Saturday, August 23, 2025
Homeតារាខ្មែរសូដា នីតា នៅកាន់ទុក្ខម្តាយជាទីស្រលាញ់ មិនទាន់កំណត់ថ្ងៃរៀបការ

សូដា នីតា នៅកាន់ទុក្ខម្តាយជាទីស្រលាញ់ មិនទាន់កំណត់ថ្ងៃរៀបការ

តារាចម្រៀង សម្ដែង និងពិធីការិនី សូដា នីតា បានសារភាពប្រាប់ ”នគរធំ” កាលពីថ្ងៃទី៦ ខែតុលា ថា នាងពិតជាបានភ្ជាប់ពាក្យជាមួយតារាសម្ដែងលោកស៊ិន សូរិយ៉ា ហៅយុទ្ធ ឋានៈ ដូចការលេចឮមែន។

ទោះជាយ៉ាងណា សូដា នីតា ថា ការកំណត់ថ្ងៃរៀបការជាក់លាក់នៅពេលណានោះ គឺមិនទាន់អាចកំណត់បានឡើយ។ នាងថា ចំពោះមូលហេតុដែលមិនអាចសន្មត់ថា ថ្ងៃណានាងនិងគូដណ្ដឹង នឹងដឹកដៃគ្នារៀបការនោះ ដោយសារតែមុននេះម្ដាយរបស់នាងបានទទួលមរណៈភាព ហេតុនេះហើយរឿងរៀបការឆាប់ៗនេះ គឺមិនទាន់អាចធ្វើបានទេ ព្រោះតែនាងនៅកាន់ទុក្ខជូនម្ដាយនៅឡើយ។

តាមរយៈការវាចាររបស់សូដា នីតា បែបនេះ បញ្ជាក់ថា នាងមិនច្បាស់ចំពោះថ្ងៃរៀបការថា នឹងអាចរៀបចំបាននៅនៅចុងឆ្នាំ២០២០នេះ ឬដើមឆ្នាំ២០២១នោះទេ​ព្រោះបើធ្វើពិធីជប់លៀងធំដុំផឹកស៊ីសប្បាយទៅ មិនសមនឹងអំឡុងពេលដែលនាងកំពុងកាន់ទុក្ខចំពោះការបាត់បង់ម្ដាយជាទីស្រលាញ់។

ដោយឡែកលោកយុទ្ធ ឋានៈ វិញ បានប្រាប់អ្នកកាសែតថា លោកពិតជាបានភ្ជាប់ពាក្យជាមួយសូដា នីតា តាំងពីមុនបុណ្យភ្ជុំបិណ្ឌមែន តែពិធីនោះមិនជាធំដុំទេ ដោយសារតែសូដា នីតា ទើបបាត់បង់ម្ដាយផង និងម្យ៉ាងទៀត មិនចង់មានការជួបជុំទ្រង់ទ្រាយធំ ព្រោះតែកូវីដ-១៩ មិនទាន់ស្ងាត់ផង។

លោកយុទ្ធ ឋានៈ បាននិយាយស្រដៀងគ្នានឹងសូដា នីតា ដែរថា មិនទាន់និយាយរឿងរៀបការបានទេ គឺមូលហេតុគូដណ្ដឹងរបស់លោក ទើបបាត់បង់ម្ដាយហើយ នៅកាន់ទុក្ខជូនអ្នកមានគុណនៅឡើយ។

សូដា នីតា បានបង្ហាញទឹកមុខស្រងូតស្រងាត់ជាខ្លាំង ក្រោយពីម្ដាយរបស់នាង អ្នកស្រីជុំ សារឿន បានទទួលមរណៈភាពកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដែលទោះជាពេលនេះរំលងទៅរយៈពេលជិត៧ខែក្ដី ប៉ុន្តែនាងនៅតែអាឡោះអាល័យសោកស្ដាយនូវការបែកម្ដាយជារៀងរហូតនេះ។

ប៉ុន្ដែដើម្បីជាកាដូលើកទឹកចិត្តខ្លួនឯង កាលពីថ្ងៃទី២១ ខែឧសភា គេឃើញនាងបានទិញរថយន្ដទំនើប Lexus LX 570 ពណ៌ស ដែលមានតម្លៃជាង២០ម៉ឺនដុល្លារផងដែរ ហើយនាងថែមទាំងប្រាថ្នាចង់បានរថយន្ដប្រភេទនេះ ពណ៌ខ្មៅ១គ្រឿងថែមទៀតផង។

ដោយឡែក ទាក់ទងរឿងគូជីវិតវិញ សូដា នីតា ដែលធ្លាប់ប៉ះស្នេហាមិនសូវសមប្រកប និងធ្លាប់ភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរ មកពីបារាំង លោកវិសាល តែមិនទាន់បានរៀបការក៍ចែកផ្លូវគ្នាទៅវិញនោះ ពេលនេះនាងបានរកបានម្ចាស់បេះដូងថ្មីឃើញ ហើយតាមរយៈការភ្ជាប់ពាក្យជាផ្លូវការជាមួយបុរសរូបសង្ហាសាច់សុំធំៗ ជាតារាសម្ដែង និងមន្រ្ដីយោធាលោកយុទ្ធ ឋានៈ។

តារារួមអាជីពចង់ឲ្យសូដា នីតា ប្រញាប់រៀបការកុំទុកយូរនាំជូនផ្អូម ប៉ុន្តែដោយសារនាងកំពុងកាន់ទុក្ខជូនម្ដាយ ទើបពេលនេះមិនទាន់ហ៊ានបោះធៀបការតាមសំណូមពរអ្នករួមអាជីពឡើយ។ នេះជាតារា១គូទៀតហើយ ដែលភ្ជាប់ស្នេហ៍ជាមួយតារាដូចគ្នា ខណៈដែលកន្លងមក គេឃើញតារាស្រីយកប្ដីជាតារាដែរ មានដូចជា អ្នកនាងយក់ ថិតរដ្ឋា, ស៊ឹម សូលិកា, ម៉ូលីកា, អែនជី, អ៊ឹម សុគន្ធា, សួស វីសា, សឿ សុធារ៉ា និងគង់ ច័ន្ទស្រីមុំ  ជាដើម៕   ហ៊ឹម វិចិត្រ

RELATED ARTICLES