Saturday, August 23, 2025
Homeព័ត៌មានជាតិប្ដីប៉ូលិសទៀតហើយ... ពេលនេះប្រពន្ធដើមប្ដឹងតុលាការជួយរកយុត្តិធម៌

ប្ដីប៉ូលិសទៀតហើយ… ពេលនេះប្រពន្ធដើមប្ដឹងតុលាការជួយរកយុត្តិធម៌

ខេត្តកំពង់ធំ ៖ រឿងរ៉ាវស្នេហាត្រីកោណ រវាងមន្ត្រីនគរបាលស័ក្តិ៣ ដែលលួចមានប្រពន្ធចុងជាគ្រូបង្រៀន ហើយត្រូវស្រ្តីជាប្រពន្ធដើមបកអាក្រាតនោះ នៅមិនទាន់ចប់ទេ ដោយមកដល់ពេលនេះ ស្រ្ដីជាប្រពន្ធដើមបានដាក់ពាក្យបណ្ដឹងទៅតុលាការឲ្យជួយរកយុត្តិធម៌ដោយចោទប្រកាន់បុរសជាប្តីពីបទផិត ខុសនឹងច្បាប់ឯកពន្ធភាព និងសំណូមពរឲ្យតុលាការនាំខ្លួនប្ដីផិតនោះមកផ្ដន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត ចំនួនបួនម៉ឺនដុល្លារផងដែរ ។

មុននេះ អ្នកស្រីម៉ៃ ម៉ាឡែន អាយុ៣២ឆ្នាំ រស់នៅភូមិពង្ររលីង ឃុំក្រវា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលអះអាងថា មានប្ដីជាមន្ត្រីប៉ូលិស ឈ្មោះប៉ែន ចាន់ ឋានន្តរស័ក្តិ អនុសេនីយ៍ឯក (ស័ក្តិ៣) ប្រចាំការនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រវា ឃុំក្រវា ស្រុកបារាយណ៍ នោះ បានបញ្ជាក់ថា ករណីប្តីឈ្មោះប៉ែន ចាន់ និងសហាយស្មន់ ឈ្មោះគិន កាលី នោះ មិនទាន់ចប់ទេ ដោយអ្នកស្រីយោគយល់ ក្រោយផ្ទុះរឿង បងប្អូនម៉ែឪគេមកសូមអង្វរដោះស្រាយនិងជូនសំណង កុំឲ្យអ្នកស្រីប្តឹង ។

ដូច្នេះអ្នកស្រីក៏ទុកឱកាសឲ្យ តាមការសន្យារបស់គេថា នឹងជូនសំណងមកនាងចំនួន ២៦០០០ដុល្លារ ដើម្បីចិញ្ចឹមកូន និងលុយជំពាក់ធនាគារដែលខ្ចីមើលជំងឺប្តី គឺខាងប្តីជាអ្នកធានាសងទាំងអស់ តែចុងក្រោយបុគ្គលប៉ែន​ ចាន់ ជាប្តីនេះ ព្រមទាំងម៉ែឪ បងប្អូនគេ មិនបានធ្វើតាមការសន្យាទេ ថែមទាំងតិះដៀលអ្នកស្រី ហើយជំរុញឱ្យអ្នកស្រីប្តឹងថែមទៀតផង ដោយអាងយកខ្សែអ្នកធំមកជួយ ហើយបានយករូបថតអ្នកដឹកនាំមកគំរាមកំហែងអ្នកស្រីទៀតផង ។

ជុំវិញបញ្ហានេះ  អ្នកស្រីម៉ៃ ម៉ាឡែន បានប្រាប់ ”នគរធំ” ជាថ្មី នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ថា អ្នកស្រីនៅតែខ្លាចការគំរាមរបស់ប្ដីនោះទើបតាមរយៈមេធាវី អ្នកស្រីបានដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តកំពង់ធំ ឲ្យជួយរកយុត្តិធម៌ បើទោះបីគ្មានសង្ឃឹមថា ឈ្នះគេក៏ដោយ ។ ដូច្នេះអ្នកស្រីសូមសំណូមពរទៅតុលាការ មេត្តាជួយរកយុត្តិធម៌ឲ្យអ្នកស្រី ទៅតាមផ្លូវច្បាប់ផង ព្រោះអ្នកស្រីគ្មានខ្នងបង្អែកដូចគេទេ មានតែច្បាប់ទេ ទើបអាចរកយុត្តិធម៌ជូនអ្នកស្រីបាន ។ អ្នកស្រីថា សង្គមមានសន្តិភាព អ្នកស្រីជឿជាក់លើស្ថាប័នតុលាការដែលឯករាជ្យ នឹងជួយផ្តល់យុត្តិធម៌ដល់អ្នកស្រីមិនខាន។

អ្នកស្រីម៉ៃ ម៉ាឡែន បានថ្លែងបញ្ជាក់ដូច្នេះថា “ចាស! គេមិនទាន់រកយុត្តិធម៌ឲ្យទេ ប៉ុន្តែឯកសារបានដាក់ទៅរួចហើយ ។ ខ្ញុំបារម្ភរឿងហ្នឹងណាស់ ព្រោះគេល្បីគ្រប់ភូមិ គ្រប់ខេត្តអ៊ីចឹង ដល់ពេលអ៊ីចឹង ខ្ញុំភ័យ ខ្ញុំខ្លាច ព្រោះគេអាងថា គេមានខ្សែ មានខ្នង គេបានជោគជ័យរហូត គេមិនដែលចាញ់ ដូច្នេះគេមិនខ្លាចខ្ញុំទេ ។ ដូច្នេះខ្ញុំសំណូមពរទៅខាងតុលាការឲ្យជួយជំរុញឲ្យគេខាងហ្នឹង ចូលមកតទល់គ្នាតាមផ្លូវច្បាប់ផង“ ។

អ្នកស្រីម៉ៃ ម៉ាឡែន និងលោកប៉ែន ច័ន្ទ

ក្នុងពាក្យបណ្ដឹង ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ គោរពជូនព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ក្នុងកម្មវត្ថុ “ប្ដឹងឈ្មោះប៉ែន ចាន់ ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ន ស្ថិតនៅភូមិរូង ឃុំក្រវា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ពីបទផិតនោះ អ្នកស្រីម៉ែ ម៉ាឡែន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ១៥០៧៣៧០៣០ មានលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិពង្រលីង ឃុំក្រវា ស្រុកបារាយណ៍ ខេត្តកំពង់ធំ

បានជម្រាបជូនលោកព្រះរាជអាជ្ញា ថា “កាលពីអំឡុងឆ្នាំ២០១៧ ប្ដីរបស់នាងខ្ញុំឈ្មោះប៉ែន ចាន់ បានលួចលាក់មានប្រពន្ធចុង លុះដល់អំឡុងខែមីនា ឆ្នាំ២០២០ ប្ដីរបស់នាងខ្ញុំ ឈ្មោះប៉ែន ចាន់ បានចេញពីផ្ទះ ទៅនៅជាមួយប្រពន្ធចុង ទើងនាងខ្ញុំប្ដឹងទៅលោកមេឃុំក្រវា ឲ្យជួយដោះស្រាយ ។

បន្ទាប់ពីដោះស្រាយគ្នានៅសាលាឃុំរួចហើយ ស្រាប់តែឈ្មោះប៉ែន ចាន់ នៅតែបន្តទាក់ទងជាមួយប្រពន្ធចុង ហើយក្នុងអំឡុងខែសីហា ឆ្នាំ២០២០ ឈ្មោះនេះបានចុះចេញពីផ្ទះទៅនៅជាមួយប្រពន្ធចុង និងបានប្រមូលយកទ្រព្យសម្បត្តិក្នុងផ្ទះទៅជាមួយទៀតផង ។ ជាក់ស្ដែង កាលពីខែមិថុនា ឆ្នាំ២០២០ ប្រពន្ធចុងរបស់ឈ្មោះប៉ែន ចាន់ បានផ្ញើរូបថតនិងវីដេអូដែលឈ្មោះប៉ែន ចាន់ កំពុងឱបនាងដែលជាប្រពន្ធចុងទៀត ដូចមានភ័ស្តុតាងជារូបថតនិងវីដេអូ ជូនភ្ជាប់ជាមួយ ។

ទង្វើរបស់ឈ្មោះប៉ែន ចាន់ ពិតជាស្ដែងឲ្យឃើញយ៉ាងច្បាស់អំពីបទល្មើសផិតយ៉ាងពិតប្រាកដ តាមបញ្ញត្តិមាត្រា៧ នៃច្បាប់ស្ដីពីឯកពន្ធភាព។ អំពើនេះទៀតសោត បានធ្វើឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍របស់នាងខ្ញុំយ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកទ្រព្យសម្បត្តិ និងផ្លូវចិត្ត ហេតុនេះទើបនាងខ្ញុំដាក់ពាក្យបណ្ដឹងមកអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដើម្បីជួយរកយុត្តិធម៌ជូននាងខ្ញុំ តាមនីតិវិធីច្បាប់ ។

នាងខ្ញុំសូមសំណូមពរឲ្យឯកឧត្តមព្រះរាជអាជ្ញា មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីឃាត់ខ្លួនជនសង្ស័យខាងលើ មកផ្ដន្ទាទោសតាមផ្លូវច្បាប់ និងទាមទារសំណងជំងឺចិត្តជាប្រាក់ ៤០ ០០០ USD (បួនម៉ឺនដុល្លារអាមេរិក) ។

លោកប៉ូលិសប៉ែន ច័ន្ទ និងប្រពន្ធចុង

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តមព្រះរាជអាជ្ញា មេត្តាពិនិត្យ និងជួយស្វែងរកយុត្តិធម៌ជូននាងខ្ញុំ ដោយក្ដីអនុគ្រោះ ។

សូមឯកឧត្តមព្រះរាជអាជ្ញា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីនាងខ្ញុំ“ ។

ជុំវិញបណ្តឹងរបស់ស្ត្រីជាប្រពន្ធដើម ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺ ឆ្លើយតបពីបុរសជាប្តី ឈ្មោះប៉ែន ចាន់ នោះបានទេ កាលពីម្សិលមិញ តែយ៉ាងណា យើងរង់ចាំទទួលការបំភ្លឺពីភាគីពាក់ព័ន្ធជានិច្ច៕

RELATED ARTICLES