Saturday, August 23, 2025
Homeព័ត៌មានជាតិស៊ីមួយឆ្អែត ផឹក​ ABC ១កេស យកទៅក្រៅ២កេស គិតលុយអស់ជាង៥០មុឺន... ដាក់មេប្រូចបាត់

ស៊ីមួយឆ្អែត ផឹក​ ABC ១កេស យកទៅក្រៅ២កេស គិតលុយអស់ជាង៥០មុឺន… ដាក់មេប្រូចបាត់

ខេត្តតាកែវ ៖ ម្ចាស់ហាងផឹកស៊ីមួយកន្លែងនៅម្តុំផ្សារអង្គតាសោម ខេត្តតាកែវ បានទម្លាយពីល្បិចបោកប្រាស់ថ្មីរបស់បុរសម្នាក់ ដែលបានចូលមកផឹកស៊ីនៅក្នុងហាងរបស់ខ្លួន មួយឆ្អែត និងថែមទាំងឆបោកយកស្រាបៀរ ABC អស់ចំនួន ៣កេសថែមទៀត បន្ទាប់មកបានរកវិធីគេចខ្លួនបាត់ ទើបម្ចាស់ហាងសម្រេចបកស្បែកមុខទម្លាយទាំងមុខមាត់ និងគណនីហ្វេសប៊ុករបស់បុរសរូបនោះ តាមបណ្តាញសង្គមហ្វេសប៊ុក ដើម្បីជាការជូនដំណឹងដល់ម្ចាស់ហាងផ្សេងៗទៀត ឲ្យប្រយ័ត្នចំពោះល្បិចបោកប្រាស់របស់ជននេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះជាម្ចាស់ហាងដែលមានគណនីហ្វេសប៊ុកឈ្មោះ Chantha Han បានបង្ហោះសារមួយនៅលើបណ្តាញសង្គម ហ្វេសប៊ុក រៀបរាប់ពីល្បិចកលរបស់ជនសង្ស័យម្នាក់ ព្រមទាំងបានបង្ហាញមុខមាត់ និងគណនី ហ្វេសប៊ុករបស់ជនសង្ស័យឈ្មោះ ជាសុផា ណាលិ ទៀតផង។

ជនរងគ្រោះជាម្ចាស់ហាង បានរៀបរាប់ពីល្បិចបោកថ្មីរបស់ជនសង្ស័យខាងលើថា “ជនបោកប្រាស់ តាមបណ្តាហាងទាំងអស់នៅផ្សារអង្គតាសោម សូមប្រុងប្រយ័ត្ននឹងបុគ្គលម្នាក់នេះ។

កាលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ បុគ្គលម្នាក់នេះ បានចូលហាងរបស់ខ្ញុំ ធ្វើជាចិត្តល្អ ប៉ាវភ្ញៀវដែលអង្គុយតុផ្សេង ប៉ាវម្ហូប ប៉ាវស្រា ថាខ្លួនជាអ្នកចេញ រួចធ្វើជាទៅនិយាយទូរស័ព្ទ ហៅកង់បីឱ្យយកស្រា ABC ២កេស យកទៅជូនអធិការដ្ឋានស្រុកត្រាំកក់ និងសល់ស្រា ABC ១កេសទៀត វាថាទុកផឹកជាមួយមេៗដែលមក និងប៉ាវភ្ញៀវដែលអង្គុយក្បែរ បន្ទាប់មក បុគ្គលម្នាក់នេះថា មានមេមេប៉ូលិស ៤នាក់ មកហាង ឱ្យរង់ចាំសិន។

បន្ទាប់មកបុគ្គលម្នាក់នេះ ឱ្យខ្ញុំគិតលុយមុនសិន បន្ទាប់មក ធ្វើជានិយាយទូរស័ព្ទថា ចេញទៅយកមេៗ នឹងឱ្យលុយ រយៈពេលជាង ១០នាទី បុគ្គលម្នាក់នេះ រត់បាត់ស្រមោល…”។

ជនរងគ្រោះជាម្ចាស់ហាងខាងលើ បានបន្តថា “លុះដល់ថ្ងៃទី០៥ ខ្ញុំបានសើុបសួរលោកពូកង់បី ដែលបានដឹកស្រា គាត់ប្រាប់ថា ស្រាដែលយកទៅ គឺយកទៅលក់ខាងលិចផ្លូវបំបែកជាបួន ខ្ញុំបានព្យាយាមទាក់ទងទៅបុគ្គលម្នាក់នេះ តែពេលដែលខលចូល គឺចុចបិទរហូត។ បើសិនជាបងប្អូនណាបានឃើញបុគ្គលនេះ សូមទំនាក់ទំនងមកលេខ ០៨៦ ៣៧៤ ៧៧៣ និង ០១០ ៥៦ ៥៤ ១៩ សូមអរគុណ សូមជួយស៊ែរម្នាក់មួយផងបងប្អូន…”។

ជុំវិញការចោទប្រកាន់ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួន ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះជាសុផា ណាលិ បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES