Saturday, August 23, 2025
Homeព័ត៌មានជាតិសូមប្រុងប្រយ័ត្នទាំងអស់គ្នា... កុំឲ្យជួបរឿងសោកស្តាយដូចករណីនេះ

សូមប្រុងប្រយ័ត្នទាំងអស់គ្នា… កុំឲ្យជួបរឿងសោកស្តាយដូចករណីនេះ

ខេត្តពោធិ៍សាត់ ៖ យុវតីរូបស្រស់ម្នាក់ ព្រោះតែមានការធ្វេសប្រហែស រវល់តែដើរបណ្តើរចុចទូរស័ព្ទបណ្តើរ ភ្លេចមើលផ្លូវ ក៏បានរអិលជើងធ្លាក់ចូលប្រឡាយទឹក បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ស្របពេលដែលជំនន់ទឹកភ្លៀងកំពុងតែវាយលុកខ្លាំងក្លា។

ហេតុការណ៍អកុសលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់។ លុះមកដល់វេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃដដែល ទើបប្រជាពលរដ្ឋ និងសមត្ថកិច្ចរាវរកប្រទះឃើញ ក្បែរកន្លែងកើតហេតុ។

លោកយឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា យុវតីរងគ្រោះដែលដើរធ្លាក់ទឹកស្លាប់ខាងលើនេះ មានឈ្មោះសុង រក្សា អាយុ២១ឆ្នាំ ជាអតីតនិស្សិតនៅវិទ្យាស្ថានពហុបច្ចេកទេសពោធិ៍សាត់ជំនាញអគ្គិសនី ប៉ុន្តែសព្វថ្ងៃបានផ្ទេរការសិក្សាមករៀន នៅសាកលវិទ្យាល័យ អង្គរខេមរា សាខាខេត្តពោធិ៍សាត់ ជំនាញគណនេយ្យវិញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មានករណីលង់ទឹកស្លាប់ ដោយសារយុវតីរងគ្រោះខាងលើ ដើរបណ្តើរមើលទូរស័ព្ទបណ្តើរ មិនបានមើលមុខបណ្តាលឱ្យខុសផ្លូវ ធ្លាក់ចូល ប្រឡាយលង់ទឹកស្លាប់តែម្តង។

ក្រោយកើតហេតុ ក្រុមគ្រួសារយុវតីរងគ្រោះ បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ រាវរកភ្លាមៗដែរ រហូតដល់ វេលាម៉ោង៧ និង១៥នាទីយប់ថ្ងៃដដែល ទើបរាវរកសាកសពឃើញ។

បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា យុវតីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពយុវតីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយក្តីសោក អាល័យជាទីបំផុត។

សូមបញ្ជាក់ថា នេះជាករណីទី១ហើយ បន្ទាប់ពីខេត្តពោធិ៍សាត់ បាននឹងកំពុងទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរ នូវជំនន់ទឹកភ្លៀង។ ជាមួយគ្នានោះ អាជ្ញាធរមានសមត្ថកិច្ច បានអំពាវនាវយ៉ាងទទួច ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមជម្លៀងប្រជាពលរដ្ឋទៅរកទីទួល មានសុវត្ថិភាពជាមុន ជៀសវាងគ្រោះអាសន្នមកដល់ ជួបនូវការលំបាកក្នុងការដឹកជញ្ជូន៕

RELATED ARTICLES