ភ្នំពេញ ៖ គ្រួសារមួយរវល់ចេញទៅលក់ដូរនៅផ្សារ ចំណែកកូនៗចេញទៅសាលា បានចាក់សោផ្ទះចោល ស្រាប់តែត្រូវជនសង្ស័យធ្វើសកម្មភាពគាស់ផ្ទះចូលលួចយកទ្រព្យសម្បត្តិ លុយកាក់អស់ប្រមាណជិត៥ម៉ឺនដុល្លារ រួចរត់គេចខ្លួនបាត់ដោយសុវត្ថិភាព លុះម្ចាស់ផ្ទះត្រឡប់មកវិញ ទើបភ្ញាក់ផ្អើលឆោឡោប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។
ករណីចោរគាស់ផ្ទះលួចលុយជិត៥ម៉ឺនដុល្លារខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ៤១៨ ស្ថិតក្នុងភូមិ៣ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា បុរសម្ចាស់ផ្ទះខាងលើ បានរាយការណ៍ប្តឹងទៅអាជ្ញាធរ មានសមត្ថកិច្ចឱ្យដឹងថា មានចោរគាស់ផ្ទះគាត់ទាំងកណ្តាលថ្ងៃត្រង់ ស្របពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង។ ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលទួលទំពូង២ សហការជាមួយផ្នែកព្រហ្មទណ្ឌខណ្ឌចំការមន បានចុះមកត្រួតពិនិត្យផ្ទះកើតហេតុ ទើបទទួលបានពន្លឺថា ជនសង្ស័យមានគ្នា២នាក់ អាយុខ្ទង់៣០ឆ្នាំ ជិះម៉ូតូ១គ្រឿង មិនចាំម៉ាក មកឈប់នៅមុខផ្ទះជនរងគ្រោះ ហើយពេលនោះអ្នកជិតខាងឃើញដែរ តែមិនចាប់អារម្មណ៍ថាជាចោរ ស្មានតែគ្រួសារអ្នករងគ្រោះ ឱ្យមកបើកទ្វារយកសម្ភារៈ។

តាមសម្តីរបស់ជនរងគ្រោះឈ្មោះលៀង ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់២នាក់ប្តីប្រពន្ធបានចេញទៅលក់ដូរដូចសព្វដង រាល់ព្រឹក ទាល់តែល្ងាចបានមកវិញ ហើយពេលកូនចេញទៅសាលារៀន បានចាក់សោផ្ទះត្រឹមត្រូវ ចំនួន២ គឺក្នុង១ ក្រៅ១។

ស្រាប់តែមកដល់វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ពេលកូនត្រឡប់មកផ្ទះវិញ ឃើញទ្វារផ្ទះបើកចំហ ទើបបង្កការភ្ញាក់ផ្អើលទូរស័ព្ទមកប្រាប់ឪពុកថា មានចោរគាស់ផ្ទះលួចយកតុឈើចំនួន១ ក្នុងនោះមានគ្រឿងអលង្ការមួយចំនួន សរុបទឹកប្រាក់ប្រហែល៧ពាន់ដុល្លារ លុយចំនួន៦០លានរៀល និង១៥០០០ដុល្លារ។ ចំណែកសម្ភារៈខូចខាត រួមមាន សោទ្វារផ្ទះចំនួន២ ខូចធ្លុះធ្លាយទាំងអស់។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីតាមចាប់ខ្លួនជនសង្ស័យ នាំយកមកផ្តន្ទាទោសតាមច្បាប់៕