ភ្នំពេញ ៖ មន្ត្រីបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជាប បានប្រសិទ្ធនាមសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាអច្ឆរិយបុគ្គលរបស់កម្ពុជា ដែលសម្តេច ជាអ្នកពន្លត់ភ្លើងសង្គ្រាមនិងនាំសន្តិភាពជូនជាតិ ជួយកម្ពុជា ឱ្យមានដង្ហើមរស់ឡើងវិញ មានកិត្តិសព្ទជាថ្មីនៅលើឆាកពិភពលោក។
លោកជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាមន្ត្រីមួយរូបរបស់គណបក្សប្រជាជនកម្ពុជា បានបង្ហោះរូបសម្តេចហ៊ុន សែន ក្នុងគណនីនិងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ជាមួយសំណេរដែលមានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖

– គាត់គឺជាជនរងគ្រោះសង្គ្រាម ក្លាយជាអ្នកពន្លត់ភ្លើងសង្គ្រាមនិងនាំសន្តិភាពជូនជាតិ។
– គាត់គឺជាទាសករមាតុភូមិ តាំងពីតរុណវ័យ ដែលមិនចេះនឿយហត់។ ប៉ុន្តែគាត់គឺជាបន្លានៅក្នុងកែវភ្នែកដ៏សែនពិបាក និងជាមហាឧបសគ្គចំពោះក្រុមអ្នកដែលមិនចង់ឱ្យកម្ពុជា បានសុខទៅវិញ។
– តើគាត់មានកំហុសដែរឬ នៅពេលដែលគាត់បានលះបង់ការសិក្សា លះបង់ក្រុមគ្រួសារ និងភាពជាយុវវ័យរបស់គាត់ចូលបម្រើកងទ័ព តាមការអំពាវនាវរបស់សម្តេចព្រះនរោត្តម សីហនុ ដើម្បីរំដោះជាតិពីរបបអាយ៉ងអាមេរិក លន់ នល់ រហូតបាត់បង់កែវភ្នែកម្ខាង និងរងរបួសពេញប្រាណ ?
– តើគាត់ខុសដែរឬ នៅពេលដែលគាត់ផ្តាច់ខ្លួនចេញពីខ្មែរក្រហម ដោយសារតែគេអនុវត្តនយោបាយកាប់សម្លាប់ប្រជាជនឯង ហើយបានយកជីវិតទៅធ្វើដើមទុនដើម្បីសង្គ្រោះជីវិតប្រជាជន ចេញពីរបបនេះ ?
– តើគាត់ខុសដែរឬ នៅពេលដែលគាត់បានផ្តួចផ្តើមគំនិតឱ្យមានជំនួបចរចាជាមួយសម្តេចព្រះនរោត្តម សីហនុ តំណាងខ្មែរត្រីភាគីក្នុងបុព្វហេតុផ្សះផ្សាបង្រួបបង្រួមជាតិ នាំឱ្យកើតមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ?
– តើគាត់ខុសដែរឬ នៅពេលដែលគាត់បានយកជីវិតទៅធ្វើដើមទុនម្តងទៀត ដើម្បីប្តូរយកសន្តិភាពជូនជាតិ ជាមួយក្រុមឧទ្ទាមខ្មែរក្រហម នៅចុងឆ្នាំ១៩៩៨ ?
– តើគាត់ខុសដែរឬ នៅពេលដែលគាត់ប្រកាន់គោលជំហររឹងមាំដាច់ខាត ដើម្បីការពារអធិបតេយ្យជាតិ ឯករាជ្យភាព បូរណភាពទឹកដី ?
– តើគាត់ខុសដែរឬ នៅពេលគាត់អនុវត្តច្បាប់លើបុគ្គល ឬក្រុមនយោបាយ ឬក្រុមបរទេសណាមួយ ដើម្បីសុវត្ថិភាពសង្គម ?

រាល់ទង្វើទាំងអស់របស់គាត់ គឺជាការធ្វើពលិកម្មដើម្បីជាតិ និងប្រជាជនរបស់គាត់។ ក្នុងដំណើរជាងពាក់កណ្តាលនៃជីវិតរបស់គាត់ទៅហើយ សួរថា តើគាត់ដែលមានពេលវេលាគ្រប់គ្រាន់ដើម្បីផ្ទាល់ខ្លួនគាត់ ក្រុមគ្រួសារគាត់ដូចអ្នកប្រឆាំងគាត់ទេ? ជាមួយគ្នានេះ គាត់បានទទួលរងនូវភាពអយុត្តិធម៌ច្រើនពេកហើយ ពីពួកអ្នកប្រឆាំងគាត់ តាំងពីឆ្នាំ១៩៧៩មក នូវការជេរប្រមាថគ្រប់រូបភាពចំពោះគាត់ និងក្រុមគ្រួសារគាត់។
ក្នុងនាមប្រជាពលរដ្ឋមួយរូបដែលរស់នៅក្នុងសង្គមកម្ពុជា ដែលមានសន្តិភាព និងការអភិវឌ្ឍ ដោយសារគាត់យើងសូមប្រសិទ្ធនាមដល់គាត់ គឺជាអច្ឆរិយបុគ្គលរបស់កម្ពុជា ដែលបានជួយកម្ពុជា ឱ្យមានដង្ហើមរស់ឡើងវិញ មានកិត្តិសព្ទជាថ្មីនៅលើឆាកពិភពលោក និងសូមថ្កោលទោសដាច់ខាត ចំពោះអ្នកប្រមាថគាត់។
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តាមជួយថែរក្សាគាត់ឱ្យមានសុខភាពល្អ អាយុយឺនយូរ និងទទួលបានជោគជ័យគ្រប់កិច្ចការទាំងអស់ ដើម្បីគាត់បានដឹកនាំកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្តទៀត…៕