មាស សុខសោភា បានលេចមុខចូលរួមសម្ពោធហាងកាហ្វេមួយកន្លែង នៅទួលទំពូង កាលពីព្រឹកថ្ងៃទី១០ខែតុលា ឆ្នាំ២០២០ ដោយនាងបានធ្វើឲ្យផ្អើលអ្នកដំណើរទាំងឡាយដែលជិះរថយន្ដ និងម៉ូតូតាមដងផ្លូវ ព្រោះតែអតីតតារាចម្រៀងថោនរូបនេះ បានលើកយកបទចម្រៀង៤បទរបស់នាង មកបកស្រាយនៅលើឆាកតូចមួយនៅពីមុខហាងនោះ គឺមានដូចជាបទ ”ម្នាក់ឯងមិនស្លាប់ទេ”, ”លើលោកនេះ ខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ”, ”មេឃកំពុងភ្លៀងហើយ” និងបទ ”១ពាន់រាត្រី”។

មាស សុខសោភា បានឲ្យដឹងថា ដោយសារតែកូវីដ-១៩នេះ នាងមិនសូវមមាញឹកដូចឆ្នាំមុនៗទេ ប៉ុន្ដែពេលខាងមុខនេះ នាងក៏ត្រៀមរកស៊ីផ្នែក Cosmetics ផងដែរ។ ដោយឡែក ទាក់ទងស្ពតពាណិជ្ជកម្មទូរស័ព្ទវិញ នាងថា មិនទាន់ទទួលបានផលិតផលថ្មីឡើយ ខណៈដែលបទចម្រៀងវិញ នាងបានត្រៀមចេញនៅផលិតកម្មផ្ទាល់ខ្លួនជាបន្ដបន្ទាប់ផងដែរ។

ឆ្លើយតបសំណួរអ្នកកាសែតថា តើមាស សុខសោភា នឹងទៅបង្ហាញខ្លួននៅផលិតកម្មថ្មីនៅពេលណានោះ?

សោភា ប្រាប់ថា បទចម្រៀងរបស់នាងនៅផលិតកម្មថ្មីមួយ នឹងចេញនៅខែធ្នូ ឆ្នាំ២០២០ នេះហើយ ដែលពេលនោះ ក្រុមអ្នកគាំទ្ររបស់នាងនឹងបាន Surprise នូវការលេចមុខរបស់នាងនៅទីនោះ។ ប៉ុន្ដែនាងថា ពេលនេះមិនទាន់ប្រាប់មុនបានទេ ហើយសម្រាប់រូបនាង គឺចូលចិត្តធ្វើការនៅទីណាដែលមានសេរីភាពពេញលេញ ដូចកាលនាងច្រៀងនៅថោន ដែរ ពិសេសគឺចង់ច្រៀងនៅទីនោះ ហើយឲ្យផលិតកម្ម Camtrax របស់នាងនៅដំណើរការធម្មតា ព្រោះនាងបើកយូរដែរ ហើយមិនចង់បិទទៅវិញទេ។

ដោយឡែក ទាក់ទងរឿងគម្រោងរៀបការជាមួយគូស្នេហ៍លោកអ៊ឹត រ៉ាដា អាណិកជនខ្មែរ មកពីកាណាដា នោះ នាងថា អាចនឹងរៀបចំនៅពេលឆាប់ៗខាងមុខនេះ ឬអាចនៅឆ្នាំក្រោយ (២០២១) នេះក៏ថាបានដែរ។

មហាជនយល់ថា ទោះជាពេលនេះ មាស សុខសោភា មិនប្រាប់ថា ផលិតកម្មថ្មីរបស់នាងឈ្មោះអ្វីក៏ដោយ តែជម្រើសរបស់សោភា មានតែ២ផលិតកម្មគត់ គឺហង្សមាស និង Galaxy ខណៈដែលតាមព័ត៌មានចុងក្រោយថា សោភា មានភាគរយខ្ពស់ក្នុងការចូលហង្សមាស ច្រើនជាង៕
