Saturday, August 23, 2025
Homeព័ត៌មានជាតិស៊យពេកហើយ... ធ្វើសកម្មភាពប៉ះចំថ្ងៃម្ចាស់គេមកលេងផ្ទះតែម្តង

ស៊យពេកហើយ… ធ្វើសកម្មភាពប៉ះចំថ្ងៃម្ចាស់គេមកលេងផ្ទះតែម្តង

ខេត្តស្ទឹងត្រែង ៖ ចោរស្ទើរភ្លើងម្នាក់ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសេសាន ក្រោយពីធ្វើសកម្មភាពគាស់ទ្វារបន្ទប់ផ្ទះគេ បំណងចូលលួចទ្រព្យសម្បត្តិ ពេលម្ចាស់ផ្ទះមិននៅ តែគាប់ជួនម្ចាស់ផ្ទះត្រឡប់មកវិញទាន់ ចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចវាលរំពេ ភូមិកាតូត ឃុំកំភុន ស្រុកសេសាន។

ជនសង្ស័យដែលលួចគាស់ផ្ទះគេ ជាប់ខ្នោះនោះ មានឈ្មោះសៅ សារុំ ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

តាមការរៀបរាប់ឱ្យដឹងពីម្ចាស់ផ្ទះ ឈ្មោះគង់ សូនីកា ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានប្រាប់សមត្ថកិច្ចថា គាត់ពុំសូវបាននៅនោះទេ គឺគាត់ទុកចោល យូរៗមកមើលម្តង គឺគាត់ច្រើនតែរស់នៅជាមួយឪពុកនៅឯខេត្ត តែសំណាងល្អ ថ្ងៃកើតហេតុខាងលើ គាត់បានមកមើលផ្ទះ ក៏ប្រទះឃើញចោរកំពុងធ្វើសកម្មភាពគាស់ផ្ទះ ក៏បានស្រែកហៅអ្នកភូមិ មកជួយធ្វើអន្តរាគមន៍ ចាប់ចោរនោះបាន ហើយរាយការណ៍ទៅនគបាលប៉ុស្តិ៍កំភុន មកទទួលយកទៅសួរចម្លើយ ។

លោកលុន ធី នាយរងប៉ុស្តិ៍កំភុន បានឱ្យដឹងថា ក្រោយចោរធ្វើសកម្មភាពគាស់ផ្ទះអ្នកភូមិនៅចំណុចខាងលើ ហើយម្ចាស់ផ្ទះចាប់ចោរបាន រួចរាយការណ៍មកលោក លោកក៏បាននាំកម្លាំងចុះដល់ទីតាំងកើតហេតុភ្លាមៗតែម្តង ដើម្បីទទួលយកជនសង្ស័យ រួមនិងវត្ថុតាង ម៉ូតូមួយគ្រឿង ដែលជារបស់ជនសង្ស័យខាងលើ។  ជនសង្ស័យខាងលើ បានធ្វើសកម្មភាពគាស់ផ្ទះជនរងគ្រោះដែលមិនបាននៅទុកចោល យូរៗមកមើលម្តង ដោយទៅនៅជាមួយឪពុកម្តាយនៅឯខេត្ត។

លោកបន្តថា ជនសង្ស័យ មិនបានឆ្លើយសារភាពច្រើនទេ គ្រាន់តែឆ្លើយយករួចខ្លួនថា គេចូលមកបម្រុងដេកលេងទេ។ លោកថា នេះជាការឆ្លើយដោះសារបស់ជនសង្ស័យខាងលើនេះតែប៉ុណ្ណោះ ព្រោះតាមការពិនិត្យជាក់ស្តែង ឃើញមានគាស់សោដាច់ចេញពីទ្វារ ទាំងពីរបន្ទប់  តែដោយសារម្ចាស់ផ្ទះ ចាក់សោពីរជាន់ ទើបមិនងាយគាស់ចូលបាន លុះខណៈដែលកំពុងតែធ្វើសកម្មភាព ចំថ្ងៃស៊យ ម្ចាស់គេមកទាន់ ក៏ចាប់ក្របួចជាប់តែម្តង។

ក្រោយធ្វើការសាកសួររួចមក ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគបាលស្រុកសេសាន ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES