Sunday, August 24, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន សម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្ស ដំបូងនៅកម្ពុជា

សម្តេចហ៊ុន សែន សម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្ស ដំបូងនៅកម្ពុជា

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត “ព្រីនស៍ ម៉ាណ័រ” ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។

តាមរបាយការណ៍របស់ក្រុមហ៊ុន បានឲ្យដឹងថា មជ្ឈមណ្ឌលកម្សាន្ត “ព្រីនស៍ ម៉ាណ័រ” គឺជាគម្រោងសួនកម្សាន្តខ្នាតយក្សដំបូងគេនៅក្នុងប្រទេសកម្ពុជា ចម្ងាយជាង២០គីឡូម៉ែត្រ ពីកណ្តាលរាជធានីភ្នំពេញ។

មជ្ឈមណ្ឌលកម្សាន្ត “ព្រីនស៍ ម៉ាណ័រ” ជាការវិនិយោគរបស់ក្រុមហ៊ុន “ព្រីនស៍ ខលឈ័រ អេន ធួរីហ្សឹម ឌីវេឡុបម៉ិន ឯ.ក” ដោយគ្របដណ្តប់លើផ្ទៃដីទំហំជាង១៣ហិកតារ ជាមួយគម្របរុក្ខជាតិបៃតង ចំនួន៨៨ភាគរយ។

មជ្ឈមណ្ឌលកម្សាន្ត “ព្រីនស៍ ម៉ាណ័រ” ជារមណីយដ្ឋានអេកូឡូស៊ីខ្នាតអន្តរជាតិមួយ ដែលផ្តល់ជូនភ្ញៀវទេសចរនូវការសម្រាកលម្ហែកាយវិស្សមកាលជាមួយទេសភាពស្រស់បំព្រង ការកម្សាន្តលក្ខណៈគ្រួសារ និងទេសចរណ៍លក្ខណៈពិសេស ដែលរួមបញ្ចូលនូវសួនផ្កាចម្រុះពណ៌ សួនកម្សាន្ដរីករាយ បន្ទប់ស្នាក់នៅបែបផ្ទះឈើ និងអាហារឆ្ងាញ់ៗនៅក្នុងទីតាំងតែមួយ។

មជ្ឈមណ្ឌលកម្សាន្ត “ព្រីនស៍ ម៉ាណ័រ” មានគម្រោងកម្សាន្ត ដូចជា ការកម្សាន្តបែបផ្សងព្រេង រំភើប កក់ក្តៅ និងពោរពេញដោយមនោសញ្ចេតនា។ មជ្ឈមណ្ឌលកម្សាន្ត “ព្រីនស៍ ម៉ាណ័រ” ក៏មានកងវិល កម្ពស់៨៨ម៉ែត្រ ដែលប្រៀបដូចជាភ្នែកនៃទីក្រុងភ្នំពេញ រួមជាមួយពិភពទឹកកម្សាន្តព្រីនស៍ ដែលមានទំហំប្រមាណ១ហិកតារ ទីវាលប្រណាំងឡានប្រកបដោយស្តង់ដារ និងសួនរុក្ខជាតិអេកូឡូស៊ី ជាដើម។

សម្តេចហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានអញ្ជើញមកចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត “ព្រីនស៍ ម៉ាណ័រ” នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នេះ។ សម្តេចបន្តថា នេះជាមោទនភាពមួយដែលកម្ពុជា មានកន្លែងកម្សាន្តបែបទេសចរណ៍អន្តរជាតិនេះ ដែលក្រុមហ៊ុនបានចំណាយទុនវិនិយោគចំនួនប្រមាណ៨៥លានដុល្លារ ដែលជាទុនវិនិយោគដ៏ធំមួយក្នុងប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលកម្សាន្តលំដាប់អន្តរជាតិ ប្រកបដោយភាពទាក់ទាញ នៅទិសខាងកើតនៃរាជធានីភ្នំពេញ។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ បានបង្កនូវផលប៉ះពាល់ដល់យើងមែន តែកូវីដ-១៩ មិនអាចរារាំងដល់ការអភិវឌ្ឍ និងសម្លាប់យើងបាននោះទេ។ សម្តេចបន្តថា វិស័យទេសចរណ៍ក្នុងវិបត្តិកូវីដ នេះ គឺភ្ញៀវទេសចរមិនអាចចេញទៅកម្សាន្តនៅក្រៅប្រទេសនោះទេ ដូច្នេះហើយ ជាឱកាសដែលឲ្យពួកគាត់បានដើរកម្សាន្តនៅតំបន់ទេសចរណ៍ក្នុងស្រុក ដែលជាការផ្តល់ចំណូលក្នុងវិស័យនេះ។

ជាក់ស្តែង សម្តេចបានមានប្រសាសន៍លើកឡើងថា គ្រាន់តែថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំ ៩ថ្ងៃ មានភ្ញៀវទេសចរដើរលេងក្នុងស្រុក ប្រមាណ១លាន៦សែននាក់ ទៅតាមកន្លែងទេសចរណ៍សំខាន់ៗ។ សម្តេចបញ្ជាក់ថា យើងកំពុងជំរុញការអភិវឌ្ឍទេសចរណ៍ក្នុងស្រុកឲ្យបានច្រើន ជាពិសេស ត្រូវខិតខំបង្កើតតំបន់ទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីកំណើនសេដ្ឋកិច្ចយើងនាពេលខាងមុខ៕

RELATED ARTICLES