Saturday, August 23, 2025
Homeព័ត៌មានជាតិព្រោះតែគូដណ្ដឹងម្នាក់... មិនគួរណាគាត់សម្រេចចិត្តធ្វើបែបនេះទេ

ព្រោះតែគូដណ្ដឹងម្នាក់… មិនគួរណាគាត់សម្រេចចិត្តធ្វើបែបនេះទេ

ខេត្តកំពង់ស្ពឺ ៖ គូស្នេហ៍មួយគូបានទាក់ទងបង្កើតចំណងស្នេហ៍ រហូតបានក្លាយជាគូដណ្តឹងនឹងគ្នា ស្រាប់តែក្រោយមក ខាងស្រីបានសុំផ្តាច់ពាក្យវិញ ជាហេតុធ្វើឱ្យខាងប្រុសឈឺចិត្តស្អិតទ្រូង រហូតគិតខ្លីបញ្ចប់ជីវិតខ្លួនឯងដោយចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក។

ករណីបុរសខូចចិត្តរឿងគូដណ្តឹងផ្តាច់ពាក្យចងកបញ្ចប់ជីវិតខ្លួនឯងខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់ទឹកផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិខ្វាន (ចម្ការចាម) ឃុំខ្ទុំក្រាំង ស្រុកសំរោងទង។

បុរសគិតខ្លីចងកសម្លាប់ខ្លួនព្រោះឈឺចិត្ត រឿងគូដណ្តឹងផ្តាច់ពាក្យនេះ មានឈ្មោះឡាប សាលីមហាន អាយុ៣៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមកជនរងគ្រោះធ្លាប់បានទាក់ទងស្នេហាជាមួយនារីម្នាក់ រហូតឈានដល់ការភ្ជាប់ពាក្យក្លាយជាគូដណ្តឹងនឹងគ្នាទៀតផង។ លុះមួយរយៈចុងក្រោយនេះ មិនដឹងថា ចំណងស្នេហាអ្នកទាំងពីរជួបរឿងរកាំរកូសអ្វី ស្រាប់តែឈានដល់ផ្លូវបំបែក ដោយខាងស្រីបានសុំផ្តាច់ពាក្យពីខាងប្រុសវិញ ជាហេតុធ្វើឱ្យជនរងគ្រោះមានអារម្មណ៍ខូចចិត្តយ៉ាងខ្លាំង។ លុះមកដល់ថ្ងៃកើតហេតុ ក៏កើតមានរឿងអកុសលបែបនេះឡើងតែម្តង។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ប៉ុន្មានថ្ងៃមុននេះ ពោលគឺតាំងពីត្រូវគូដណ្តឹងផ្តាច់ពាក្យមក ជនរងគ្រោះមានទឹកមុខស្រងូតស្រងាត់ខ្លាំងណាស់ មិនសូវនិយាយស្តីអ្វីសោះឡើយ ប៉ុន្តែក្រុមគ្រួសារក៏នឹកស្មានមិនដល់សោះថា ជនរងគ្រោះមានគំនិតខ្លីដល់ម៉្លឹងសោះ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរចូលទៅក្នុងបន្ទប់ទឹកបាត់ ចំណែកក្រុមគ្រួសារក៏មិនបានចាប់អារម្មណ៍អ្វីដែរ នឹកស្មានថា ជនរងគ្រោះចូលទៅងូតទឹកដូចសព្វដង។ លុះក្រោយមក ដោយសារតែឃើញជនរងគ្រោះសម្ងំក្នុងបន្ទប់ទឹកយូរពេក មិនឃើញចេញមកក្រៅវិញសោះ ទើបនឹកឆ្ងល់ក៏ដើរទៅគោះទ្វារហៅ តែមិនឮមាត់ជនរងគ្រោះឆ្លើយតបសោះ ទើបមានការសង្ស័យក៏នាំគ្នាទម្លាយទ្វារចូលទៅមើល ស្រាប់តែប្រទះឃើញជនរងគ្រោះចងកស្លាប់បាត់ទៅ ហើយ ទើបធ្វើឱ្យកើតមានការផ្អើលដល់អ្នកជិតខាងចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងត្រួតពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន។ មូលហេតុដោយសារជនរងគ្រោះខូចចិត្តរឿងគូដណ្តឹងផ្តាច់ពាក្យ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES