Saturday, August 23, 2025
Homeព័ត៌មានជាតិនៅផ្ទះមិនសុខ... ឲ្យតែដល់ពេលយប់ ដឹងតែរមាស់ដៃខុសរឿង

នៅផ្ទះមិនសុខ… ឲ្យតែដល់ពេលយប់ ដឹងតែរមាស់ដៃខុសរឿង

ខេត្តបាត់ដំបង ៖ បុរសម្នាក់ឃើញរថយន្តគេបើកបរនៅលើផ្លូវសុខៗ ស្រាប់តែទាញដបទឹកក្រូច គប់រថយន្តគេ បណ្តាលឱ្យបែកកញ្ចក់ក្រោយអស់១ផ្ទាំង លុះម្ចាស់រថយន្តដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ចចុះចាប់វាយខ្នោះបុរសរពឹសដៃខាងលើ នាំយកទៅចាត់ការតាមច្បាប់។

ករណីគប់រថយន្តអ្នកដំណើរ បណ្តាលឱ្យបែកកញ្ចក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង។ លុះមកដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ទើបសមត្ថកិច្ចស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យបាននាំយកទៅសាកសួរ។

បុរសរពឹសដៃដែលយកដបទឹកក្រូចគប់កញ្ចក់រថយន្តគេ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះសៀង សំ អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ចំណែកជនរងគ្រោះជាម្ចាស់រថយន្ត មានឈ្មោះម៉ាន់ រ៉គីម ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅក្នុងភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលជនរងគ្រោះឈ្មោះម៉ាន់ រ៉គីម កំពុងបើកបររថយន្តតាមដងផ្លូវសុខៗ ស្រាប់តែលេចមុខជនសង្ស័យខាងលើ បានយកដបទឹកក្រូច (ដបកែវ) គប់សំដៅរថយន្តជនរងគ្រោះ បណ្តាលឱ្យបែកកញ្ចក់ផ្ទាំងខាងក្រោយ រួចក៏រត់គេចខ្លួនបាត់។ ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការកំណត់មុខសញ្ញា និងចាប់ខ្លួនជនសង្ស័យឈ្មោះសៀង សំ នាំយកមកសាកសួរ។

ប្រភពដដែល បន្តថា ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធី ពីលោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។

ករណីនេះ ការិយាល័យជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES