Saturday, August 23, 2025
Homeព័ត៌មានជាតិពូកែរកនឹកឃើញ... តាំងរូបចម្លាក់ព្រះសិរសាព្រះបាទជយវរ្ម័នទី៧ លើរបង

ពូកែរកនឹកឃើញ… តាំងរូបចម្លាក់ព្រះសិរសាព្រះបាទជយវរ្ម័នទី៧ លើរបង

ខេត្តព្រះសីហនុ ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលមួយ ខណៈដែលសណ្ឋាគារមួយ ស្ថិតនៅកណ្តាលក្រុងព្រះសីហនុ បានយករូបចម្លាក់ព្រះសិរសាព្រះបាទជយវរ្ម័នទី៧ អតីតព្រះមហាវីរក្សត្រ ជាទីសក្ការ:របស់ប្រជាជាតិកម្ពុជា ទៅតាំងលើចុងរបងថ្ម ជិតទ្វារចេញចូលសណ្ឋាគារ បង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន និងត្រូវបានអាជ្ញាធរចាត់វិធានការភ្លាមៗ។

សណ្ឋាគារដែលតាំងព្រះសិរសាព្រះបាទជយវរ្ម័នទី៧ លើរបងនោះ មានយីហោ នេតឈ័រ ឡាយហ៍ (Nature Life Hotel) មានទីតាំងស្ថិតនៅក្រុងព្រះសីហនុ។

តាមប្រភពពីមន្ត្រីសាលាខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យក្រុមមន្ត្រីជំនាញ នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈមន្ទីរទេសចរណ៍ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅសម្របសម្រួលឱ្យម្ចាស់សណ្ឋាគារ ដករូបចម្លាក់ព្រះសិរសាព្រះបាទជយវរ្ម័នទី៧ ចេញពីរបង ទៅតម្កល់ទុក ឬដាក់តាំងបង្ហាញភ្ញៀវទេសចរ ឱ្យបានសមរម្យ នៅផ្នែកខាងក្នុងសណ្ឋាគារវិញ ដើម្បីរក្សាឱ្យបាននូវតម្លៃវប្បធម៌ ប្រពៃណីរបស់ខ្មែរ។

ក្រោយទទួលបានការណែនាំ និងសម្របសម្រួលពីក្រុមមន្ត្រីខាងលើ ម្ចាស់សណ្ឋាគារ នេតឈ័រ ឡាយហ៍ ក៏បានសុំការអភ័យទោស និងយល់ព្រមអនុវត្តតាមការណែនាំរបស់ក្រុមមន្ត្រី ព្រមទាំងបានសន្យាថា មិនធ្វើឱ្យប៉ះពាល់ដល់តម្លៃវប្បធម៌ ដូច្នេះទៀតឡើយ៕

RELATED ARTICLES