Saturday, August 23, 2025
Homeព័ត៌មានជាតិជិតបូជាសពទៅហើយ ស្រាប់តែអ្នកជិតខាងមករករឿង ខ្លាចប៉ះពាល់ខ្សែភ្លើង

ជិតបូជាសពទៅហើយ ស្រាប់តែអ្នកជិតខាងមករករឿង ខ្លាចប៉ះពាល់ខ្សែភ្លើង

ខេត្តបាត់ដំបង ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលនិងហួសចិត្តបំផុត ខណៈដែលពិធីបុណ្យសពមួយត្រូវបានរៀបចំតាមលំដាប់លំដោយ លុះរំកិលសពឡើងទៅដល់លើមេរុ តៀមបូជាស្រាប់តែមានស្ត្រីម្នាក់ជាអ្នកជិតខាងមានផ្ទះជាប់គ្នា បានមករករឿងម្ចាស់បុណ្យសព ខ្លាចបូជាសពទៅ ប៉ះពាល់ខ្សែភ្លើងរបស់ខ្លួនដែលរត់កាត់នៅពីលើមេរុ។

រឿងរ៉ាវដ៏គួរឱ្យហួសចិត្តនេះ បានកើតឡើងនៅក្នុងទឹកដីខេត្តបាត់ដំបង និងត្រូវបានបង្ហោះចែករំលែកពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីកូនស្រីរបស់សពបានថតវីដេអូបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ បង្ហាញពីទិដ្ឋភាពជម្លោះតឹងសរសៃកដាក់គ្នារវាងស្ត្រីអ្នកជិតខាង ដែលមករករឿងក្រុមគ្រួសារសព ដោយគ្មានហេតុផល។

នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ គណនីហ្វេសប៊ុក ឈ្មោះ Sëäv Fäng ដែលត្រូវជាកូនស្រីបង្កើតរបស់សពបានបង្ហោះឃ្លីបវីដេអូចំនួន៣ បង្ហាញពីស្ត្រីជាអ្នកជិតខាងម្នាក់ បានចូលមករករឿងឈ្លោះប្រកែកនៅអំឡុងពេលដែលសពឪពុករបស់នាង ត្រូវបានរំកិលឡើងទៅលើមេរុត្រៀមបូជា។

ជាមួយនេះ កូនស្រីសព ខាងលើ បានសរសេរថា “ហួសចិត្ត សុំស៊ែរម្នាក់មួយផងបងប្អូន ក្រុមគ្រួសារខ្ញុំកំពុងតែមានទុក្ខ គាត់នៅបន្ថែមទុក្ខមកឱ្យពួកខ្ញុំទៀត ចិត្តមនុស្សពិតជាចង្អៀតចង្អល់មែន…”។

តាមរយៈឃ្លីបវីដេអូខាងលើ បានបង្ហាញថា នៅអំឡុងពេលដែលភាគីម្ចាស់ដើមបុណ្យសព បានរៀបចំបូជាសពនៅខាងមុខផ្ទះ ដោយបានរៀបចំសង់មេរុនៅលើផ្លូវខាងមុខផ្ទះរបស់ខ្លួន ហើយបានរំកិលសពឡើងទៅដល់លើមេរុទៅហើយ ស្រាប់តែលេចមុខស្ត្រីជាអ្នកជិតខាងម្នាក់ មានវ័យប្រមាណជាង៥០ឆ្នាំ ស្លៀកសម្លៀកបំពាក់រ៉ូបពណ៌ខ្លាញ់ក្តាម បានចូលមករករឿងឆ្ការដៃឆ្ការជើងថា សង់មេរុបូជាសពប៉ះពាល់ដល់ខ្សែភ្លើងរបស់ខ្លួន ដែលបានតចេញពីបង្គោលភ្លើងខាងមុខផ្ទះរបស់ម្ចាស់បុណ្យសព និងត្រូវបានគេសង់មេរុ ជាប់នឹងខ្សែភ្លើង ជាហេតុធ្វើឱ្យស្ត្រីជាអ្នកជិតខាងរូបនោះភ័យខ្លាចថា ពេលបូជាសពទៅ មានភ្លើង មានកម្តៅ ធ្វើឱ្យដាច់ឬខ្លោច នាំឱ្យទុស្សេខ្សែភ្លើងរបស់ខ្លួន និងអាចនាំឱ្យប៉ះពាល់ដល់អាយុជីវិតកូនចៅរបស់ខ្លួននៅឯផ្ទះ ទើបធ្វើឱ្យកើតមានជាជម្លោះតឹងសរសៃកដាក់គ្នាបែបនេះតែម្តង។

យ៉ាងណា តាមសម្តីកូនស្រីសព បានបញ្ជាក់ថា “បញ្ជាក់ ៖ មិនមែនរោងបុណ្យ ចូលដីគាត់ទេ គឺខ្សែភ្លើងរបស់គាត់ កាត់មុខផ្ទះរបស់ខ្ញុំ… បុណ្យសពប៉ារបស់ខ្ញុំទាំងមូល ខ្ញុំមិនចង់មានបញ្ហានឹងរឿងអ៊ីចឹងទេ តែគាត់និយាយមិនស្តាប់ហេតុផលគ្នាសោះ ម៉្យាងទៀត ខាងជាងភ្លើង គាត់ធានាហើយថា មិនអីទេ…”។

ក្រោយការបង្ហោះឃ្លីបវីដេអូនៃជម្លោះខាងលើ មហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានសម្តែងនូវអារម្មណ៍ខឹងសម្បា និងរិះគន់ទៅលើភាគីស្ត្រីជាអ្នកជិតខាងរូបនោះយ៉ាងខ្លាំង ដោយថា មានចិត្តចង្អៀតចង្អល់ មិនចេះយោគយល់អធ្យាស្រ័យគ្នាសោះ គេកំពុងមានទុក្ខប៉ុនភ្នំ ឯងមករករឿងទាំងមិនសមហេតុផល។

ជុំវិញរឿងរ៉ាវចម្រូងចម្រាស ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនភាគីស្ត្រីជាអ្នកជិតខាងនោះបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ទទួលចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES