Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិអាកាស​​យាន្ត​​ដ្ឋាន​​កង​​កេង ត្រូវ​​ការ​​ទំហំ​​ទុន​​រាប់​​លាន​​ដុល្លារ

អាកាស​​យាន្ត​​ដ្ឋាន​​កង​​កេង ត្រូវ​​ការ​​ទំហំ​​ទុន​​រាប់​​លាន​​ដុល្លារ

កំណើនអ្នកទេសចរណ៍ទៅកាន់ខេត្តព្រះសីហនុកើនឡើង បានរុញអោយព្រលានយន្តហោះកងកេងនៅក្នុងខេត្តនេះ កាន់តែមានសកម្មភាពខ្លាំងក្នុងការចុះចត និងដឹកអ្នកដំណើរចាកចេញពីខេត្តមួយនេះ ដើម្បីបង្កភាពងាយស្រួល។ មន្ត្រីទទួលបន្ទុកបានអះអាងថាយ៉ាងយូរ១០ឆ្នាំក្រោយ បើព្រលានយន្តហោះមួយនេះ មិនមានវិសាលភាពធំទូលាយតាមការគ្រោងទុកនោះទេ នោះកំណើនអ្នកទេសចរណ៍ដែលបន្តកើនឡើងនៅខេត្តព្រះសីហនុ នឹងមានផលប៉ះពាល់ជាក់ជាមិនខាន។ អ៊ីចឹងហើយទើបព្រលានយន្តហោះមួយនេះ ត្រូវការទុនវិនិយោគរហូតដល់រាប់សិនលានដុល្លារទៀតឯណោះ ទើបអាចរក្សាចរន្តឈានឡើង។

sihanouk_airport

លោកស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានថ្លែងមុននេះបន្តិចថា ទន្ទឹមនឹងការកើនសន្ទុះនៅព្រលានយន្តហោះភំពេញ និងខេត្តសៀមរាប នៅបរិវេណព្រលានយន្តហោះអន្តរជាតិកងកេង ក៏មានសកម្មភាពខ្លាំងក្លាផងដែរ បន្ទាប់ពីខេត្តព្រះសីហនុ បានប្រែមុខមាត់ថ្មីមានឆ្នេរស្អាតបំផុតរបស់ពិភពលោក និងបន្ទាប់ពីទឹកដីខេត្តនេះ ត្រូវបានអភិវឌ្ឍន៍តំបន់កោះដើម្បីទាក់ទាញអ្នកទេសចរណ៍។ លោកអ្នកទេសចរណ៍កាន់តែមានចំនួនច្រើនឡើងនាពេលចុងក្រោយដោយសារតែកំណើនអ្នកចុះទៅកម្សាន្តច្រើនឡើង។ បើទោះជាអ្នកទេសចរណ៍បរទេសទៅកាន់តំបន់នោះមានតិចជាងភ្ញៀវខ្មែរនៅឡើយ ក៏លោកយល់ថាក្នុងពេលខាងមុខនឹងមានអ្នកមានចំណូលចិត្តជិះយន្តហោះទៅលេងខេត្តព្រះសីហនុច្រើនជាងធ្វើដំណើរដោយរថយន្ត ប្រសិនបើជើងហោះហើរទៅកាន់ព្រលានយន្តហោះកងកេងកាន់តែមានវិសាលភាព និងមានយុទ្ធសាស្រ្តទាក់ទាញអ្នកដំណើរបានខ្លាំងមិនខុសពីជើងហោះហើរទៅខេត្តសៀមរាប។ លោកមើលឃើញថាព្រលានយន្តហោះកងកង នឹងក្លាយជាព្រលានយន្តហោះដែលមានសក្កានុពលធំធេងជាងគេក្នុងពេលដ៏ខ្លី ដោយសារតែទីតាំងនោះគឺជាចំណុចប្រសព្វនៃតំបន់កម្សាន្តដូចជាខេត្តកំពត កែប និងតំបន់ក្បែរខាងក្នុងខេត្តព្រះសីហនុ។

ari

លោកថាក្នុងរង្វង់ឆ្នាំ២០២៦ ឬ២០៣០យ៉ាងយូរ ព្រលានយន្តកងកេងត្រូវតែក្លាយជាព្រលានយន្តហោះ ដែលមានសកម្មភាពបម្រើអោយអ្នកទេសចរណ៍ និងអ្នកចូលចិត្តធ្វើដំណើរជាងគេ ដោយសារតែក្នុងពេលនោះមានការរំពឹងថាអ្នកទេសចរណ៍ នឹងចុះទៅលេងខេត្តនោះមិនក្រោមលាននាក់ ដោយសារតែភាពទាក់ទាញនៃតំបន់កោះ និងឆ្នេរដែលក្រសួង និងស្ថាប័នពាក់ព័ន្ធធ្វើការរៀបចំអោយក្លាយជារមណីដ្ឋានទាក់ទាញ។ លោកថាកម្ពុជាត្រូវការមិនតិចជាងលានដុល្លារនោះទេ ដើម្បីពង្រីក និងអភិវឌ្ឍន៍ព្រលានយន្តហោះមួយនេះ ដើម្បីឆ្លើយតបនឹងកំណើនទេសចរណ៍នៅពេលខាងមុខ។ ក្រសួង និងស្ថាប័នដែលធ្វើការទៅលើគម្រោងដ៏ធំមួយនេះ នឹងធ្វើផែនការអភិវឌ្ឍន៍អោយបានកាន់តែឆាប់ ដោយអ្វីដែលលោករំពឹងទុកគឺព្រលានយន្តហោះកងកងនឹងក្លាយជាទីតាំងចុះចតយន្តហោះធំជាងនៅកម្ពុជានៅអំឡុង១០ទៅ១៥ឆ្នាំទៀតនោះផង។ លោកបានពន្យល់ហេតុផលជាច្រើន ដែលអាចអោយព្រលានយន្តហោះមួយនេះក្លាយជាចតជាប់លាប់ហើយនាពេលនេះ ដែលបាន ធ្វើឲ្យ ខេត្តជាប់មាត់សមុទ្រមួយនេះ កាន់តែមានសក្តានុពលលើការអភិវឌ្ឈន៍របស់ខ្លួនបន្ថែមទៀត។លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍៍ស៊ីវិល បន្តបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើន បានធ្វើការហោះហើរជាប់លាប់ទៅកាន់ខេត្តព្រះសីហនុ ដូចជាក្រុមហ៊ុនអាកាសចរណ៍បាយ័នអ៊ែរទ្បាញក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ ក្រុមហ៊ុនស៊ីលអ៊ែរ ក្រុមហ៊ុនSKY Angkor Air  និងក្រុមហ៊ុនមួយចំនួនទៀត ទើបធ្វើអោយព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុអ៊ូរអរជាងមុន។

លោកយន្ត មីន អភិបាលខេត្តព្រះសីហនុ បានអះអាងថាព្រលានយន្តហោះអន្តរជាតិកងកេង មិនមែនសម្រាប់តែអ្នកទៅកម្សាន្តនោះទេ តែសម្រាប់ភ្ញៀវទៅក្នុងបំណងការងារ និងមុខជំនួញក៏នឹងមានចំនួនច្រើនផងដែរ ជាពិសេសបន្ទាប់ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ត្រូវបានដំឡើងសមត្ថភាពអោយក្លាយជាកំពង់ផែអន្តរជាតិទ្រង់ទ្រាយធំជាងមុននៅក្នុងតំបន់អាស៊ាន។ ទឹកដីខេត្តនេះ ក៏ជាទីប្រជុំដោយអ្នកជំនួញទាំងជាតិ និងអន្តរជាតិផងដែរ ទើបជាការជាក់ស្ដែង គឺចរាចរណ៍ក្នុងការឡើងចុះទៅកាន់ខេត្តព្រះសីហនុនឹងមានកំណើនខ្ពស់ក្នុងរយៈពេលដ៏ខ្លី។ លោកថាសក្កានុពលព្រលានយន្តហោះកងកេង នឹងជួយអោយលំហូរអ្នកចេញចូលខេត្តព្រះសីហនុកើនឡើង ហើយវាច្បាស់ណាស់ថា មិនហួសពី១០ឆ្នាំខាងមុខ គឺតម្រូវការរបស់ភ្ញៀវនឹងត្រូវតែបង្ខំអោយព្រលានយន្តហោះមួយនេះ ក្លាយជាទីចុះចតរបស់អ្នកដំណើរធំមួយនៅកម្ពុជា។

លោក ហូ វណ្ឌី ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជានាយកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនទេសចរណ៍ World express& Travel បានថ្លែងថា ការហោះហើរ និងចុះចតរបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងជាតិ និងអន្តរជាតិ មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែជាការរៀបចំដើម្បីអោយការធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុមានការឈានឡើង។ លោកសម្លឹងឃើញថាព្រលានយន្តហោះកងកេងនឹងក្លាយជាអាកាសយាន្តដែលមានកម្រិតអន្តរជាតិ ហើយមានវិសាលភាពធំមិនខុសគ្នានឹងព្រលានយន្តអន្តរជាតិភ្នំពេញ ដោយសារតែចរន្តនៃការអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុកាន់តែប្រែប្រួលខ្លាំង។ លោកថា ព្រលានយន្តហោះមួយនេះដាច់ខាតត្រូវតែពន្លឿនការសាងសង់ ដើម្បីអោយបណ្ដាក្រុមហ៊ុនទេសចរណ៍នានាចាប់អារម្មណ៍ហោះហើរ ហើយបើមានការហោះហើរច្រើនឡើង គឺជាច្បាស់ណាស់ថានឹងមានអ្នកទេសចរណ៍ ក៏ដូចជាអ្នកដំណើរចាប់អារម្មណ៍។

មន្ត្រីរដ្ឋាភិបាលបានអះអាងថាផ្អែកតាមផ្ទៃដីដែលមានស្រាប់ បើព្រលានយន្តកងកេងត្រូវបានអភិវឌ្ឍន៍ គឺនឹងក្លាយជាព្រលានយន្តហោះធំជាងគេនៅកម្ពុជា។ ប៉ុន្តែមិនទាន់ច្បាស់ថាស្ថានភាពនោះ នឹងកើតឡើងពេលណានោះទេ ដោយសារតែគម្រោងទាំងមូលត្រូវការទឹកប្រាក់រហូតដល់ច្រើនលានដុល្លារដើម្បីអភិវឌ្ឍន៍៕

ដោយ ៖ ប៉េង លី

RELATED ARTICLES