Saturday, August 23, 2025
Homeព័ត៌មានជាតិរៀបការបាន៩ខែ ប្រពន្ធស្លាប់ចោល ប្តីយំឱបសព ប្រាថ្នាជួបអូនទៀត

រៀបការបាន៩ខែ ប្រពន្ធស្លាប់ចោល ប្តីយំឱបសព ប្រាថ្នាជួបអូនទៀត

ខេត្តកណ្តាល ៖ ប្តីប្រពន្ធវ័យក្មេងមួយគូទើបតែបានរៀបការ រួមរស់ជាមួយគ្នាបាន៩ខែ ស្រាប់តែស្ត្រីជាប្រពន្ធស្លាប់ចោល ធ្វើឲ្យបុរសជាប្តីយំបោកខ្លួនអង្រួនសពប្រពន្ធ ទួញសោកថា “ហេតុអីអូនទៅចោលបង ប្រពន្ធសម្លាញ់ បើមានជាតិក្រោយ បងប្រាថ្នាជួបអូនជាប្តីប្រពន្ធនឹងគ្នាទៀត”។

ស្ត្រីជាប្រពន្ធដែលស្លាប់ចោលប្តីទាំងវ័យក្មេងនោះ មានឈ្មោះ ជន់ ចិន្តា អាយុជាង២០ឆ្នាំ រស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមប្រភពបុរសជាប្តីរបស់សព​បានឲ្យដឹងថា ប្រពន្ធរបស់លោកមានជំងឺលើសជាតិស្ករ (ទឹកនោមផ្អែម) ហើយបានទទួលមរណាភាពនៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី០៤ ខែតុលា​ឆ្នាំ២០២០ ហើយសពត្រូវបានបូជានៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។

តាមប្រភពសាច់ញាតិ បានឲ្យដឹងថា​ ការស្លាប់របស់ស្ត្រីវ័យក្មេងខាងលើ ធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិ មានការសោកស្តាយជាពន់ពេក ជាពិសេសនៅថ្ងៃនាងស្លាប់ អ្វីដែលគួរឲ្យសង្វេគនោះ គឺនៅពេលឃើញបុរសជាប្តីរបស់សពបានទួញយំ ដាស់អង្រួនសពស្ត្រីជាប្រពន្ធ ហើយប្រាថ្នាជាតិក្រោយជួបគ្នាជាប្តីប្រពន្ធទៀត កុំឲ្យនាងអាយុខ្លីដូចជាតិនេះ។

នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ភ្លាមៗ ក្រោយពេលប្រពន្ធស្លាប់ បុរសជាប្តី​បានបង្ហោះរូបភាពសពប្រពន្ធ រូបភាពរៀបការ និងរូបភាពអនុស្សាវរីយ៍ផ្អែមល្ហែម ស្និទ្ធស្នាលស្នេហាជាមួយប្រពន្ធ ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ជាមួយសំណេរថា “ហេតុអ្វីអូនទៅចោលបង? យើងមាននិស្ស័យ តែមិនរស់នៅជាមួយគ្នាបានរហូត ដោយសារតែជំងឺទើបអូនចាកចោលបង ប្រពន្ធសម្លាញ់ មានឮបងហៅអូនទេ? ងើបមក, បងនៅត្រង់នេះចាំអូន, បងស្រលាញ់អូន! ប្រពន្ធសម្លាញ់ … សង្ឃឹមថាមានជាតិក្រោយ យើងជួបគ្នាទៀត កុំឲ្យដូចជាតិនេះ… ប្រពន្ធសម្លាញ់”។

បុរសជាប្តីដដែល បានសរសេរបន្ថែមថា “RIP ប្រពន្ធសម្លាញ់, សុំឲ្យអូនទៅបានសេចក្ដីសុខ, បើមានជាតិក្រោយ យើងនឹងក្លាយជាប្តីប្រពន្ធនឹងគ្នាទៀតណាប្រពន្ធសម្លាញ់ (ជន់ ចិន្តា ភរិយារបស់បង)”។

នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ បុរសដដែលបានសរសេរបន្ថែមទៀតថា​ “ខ្ញុំបាទជាប្តីរបស់សពឈ្មោះជន់ ចិន្តា ដែលត្រូវជាប្រពន្ធរបស់ខ្ញុំ ដែលបានទទួលមរណភាពនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១:០០នាទី ថ្ងៃត្រង់ សូមថ្លែងអំណរអរគុណដល់ក្រុមហ៊ុន Speed Wind  (ដែលជាក្រុមហ៊ុនប្រពន្ធរបស់ខ្ញុំធ្វើការ) និងក្រុមការងារទាំងនៅភ្នំពេញ និងនៅតាមបណ្តាខេត្ត ជាពិសេសម្ចាស់ក្រុមហ៊ុន Speed Wind ឈ្មោះ Dalton Wong ដែលបានចូលជាថវិកាមកដល់ខ្ញុំបាទជាប្តី និងគ្រួសារប្រពន្ធរបស់ខ្ញុំ ទុកសម្រាប់ធ្វើបុណ្យសព។ សូមឲ្យក្រុមហ៊ុនរីកចម្រើនទៅមុខជារៀងរហូត និងបុគ្គលិកក្រុមហ៊ុនទាំងអស់ មានសុខភាពល្អសំណាងល្អក្នុងជីវិត”។

នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ដែលជាថ្ងៃបូជាសពស្ត្រីជាប្រពន្ធ និងជាថ្ងៃលាគ្នាចុងក្រោយ បុរសជាប្តីបានបង្ហោះរូបភាពពិធីបូជាសពប្រពន្ធ ក្នុងគណនីបណ្តាញសង្គម​ហ្វេសប៊ុក របស់ខ្លួន ជាមួយសំណេរថា​ “លាហើយប្រពន្ធសម្លាញ់! សូមឲ្យអូនទៅឲ្យបានសេចក្តីសុខ, ឲ្យអូនមានអាយុវែង និងសុខភាពល្អ កុំឲ្យអាយុខ្លីដូចជាតិនេះឲ្យសោះ។ បើយើងមាននិស្ស័យ យើងនឹងជួបគ្នាជាប្តីប្រពន្ធនឹងគ្នាទៀតណាប្រពន្ធសម្លាញ់”៕

RELATED ARTICLES