Saturday, August 23, 2025
Homeព័ត៌មានជាតិនាងជិះហាត់ប្រាណរាល់ថ្ងៃ គ្រាន់តែទៅធ្វើការមួយភ្លែត ចោរចូលលួច

នាងជិះហាត់ប្រាណរាល់ថ្ងៃ គ្រាន់តែទៅធ្វើការមួយភ្លែត ចោរចូលលួច

ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធករណីចោរកម្មលួចកង់ប្រភេទហាត់ប្រាណ ខណៈម្ចាស់ផ្ទះជួលមិននៅ។ ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិត បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ មានឈ្មោះនុត តារា អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានលំនៅភូមិបន្ទាយដែក ឃុំលើកដែក ស្រុកលើកដែក ខេត្តកណ្តាល ស្នាក់នៅបណ្តោះអាសន្នក្នុងក្រុងបាវិត។

ចំណែកម្ចាស់កង់មានឈ្មោះឌុយ ច័ន្ទសាវត្តី អាយុ២៧ឆ្នាំ ភេទស្រី ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានលំនៅភូមិកម្ពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពសមត្ថកិច្ចដដែល ឱ្យដឹងបន្តថា សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបាវិត បានទទួលព័ត៌មានពីម្ចាស់បន្ទប់ផ្ទះជួលឈ្មោះអ៊ុង ចាន់រ៉ា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង តាមរយៈទូរស័ព្ទថា នៅបន្ទប់ផ្ទះជួលរបស់ខ្លួន មានចោរចូលលួចកង់១គ្រឿង ប្រភេទកង់ជិះហាត់ប្រាណរបស់នារីជាបុគ្គលិកកាស៊ីណូ ខណៈដែលម្ចាស់បញ្ឈរទុកនៅខាងមុខបន្ទប់ជួលលេខ០២។

ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលក៏បានទៅដល់កន្លែងកើតហេតុ ពិនិត្យនិងស្រាវជ្រាវ រួចឃាត់និងនាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលលួចកង់របស់ជនរងគ្រោះខាងលើប្រាកដមែន ដោយសាររូបគេត្រូវការលុយជាបន្ទាន់។

ក្រោយមក សមត្ថកិច្ចក៏បានឆែកឆេរលើដងខ្លួនជនសង្ស័យ រកឃើញមានចង្កឹះសោម៉ូតូចំនួន២ ចង្កឹះសោទ្វារបន្ទប់ចំនួន១ នៅជាប់នឹងខ្លួន។ ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕

RELATED ARTICLES