Friday, April 19, 2024
Homeព័ត៌មានជាតិមិត្ត​ភាព​ខ្មែរ​-​ចិន បន្ត​ប្រ​ពៃណី​តាម​ព្រះ​រាជ​តម្រិះ​ព្រះ​បរមរតន​កោដ្ឋ

មិត្ត​ភាព​ខ្មែរ​-​ចិន បន្ត​ប្រ​ពៃណី​តាម​ព្រះ​រាជ​តម្រិះ​ព្រះ​បរមរតន​កោដ្ឋ

ភ្នំពេញ ៖ ដំណើរទស្សនកិច្ចរបស់ លោកស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ តុលា ឆ្នាំ២០១៦ នេះ ស្តែងឱ្យឃើញនូវទំនាក់ទំនងដ៏ល្អប្រពៃនិងអមតៈ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ពោលគឺមិត្តភាពកម្ពុជាចិន គឺជាការបន្តប្រពៃណី តាមព្រះរាជតម្រិះរបស់ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

ប្រទេសកម្ពុជា និងចិន ជាប្រទេសជិតខាងល្អដែលមានប្រវត្តិទំនាក់ទំនងជាប្រពៃណី និងជាមេត្រីភាពតាំងពីយូរយារណាស់មកហើយ។  រហូតមកដល់ពេលនេះ ការផ្លាស់ប្តូរទំនាក់ទំនង ទ្វេភាគីនេះមានរយៈពេលជាង១០០០ឆ្នាំ ដោយ បានបន្តនូវប្រវត្តិរឿងរ៉ាវជាគំរូល្អៗជាច្រើនក្នុង ប្រវត្តិសាស្ត្រ ដែលត្រូវបានកូនចៅជំនាន់ក្រោយ អនុវត្តបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត។

នៅខែមេសា ឆ្នាំ១៩៥៥ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ និងលោកជូ អេន ឡាយ នាយករដ្ឋមន្ត្រីចិន បានជួបគ្នានៅក្នុង សន្និសីទអាស៊ីអាហ្វ្រិក នៅទីក្រុងបានឌុង ដែល ជាទីចាប់ផ្តើមនៃទំនាក់ទំនងមេត្រីភាពរវាង ប្រទេសកម្ពុជា និងចិន។ នៅថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ១៩៥៨ ប្រទេសកម្ពុជា និងចិន បាន ចាប់ផ្តើមមានទំនាក់ទំនងការទូតជាផ្លូវការ។ ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេស កម្ពុជា និងចិន ដែលត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន ជាពិសេសព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ត្រូវបានបន្តថែរក្សាយ៉ាង យកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗ របស់ប្រទេសកម្ពុជា និងចិន។ ភាគីទាំងពីរ មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ គ្នាលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ មនុស្សជាតិ ព្រមទាំងកិច្ចការក្នុងតំបន់ និងអន្តរជាតិ ដោយទទួលបាននូវ សមិទ្ធផលយ៉ាងច្រើន។

ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាមិត្តភក្តិចាស់របស់ប្រជាជនចិន។ ថ្នាក់ដឹកនាំជំនាន់មុនៗរបស់ប្រទេសចិន សុទ្ធតែ បានរឹតចំណងមិត្តភាពយ៉ាងជ្រាលជ្រៅជាមួយ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដោយបានរួមវិភាគទានដែលមិនអាចបំភ្លេច បានក្នុងការបណ្តុះបណ្តាលបុព្វហេតុមិត្តភាព រវាងប្រទេសកម្ពុជា និងចិន។ ជាច្រើនទសវត្សរ៍ កន្លងមកនេះ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានប្រកាន់ខ្ជាប់នូវគោលនយោបាយរាប់អានជាមួយប្រទេសចិន ព្រមទាំងបានស្នាក់នៅក្នុងប្រទេសចិន អស់រយៈពេល ជាយូរទៀតផង។ ប៉ុន្តែគួរឱ្យសោកស្តាយបំផុត គឺនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់បានយាងចូលព្រះទិវង្គត នៅក្រុងប៉េកាំង ប្រទេសចិន។ នាងពេលនោះ ថ្នាក់ដឹកនាំប្រទេស ចិន បានរៀបចំពិធីរំលែកទុក្ខចំពោះការយាង ចូលព្រះទិវង្គតរបស់ព្រះអង្គ នៅក្រុងប៉េកាំង ព្រមទាំងរៀបចំចាត់បញ្ជូនយន្តហោះពិសេស  ដើម្បីអមដំណើរព្រះមឈូសារបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ យាង ត្រឡប់មកកាន់រាជធានីភ្នំពេញវិញ។ នៅខែ កុម្ភៈ ឆ្នាំ២០១៣ លោកចា ឈាងលីន ប្រធាន សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេស ចិន ក៏បានអញ្ជើញមកចូលរួមក្នុងព្រះរាជពិធី បូជាព្រះបរមសពព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាផងដែរ។

ប្រទេសកម្ពុជា ជាដៃគូសហប្រតិបត្តិការ ដ៏សំខាន់របស់ប្រទេសចិន។ ថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរ តែងតែមានទំនាក់ទំនងគ្នាទៅវិញទៅមកជាញឹកញាប់។

នៅខែធ្នូ ឆ្នាំ២០១០ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយ ប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ការប្រាស្រ័យទាក់ទងគ្នា ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងក្នុងតំបន់រវាងប្រទេសទាំងពីរ កាន់តែមាន ភាពជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ។ ដោយឈរ លើមតិឯកភាពរួមផ្នែកនយោបាយកម្រិតខ្ពស់ ភាគីទាំងពីរមានការយោគយល់គ្នា គោរពគ្នា និងផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក រួមគ្នា គាំពារស្ថានការណ៍នៃទំនាក់ទំនងរវាងចិន និង អាស៊ាន ព្រមទាំងសុខសន្តិភាព និងស្ថិរភាព ក្នុងតំបន់ផងដែរ។

រហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេស ទាំងពីរ កម្ពុជា និងចិន ទទួលបាននូវសមិទ្ធផល ជាផ្លែផ្កាយ៉ាងច្រើនសម្បូរបែប។ ប្រទេសចិន ជាដៃគូពាណិជ្ជកម្មធំទីមួយ និងជាប្រទេសប្រភព នៃទុនបរទេសធំបំផុតរបស់ប្រទេសកម្ពុជា។ ឆ្នាំ២០១៥ ទំហំពាណិជ្ជកម្មទ្វេភាគី មានដល់ ទៅ ៤៣២០លានដុល្លារអាមេរិក។ នៅឆមាស ទី១ ឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មរវាងប្រទេស កម្ពុជា និងចិន មានដល់ទៅ២៣៤០លានដុល្លារ អាមេរិក កើនឡើង១០,២ភាគរយ បើធៀប ទៅនឹងដំណាក់កាលដូចគ្នានៅឆ្នាំ២០១៥។ ប្រទេសទាំងពីរមានជំនឿចិត្តថា នឹងសម្រេច គោលដៅដែលមានទំហំពាណិជ្ជកម្មទ្វេភាគី ចំនួន៥០០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧។ គិតរហូតដល់ខែមិថុនា ឆ្នាំ២០១៦ ប្រាក់វិនិយោគទុនដោយផ្ទាល់របស់ប្រទេសចិន នៅកម្ពុជា សរុបលើសពី១២០០០លានដុល្លារអាមេរិក។

ការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិ រវាង ប្រទេសទាំងពីរ ត្រូវពង្រីកដោយឥតឈប់ឈរ។  ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០១៦ ចំនួន ភ្ញៀវទេសចរចិន ដែលធ្វើទេសចរណ៍នៅកម្ពុជា មានដល់ទៅ ៤៤៤៩ម៉ឺននាក់ ដែលកើនឡើង ១២,៤ភាគរយ បើប្រៀបធៀបនឹងដំណាក់កាល ដូចគ្នានៅឆ្នាំមុន។ ជារៀងរាល់ថ្ងៃ មានជើងយន្តហោះចំនួន៣៥ ធ្វើការហោះហើរទៅមក រវាងប្រទេសចិន និងកម្ពុជា ហើយក្នុងនោះ មានទីក្រុងរបស់ប្រទេសចិន ជាង១០០ ដែល មានជើងហោះហើរមកកាន់កម្ពុជា ដោយផ្ទាល់។ ជាមួយគ្នានេះដែរ ទ្រង់ទ្រាយនៃការចាត់បញ្ជូន ផ្លាស់ប្តូរនិស្សិតបន្តការសិក្សា និងការបណ្តុះបណ្តាលធនធានមនុស្ស រវាងប្រទេសទាំងពីរ ត្រូវបានពង្រីកឥតឈប់ឈរ។

មិនថាស្ថិតក្នុងកាលៈទេសៈណា ភាគីចិន តែងតែផ្តោតការយកចិត្តទុកដាក់ទៅលើទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដោយផ្តល់ការ ជ្រោមជ្រែង គាំទ្រដល់ប្រទេសកម្ពុជា ក្នុងការ ដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសមស្របនឹង ស្ថានភាពរបស់ប្រទេសខ្លួន។ ជាពិសេសផ្តល់ការ គាំទ្រដល់ប្រទេសកម្ពុជា ក្នុងការរក្សាស្ថិរភាព និងពន្លឿនការអភិវឌ្ឍ ធ្វើឱ្យកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេស កម្ពុជា និងចិន ឱ្យកាន់តែមានភាពស៊ីជម្រៅ ដោយមិនងាករេ។ ព្រមជាមួយគ្នានេះ សហគ្រាសចិន បានជួយកសាងស្ពាននិងផ្លូវថ្នល់នៅ ប្រទេសកម្ពុជា ដោយបានរួមវិភាគទានក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកែលម្អជីវភាពរស់នៅ របស់ប្រជាជននៃប្រទេសកម្ពុជាផងដែរ។ ដោយសារកសិកម្មកម្ពុជានៅតែមានភាពទន់ខ្សោយ ប្រទេសចិន បានផ្តល់ការជួយឧបត្ថម្ភគ្រប់បែប យ៉ាងលើវិស័យកសិកម្មដល់កម្ពុជា ដែលក្នុង នោះរួមមានទាំងបច្ចេកទេសដាំដំណាំ ប្រព័ន្ធធារាសាស្ត្រ និងការនាំចេញអង្ករជាដើម ដោយ បានផ្តល់នូវការជួយជ្រោមជ្រែងយ៉ាងជាក់ស្តែង ដល់កសិករកម្ពុជា។

ដោយឡែកកម្ពុជា ក៏បានផ្តោតសំខាន់ដល់ ការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិនផង ដែរ ដោយបានផ្តល់ការគាំទ្រយ៉ាងម៉ឺងម៉ាត់  ដល់ភាគីចិន ក្នុងបញ្ហាធំៗនិងសំខាន់ៗ ដែល ប្រទេសចិន យកចិត្តទុកដាក់បំផុត ដូចជាបញ្ហា សមុទ្រចិនខាងត្បូង និងបញ្ហាតៃវ៉ាន់ជាដើម។ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បាន យាងចូលរួមក្នុងមហាសន្និបាតរំលឹកខួបទី៧០ ឆ្នាំ នៃការទទួលជ័យជម្នះក្នុងសង្គ្រាមប្រឆាំង នឹងជប៉ុន របស់ប្រជាជនចិន និងសង្គ្រាមប្រឆាំង នឹងហ្វាសស៊ីសពិភពលោក។ ប្រទេសកម្ពុជា បាន គាំទ្រនូវគំនិតផ្តួចផ្តើមអំពីយុទ្ធសាស្ត្រ “ខ្សែក្រវាត់មួយ និងផ្លូវមួយ” និងចូលរួមយ៉ាងសកម្ម ជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលលើកឡើងដោយប្រទេសចិន។ ជាពិសេស សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បាន អញ្ជើញចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មចិនអាស៊ាន ជារៀងរាល់ឆ្នាំ និងវេទិកាអាស៊ីបូអាវ ផងដែរ។ កាលពីខែមីនា ឆ្នាំ២០១៦ សម្តេច ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងសន្និសីទ ថ្នាក់ដឹកនាំលើកដំបូង ស្តីពីយន្តការនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង និងទន្លេមេគង្គ នៅ ប្រទេសចិន។ ម៉្យាងទៀត កម្ពុជាក៏បានរួម សហការជាមួយភាគីចិន ក្នុងការបង្ក្រាបលើ ករណីបោកបញ្ឆោតតាមបណ្តាញអ៊ីនធើរណេត និងទូរគមនាគមន៍ និងផ្តល់ការគាំទ្រយ៉ាងម៉ឺងម៉ាត់ដល់ប្រទេសចិន ក្នុងការរួមសហការតាមដាន ចាប់ខ្លួនមន្ត្រីស៊ីសំណូក ដែលរត់គេចខ្លួននៅឯ នាយសមុទ្រទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសចិន កើតនូវគ្រោះមហន្តរាយធម្មជាតិ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានបរិច្ចាគព្រះរាជទ្រព្យជាច្រើនលើកដល់តំបន់រងគ្រោះរបស់ ប្រទេសចិន។ នៅខែកក្កដា ឆ្នាំ២០១៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង សេរីភាព សេចក្តីថ្លៃថ្នូរនិងសុភមង្គល ក៏បាន បរិច្ចាគព្រះរាជទ្រព្យដល់តំបន់រងគ្រោះដោយ សារទឹកជំនន់នៅប្រទេសចិន ផងដែរ។ ជាមួយ គ្នានេះ គ្រប់មជ្ឈដ្ឋានក្នុងសង្គមកម្ពុជា បានយក ចិត្តទុកដាក់ដល់តំបន់រងគ្រោះដោយធម្មជាតិ របស់ប្រទេសចិន និងបានផ្តល់ការជួយជ្រោមជ្រែងបានទាន់ពេលវេលាទៀតផង។ ព្រមជាមួយ គ្នានេះដែរ ភាគីកម្ពុជា ក៏បានដើរតួនាទី ជាវិជ្ជមានក្នុងការគាំពារនិងជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងចិនអាស៊ានទៀតផង។

កាលពីខែធ្នូ ឆ្នាំ២០០៩ លោកស៊ី ជីនពីង ប្រធានាធិបតីចិន ដែលកាលនោះជាអនុប្រធានរដ្ឋចិន បានអញ្ជើញមកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា។ ដោយឡែកសម្រាប់ដំណើរ ទស្សនកិច្ចរបស់លោកស៊ី ជីនពីង លើកនេះ គឺជឺទាស្សនកិច្ចលើកដំបូង ដែលថ្នាក់ដឹកនាំ សំខាន់ៗរបស់ប្រទេសចិន អញ្ជើញមកបំពេញ ទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីចាប់ផ្តើមបង្កើត ក្រុមថ្នាក់ដឹកនាំអាណត្តិថ្មីរបស់ប្រទេសចិន កាល ពីខែវិច្ឆិកា ឆ្នាំ២០១២។ ដំណើរទស្សនកិច្ច លើកនេះមានសារសំខាន់ខ្លាំងណាស់ សម្រាប់ ពង្រឹង និងពង្រីកមិត្តភាពជាប្រពៃណី រវាង ប្រទេសទាំងពីរ កម្ពុជាចិន ហើយក៏នឹងជំរុញ ឱ្យកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ រវាងប្រទេសទាំងពីរ មានភាពកាន់តែ ស៊ីជម្រៅ រឹងមាំថែមទៀត។ ក្នុងអំឡុងពេល បំពេញទស្សនកិច្ចនេះដែរ លោកស៊ី ជីនពីង នឹង ចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងជួបពិភាក្សាការងារ ជាមួយនឹងសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងចូលរួម ជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារ ស្តី ពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងន័យជំរុញ យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាចិន ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យ កាន់តែមានភាពស៊ីជម្រៅ និងទទួលបាននូវ សមិទ្ធផលថ្មីៗថែមទៀត៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES