Saturday, August 23, 2025
Homeព័ត៌មានជាតិដាច់យ៉ៃពេក មានតែប្រើវិធីហ្នឹងរកលុយបានងាយ

ដាច់យ៉ៃពេក មានតែប្រើវិធីហ្នឹងរកលុយបានងាយ

ខេត្តកោះកុង ៖ ជនសង្ស័យចំនួន២នាក់ បានបែកគំនិតកោរសក់ ស្លៀកស្បង់បន្លំខ្លួនជាព្រះសង្ឃដើរបិណ្ឌបាតរៃអង្គាសបច្ច័យយកមកចាយ ទីបំផុតត្រូវអស់លក្ខណ៍ ដោយសារមានប្រជាពលរដ្ឋស្គាល់មុខរាយការណ៍ប្រាប់មន្ត្រីសង្ឃ និងសមត្ថកិច្ចចុះចាប់វាយខ្នោះទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីឃាត់ខ្លួនជនសង្ស័យ២នាក់ បន្លំជាសង្ឃដើរបិណ្ឌបាតខាងលើនេះ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិសាស្ត្រស្រុកស្រែអំបិល។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ មន្ត្រីសង្ឃសាលាអនុគណស្រុកស្រែអំបិល ខេត្តកោះកុង  សហការជាមួយអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ខេត្តកោះកុង បានចុះចាប់សង្ឃក្លែងក្លាយចំនួន២នាក់ ដែលមិនមានលិខិតអនុញ្ញាត ឬឆាយាត្រឹមត្រូវ ពោលគឺកោរសក់ ស្លៀកស្បង់ បន្លំធ្វើជាសង្ឃ ដើម្បីដើរបិណ្ឌបាតរកលុយចាយដោយខ្លួនឯង។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នាំយកមកសាកសួររួចហើយ មន្ត្រីសង្ឃស្រុកស្រែអំបិល បានសម្រេចចាប់បកស្បង់ជនសង្ស័យទាំង២នាក់ រួចគ្រល់ឱ្យសមត្ថកិច្ច ដើម្បីចាត់ការតាមច្បាប់។

ជាមួយនេះ សាលាអនុគណស្រុកស្រែអំបិល ក៏បានអំពាវនាវដល់សាលាអនុណគ្រប់ស្រុក ព្រមទាំងសាលាគណគ្រប់ខេត្ត-ក្រុង និងប្រជាពលរដ្ឋ ពុទ្ធបរិស័ទទាំងអស់ សូមឱ្យចូលរួមសហការទប់ស្កាត់សង្ឃក្លែងក្លាយ ដែលតែងធ្វើសកម្មភាពដើររៃអង្គាសបច្ច័យ ឬបិណ្ឌបាត តាមទីសាធារណៈនានា ដើម្បីកុំឱ្យខូចឈ្មោះដល់ព្រះសង្ឃដែលបានបួសរៀនត្រឹមត្រូវ និងនាំឱ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕

RELATED ARTICLES