Saturday, August 23, 2025
Homeតារាខ្មែរព្រីង ច័ន្ទបុត្រ ផ្អែមល្ហែមស្នេហ៍ កញ្ញាវ៉ាន់ នីឡា សុំខ្មាស

ព្រីង ច័ន្ទបុត្រ ផ្អែមល្ហែមស្នេហ៍ កញ្ញាវ៉ាន់ នីឡា សុំខ្មាស

អតីតតារាសម្ដែងលោកព្រីង សំរួច ហៅព្រីង ច័ន្ទបុត្រ ឬនាយចេក នោះ កំពុងតែបង្ហាញសេចក្ដីសុខបំផុតក្នុងជីវិត តាមរយៈការរកបានសង្សារថ្មីជាអ្នកមេម៉ាយទ្រព្យស្ដុកម្នាក់ ដែលគេស្គាល់ថា ជាម្ដាយក្មេករបស់តារាកំប្លែងរូបស្រស់ នៅ CTN កញ្ញាវ៉ាន់ នីឡា គឺមានន័យថា នាយចេក នឹងក្លាយទៅជាឪរបស់វ៉ាន់ នីឡា។

នាយចេក បានដឹកដៃគូស្នេហ៍ថ្មីទៅចុះអេតាស៊ីវិល (សំបុត្រអាពាហ៍ពិពាហ៍) តាំងពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ជំនួសឲ្យការរៀបអាពាហ៍ពិពាហ៍ ហើយពេលនេះគូស្នេហ៍ខុសវ័យកំពុងតែបង្ហាញភាពផ្អែមល្ហែមមិនចាញ់ស្នេហាយុវវ័យឡើយដូចជា អ្នកទាំង២ ​ឱបគ្នានៅសួនច្បារយ៉ាងស្អិតល្មួត ធ្វើឲ្យកញ្ញាវ៉ាន់ នីឡា ដែលជាកូនស្រីសុំខ្មាសនឹងស្នេហាវ័យចំនាស់មួយគូនេះ។

នាយចេក ថែមទាំងបណ្ដើរប្រពន្ធថ្មីទៅសុំពរជ័យពីព្រះតេជគុណ គូ សុភាព នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ទៀតផង ដែលបញ្ជាក់ថា ពួកគេទាំង២នាក់ ច្បាស់លាស់ជាមួយគ្នាណាស់ ហើយចង់ឲ្យចំណងស្នេហាមួយនេះរក្សាបានភាពយូរអង្វែង ដល់ចាស់កោងខ្នងតែម្ដង។

តាមព័ត៌មានថា ពេលនេះ នាយចេក ត្រូវបានតារាកំប្លែង វ៉ាន់ នីឡា ហៅថា ”ប៉ា” ទៅហើយ ខណៈអតីតតារាសម្ដែងរូបនេះរីករាយខ្លាំងណាស់ នៅពេលដែលបានធ្វើជាដន្លងជាមួយលោកតាវ៉ិចទ័រ។

ទោះជាយ៉ាងណា គេកត់សម្គាល់ថា នេះមិនមែនជាលើកទី១ឡើយ ដែលនាយចេក ប៉ះស្នេហ៍អ្នកមេម៉ាយនោះ តែជាច្រើនលើកច្រើនសាហើយ ដែលក្រោយពីអតីតអ្នកសម្ដែងរូបនេះ ប្រេះឆាស្នេហ៍ជាមួយស្រីស្អាតហ៊ិន ច័ន្ទនីរ័ត្ន មក គេឃើញនាយឆ្វាក់តែមេម៉ាយជាងក្រមុំតែម្ដង។

នាយចេក ធ្លាប់ភ្ជាប់ស្នេហាជាមួយប្អូនថ្លៃលោកផ្កាយ៤ គន់ គីម តែចំណងស្នេហ៍នោះបានតែមួយផ្សេងបារី ក៏រលត់ទៅវិញ ធ្វើឲ្យនាយដេករងារកាយាតែម្នាក់ឯង ទើបពេលនេះប៉ះស្នេហ៍អ្នកមេម៉ាយទ្រព្យស្ដុក នាយប្រញាប់រត់ទៅចុះអេតាស៊ីវិលតែម្ដង ដើម្បីកុំឲ្យដើរជាន់ដានចាស់ទៀត។

យ៉ាងណា មហាជនរង់ចាំមើលថា តើចំណងស្នេហាខុសវ័យរវាងនាយចេក និងប្រពន្ធថ្មី អ្នកនាងសរ មុន្នីរស្មី នេះ អាចរក្សារបានភាពយូរអង្វែងបានដែរឬទេ?៕

RELATED ARTICLES