ភ្នំពេញ ៖ ជនសង្ស័យជានារីម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានអូរបែកក្អម ចាប់ឃាត់ខ្លួនពីបទលួច បន្ទាប់ពីស្រីនោះធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង រួចគេចខ្លួនជិតមួយខែរួចមក។ ការឃាត់ខ្លួនស្រីសង្ស័យនេះ ធ្វើឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលលេខ១៧ ផ្លូវបេតុង ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានប្រាប់ឱ្យដឹងថា នារីសង្ស័យក្លាហានលួចម៉ូតូ ហើយត្រូវកម្លាំងចាប់ឃាត់ខ្លួននេះ មានឈ្មោះកែវ ស្រីណែត អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិត្រាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមាន ឈ្មោះដន សុបញ្ញា ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ ១៧ ផ្លូវបេតុង ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពសមត្ថកិច្ចដដែលបានឱ្យដឹងដែរថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ជនរងគ្រោះបានទុកម៉ូតូរបស់ខ្លួនម៉ាកហុងដាគុប សេ៥០ ពាក់ស្លាកលេខតាកែវ 1J-8728 នៅចំណុចផ្ទះជួលខាងលើ ក៏ត្រូវស្រីសង្ស័យលួចជិះគេចខ្លួនទៅបាត់ ទើបជនរងគ្រោះទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ស្រាវជ្រាវរកម៉ូតូរបស់ខ្លួន។
ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងសមត្ថកិច្ចបានតាមស្រាវជ្រាវរក រហូតដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ក៏ប្រទះឃើញជនសង្ស័យ និងឃាត់ខ្លួនតែម្តង។ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការបន្តនីតិវិធី៕