ភ្នំពេញ ៖ បុរស២នាក់ សថិតក្នុងសភាពរបួសក្បាលហូរឈាមស្រោចខ្លួន បានរត់មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ដោយអះអាងថា មានជនសង្ស័យ ចំនួន៤នាក់ ដែលជាសន្តិសុខយាមហាងពេជ្រមួយកន្លែង ប្រដាប់ដោយកាំភ្លើងខ្លី និងបំពង់ទីប បានព្រួតធ្វើសកម្មភាពភ្ជង់គំរាម និងវាយមកលើពួកខ្លួន បណ្តាលឱ្យរងរបួស គ្រាន់តែពួកខ្លួនចតរថយន្តនៅខាងមុខហាងពេជ្រ។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចទល់មុខហាងពេជ្រ អ៊ឹង មួយគៀង ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងនឹងផ្លូវលេខ១២៦ ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

ជនរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនរួមជាមួយនិងអ្នកបើកឡានដូចគ្នា បានមកឈប់ចតឡាន នៅតាមបណ្តោយផ្លូវមុនីវង្ស ត្រង់ចំណុចមុខហាងពេជ្រ អ៊ឹង មួយគៀង ដោយពួកគេឈប់ចាំភ្ញៀវដែលចូលហាងញ៉ាំអីនៅកែងផ្លូវ១២៦ ស្រាប់តែភ្លាមនោះជនសង្ស័យចំនួន៤នាក់ ប្រដាប់ទៅដោយកាំភ្លើងខ្លី និងដែកបំពង់ទីប បានមកវាយទៅលើពួកខ្លួនជាជនរងគ្រោះបណ្តាលឱ្យបែកក្បាលទាំងពីរនាក់តែម្តង ដោយសារតែខឹងឈប់ចតឡានកន្លែងពួកគេយាម។

បន្ទាប់ពីធ្វើសកម្មភាពវ៉ៃទៅលើជនរងគ្រោះ បណ្តាលឱ្យបែកក្បាលរួច ជនសង្ស័យទាំងបួននាក់ បានរត់គេចខ្លួនបាត់អស់តែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដ្ឋបាល ផ្សារថ្មី២ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកមុខជនសង្ស័យ និងឃាត់ខ្លួនយកមកសាកសួរ និងចាត់ការតាមច្បាប់។

ជុំវិញករណីនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសន្តិសុខ និងតំណាងហាងពេជ្រ ខាងលើបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ទទួលចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕