Saturday, August 23, 2025
Homeព័ត៌មានជាតិសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ កក្រើកនៅព្រះវិហារ

សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ កក្រើកនៅព្រះវិហារ

ខេត្តព្រះវិហារ ៖ កាលពីយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ មានក្រុមរថយន្តដឹកឈើអត់ច្បាប់ជាច្រើនគ្រឿង បានឆ្ពោះចេញពីខេត្តព្រះវិហារ សំដៅទៅលក់នៅតាមដេប៉ូ តាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ដែលក្រុមរថយន្តដឹកឈើទាំងនោះ ត្រូវគេស្គាល់ជារបស់មេឈ្មួញម្នាក់តែងរកស៊ីឈើល្មើសច្បាប់ ប្រចាំស្រុកជាំក្សាន្ត ដែលមានរហស្សនាមថា ចែមុំ​ ៣ខេត្ត។

ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីយប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០​ ក្រុមអ្នកសារព័ត៌មានបានចុះទៅថតផ្តិតយកនូវសកម្មភាពរថយន្តដឹកឈើទ្វារកែច្នៃខុសច្បាប់របស់មេឈ្មួញឈ្មោះចែមុំ ដែលរថយន្តនោះបានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីចំណុចអូរជុញ ឆ្លងកាត់ផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ត ជាពិសេសសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ដែលជាកន្លែងលោកជ័យ រ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ឆ្ពោះទៅកាន់ស្រុកត្រពាំងប្រាសាទ និងស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ។

ពាក់ព័ន្ធទៅនឹងការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ របស់មេឈ្មួញឈ្មោះចែមុំ រហស្សនាម ចែមុំ ៣ខេត្តនេះ លោកជ័យ រ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បានបញ្ជាក់ថា លោកមិនបានដឹងទេ ដោយឈើទាំងអស់នេះគេដឹកចេញពីតំបន់អូរជុញ មកវិញ ហើយ លោកមិនដឹងច្បាស់ថា គេមានច្បាប់ ឬមិនមាននោះទេ ដោយលោកបានរុញឱ្យអ្នកសារព័ត៌មានសួរទៅលោករ័ត្ន ចំរើន នាយសង្កាត់រដ្ឋបាលព្រៃឈើ ព្រីងធំរំដោះស្រែ នោះទៅ ។

ចំណែកលោករ័ត្ន ចំរើន នាយសង្កាត់រដ្ឋបាលព្រៃឈើ ព្រីងធំរំដោះស្រែ បានបញ្ជាក់ថា បើសិនជាអ្នកសារព័ត៌មានបានឃើញរថយន្តដឹកឈើនោះ លោកឱ្យអ្នកសារព័ត៌មានឃាត់រថយន្តល្មើសនោះឱ្យជាប់ ហើយទៅលោកនឹងទៅចាប់តែម្តង៕

RELATED ARTICLES