តារាចម្រៀងកូន៣ ខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ដែលក្លាយទៅជាអ្នកចម្រៀងស្នូលរបស់ផលិតកម្មហង្សមាស ក្រោយព្រាប សុវត្ថិ ដើរចេញនោះ ត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថា ចាប់ពីពេលនេះតទៅ ទាំងបទចម្រៀង និង MV របស់លោកសិរីមន្ត និងមានការសម្រិតសម្រាំងពិសេសតែម្ដង ដើម្បីកុំចាញ់ព្រាប សុវត្ថិ នៅ Galaxy ហើយសិរីមន្ដ មានសង្ឃឹមច្រើនក្នុងការឡើងអង្គុយកៅអីព្រាប សុវត្ថិ នៅហង្សមាស ដែលនៅទំនេរ។

ប៉ុន្ដែទោះជាសិរីមន្ដ កំពុងតែត្រូវបានថៅកែលើកឲ្យធ្វើជាតួឯកនៅផលិតកម្មធំនេះក្ដី តែតាមព័ត៌មានថា ថ្នាក់ដឹកនាំក្រុមហ៊ុននេះក៏មានការព្រួយបារម្ភខ្លះៗដែររឿងដែលធ្លាប់លេចឮថា សិរីមន្ដ ដែលស្និទ្ធស្នាលគ្នាជាមួយថៅកែ Galaxy ហើយចង់ទៅរួមទ្រនំជាមួយផលិតកម្មនោះ បើទោះជាលោកសិរីមន្ត ធ្លាប់ចេញមកបកស្រាយថា លោកជាតារាហង្សមាស មិនទៅ Galaxy ក្ដី ប៉ុន្ដែថៅកែហាក់នៅតែមិនអស់ចិត្តឡើយ។
ចំណែកអ្នកជំនាញសិល្បៈវិញ ធ្វើការព្រមានហង្សមាស ថា បើមិនអាចរក្សាព្រាប សុវត្ថិ ហើយប្រឈមបាត់បង់ខេមរៈ សិរីមន្ដ ទៀតប្រយ័ត្ន ”រងា”។

ថ្វីត្បិតតែទំនាក់ទំនងខេមរៈ សិរីមន្ដ និងលោកឡេង ណារ៉ាត្រា មានភាពស្និទ្ធស្នាលគ្នាដូចព្រាប សុវត្ថិ ក្ដី រហូតត្រូវបានគេព្យាករណ៍ថា សិរីមន្ដ នឹងដើរចូល Galaxy ក្ដី ប៉ុន្ដែលោកសិរីមន្ត ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា លោកបានចុះកុងត្រានៅហង្សមាស រយៈពេលដល់ទៅ៥ឆ្នាំ គឺមានន័យថា ពេលនេះ សិរីមន្ដ នៅសល់កុងត្រា២ឆ្នាំទៀត ជាមួយហង្សមាស មិនអាចរត់ចោលផលិតកម្មធំមួយនេះបានទាំងជាប់ចំណងឡើយ។
ដោយឡែក Galaxy វិញ មានព័ត៌មានថា រង់ចាំបើកទ្វារស្វាគមន៍សិរីមន្ដ ២៤ម៉ោងតែម្ដង។

ខេមរៈ សិរីមន្ត ក្រៅពីត្រៀមឡើងទៅជំនួសតំណែងព្រាប សុវត្ថិ នោះ គេកត់សម្គាល់ឃើញថា ចំណងស្នេហាលោកជាមួយភរិយា អ្នកនាងកុយ ផល្លី ក៏កាន់តែបង្ហាញភាពផ្អែមល្ហែមដូចព្រាប សុវត្ថិ និងអ្នកស្រីឡុង ស្រីមុំ ដែរ។ ប៉ុន្ដែដំណឹងសិរីមន្ដ ដឹកដៃប្រពន្ធចូលរោងការនៅតែស្ងាត់ដូចចោរលួចសេះតែម្ដង។
គួរកត់សម្គាល់ថា នៅរដូវបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ លោកខេមរៈ សិរីមន្ត បានចេញបទចម្រៀងបុកជាមួយអតីតតារាចម្រៀងហង្សមាស លោកព្រាប សុវត្ថិ ដោយប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញបំផុត ហើយអតីតតារាចម្រៀងសាន់ដេ និង U2 រូបនេះ ត្រូបានហង្សមាស ធ្វើ MV ដែលសម្រិតសម្រាំងយ៉ាងខ្លាំង តាមរយៈបទ ”ជូនម៉ែ១លាន ខែភ្ជុំ”។

ប៉ុន្ដែតាមព័ត៌មានថា ពេលនេះអ្នកធ្វើភ្លេងបទសំខាន់ឲ្យសិរីមន្ដ ច្រៀងខែភ្ជុំ គឺលោកឈិត តេងរិទ្ធ ត្រូវបាន Galaxy ស្ទូចយកទៅបាត់ទៅហើយ។ តែសិរីមន្ដ ហាក់មិនឃើញសម្ដែងការបារម្ភ និងខ្វល់ខ្វាយច្រើនឡើយ ព្រោះលោកមានអ្នកនិពន្ធ និងជាទីប្រឹក្សានៅក្រោយខ្នងនោះ គឺលោកខេមរៈ ភារុណ ដែលជាបងប្រុសរបស់ខ្លួនទៅហើយ។

ទោះជាយ៉ាងណា រយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា សិរីមន្ដ ដែលជាគូប្រជែងកាន់តែខ្លាំងក្លាជាមួយព្រាប សុវត្ថិ នោះ ហាក់នៅទ្រឹងក្រោយពីអ្នកស្និទ្ធព្រាប សុវត្ថិ បំផុត បានព្រមានតារាណាដែលចង់យកតំណែងព្រាប សុវត្ថិ ត្រូវឆ្លងឲ្យផុតតំណាក់កាលទាំង១០យ៉ាងជាមុនសិន ហើយក្នុងនោះ គេឃើញថាឧបស័ក្កដែលសិរីមន្ដ ពិបាកលោតផុតពីព្រាប សុវត្ថិ គឺមាន៣យ៉ាង ទី១. ត្រូវល្បីឲ្យបានជាង៣០ឆ្នាំ, ទី២. ត្រូវច្រៀងឲ្យបានជាង៣០០០បទ និងទី៣. មានទ្រព្យជាង៣០លានដុល្លារ។

ចំណុចទាំង៣នេះ ហាក់ចងជើងតារាទាំងឡាយដែលចង់បានតំណែងព្រាប សុវត្ថិ ហើយបើទោះជាអ្នកជំនិតព្រាប សុវត្ថិ បំផុត ទម្លាយពីរឿង១០ចំណុចសំខាន់របស់ព្រាប សុវត្ថិ នោះ ចេញមកមិនសំដៅថា ជាការព្រមានទៅលើតារាណាចំៗឈ្មោះក្ដី ប៉ុន្ដែកន្លងមកតារាចម្រៀងដែលគេគិតថា ជាគូប្រជែងដ៍ធំបំផុតរបស់ព្រាប សុវត្ថិ គឺមានតែខេមរៈ សិរីមន្ដ តែម្នាក់គត់។

អ្នកជំនាញសិល្បៈបានលើកឡើងថា ចង់ដឹងថា ខេមរៈ សិរីមន្ដ យកតំណែងព្រាប សុវត្ថិ នៅហង្សមាស បានឬអត់នោះ គឺត្រូវរង់ចាំអ៊ុតមើល ដោយប្រើរយៈពេលពី៦ខែទៅ១ឆ្នាំនោះ អ្វីៗនឹងបានឃើញទាំងអស់គ្នាជាមិនខាន៕ ហ៊ឹម វិចិត្រ