ភ្នំពេញ ៖ ស្ថានីយប្រេងឥន្ធនៈ PTT មួយកន្លែង ស្ថិតនៅតាមវិថីទេពផន បានធ្វើតេស្តប្រេងខុសបច្ចេកទេស បង្កជាអណ្តាតភ្លើងឆាបឆេះធ្វើឱ្យកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តែសំណាងល្អ ត្រូវបានម្ចាស់ស្ថានីយ រួមនិងបុគ្គលិក នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ភ្លើងទាន់ពេលវេលា មិនបណ្តាលឱ្យឆេះរាលដាលជាទ្រង់ទ្រាយធំឡើយ។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចស្ថានីយប្រេងឥន្ធនៈ PTT ក្បែរមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ម្ចាស់ស្ថានីយប្រេងខាងលើ មានឈ្មោះសុទ្ធ ភារម្យ ភេទប្រុស អាយុ២៩ឆ្នាំ។

តាមសម្តីអ្នកគ្រប់គ្រងស្ថានីយប្រេងឥន្ធនៈ PTT ខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួននិងអ្នកពិសោធន៍ប្រេង បានបូមប្រេងដើម្បីធ្វើតេស្ត តែពេលកំពុងបូមប្រេងនោះ ស្រាប់តែបង្កជាអណ្តាតភ្លើង ខណៈនោះក៏បាននាំគ្នារត់ទៅយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ទាន់ពេល មិនបង្កជាគ្រោះថ្នាក់ដល់មនុស្ស និងឆេះរាលដាលជាលក្ខណៈទ្រង់ទ្រាយធំឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីធ្វើការណែនាំ អប់រំឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចៀសវាងបង្កគ្រោះថ្នាក់និងប៉ះពាល់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋជិតខាង។

គួររំលឹកដែរថា កន្លងមកនេះ នគរបាលជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តសកម្មភាពចុះណែនាំដល់បងប្អូនប្រកបអាជីវកម្មលក់ហ្គាស់ ទីតាំងប្រេងឥន្ធនៈ ឱ្យមានការប្រុងប្រយ័ត្ន និងសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវពីជំនាញពាក់ព័ន្ធ៕