្ងាយទៅ អាហ្នឹងវាមិនអីទេ“ ។

គួរបញ្ជាក់ដែរថា កាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន មានការបើកពិធីបើកវគ្គបណ្តុះបណ្ដាលស្ដីពី “ក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន” ដល់សិក្ខាកាមសារព័ត៌មានចំនួន៩៥រូប មកពីបណ្ដារាជធានីខេត្ត និងមកពីក្រុមហ៊ុន Digital Sky Multimedia ។
លោក ហ៊ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការបណ្ដុះបណ្ដាលវិជ្ជាជីវៈសារព័ត៌មាន និងវិក្រឹតការនៃក្រសួងព័ត៌មាន បានលើកឡើងថា អ្នកសារព័ត៌មានគ្រប់រូបត្រូវតែមានវិជ្ជាជីវៈ និងក្រមសីលធម៌ក្នុងខ្លួនជានិច្ច ។
លោកហ៊ីវ ជននាថ បានគូសបញ្ជាក់ទៀតថា ដើម្បីអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលថា “កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត” ក្រសួងព័ត៌មាន បានសម្រេចរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ក្រោមប្រធានបទ “ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន” ដល់សិក្ខាកាមសារព័ត៌មានទាំងអស់ដើម្បីបង្កើនកម្ពស់វីជ្ជាជីវៈរបស់ខ្លួន និងដើម្បីអនុវត្តការងារឲ្យបានល្អប្រសើរ ក៏ដូចជាចូលរួមលើកកម្ពស់វិស័យព័ត៌មានរបស់ប្រទេសជាតិយើង ៕ កុលបុត្រ