គ្រាន់តែលាចាកសិក្ខាបទមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែលោក ជា វិបុល បានដឹកដៃភរិយាអ្នកនាងគង់ សុជាតិ ទៅបើកសម្ពោធគម្រោងដីឡូតិ៍មួយកន្លែងជាមួយដៃគូថ្មី ដែលគេស្គាល់ថា ជាប្អូនប្រុសបង្កើតរបស់លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា។

ពិធីសម្ពោធមុខជំនួញថ្មីក្រោមទុនរាប់សែនដុល្លារនេះ បានធ្វើកាលពីថ្ងៃអាទិត្យ ទី១១ ខែ តុលា កន្លងមកនេះ នៅឯទីតាំងដីផ្ទាល់តែម្ដង តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទឹកដីភូមិព្រៃទទឹង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

លោកជា វិបុល បានឱ្យដឹងថា នេះជាលើកដំបូងហើយដែលលោកបានបោះទុនប្រាក់ផ្ទាល់ខ្លួនក្នុងគម្រោងលក់ដីឡូតិ័ ។ ទាំងនេះក៏ដោយសារតែលោក ព្រមទាំងភរិយា បានធ្វើការងារជាមួយលោក ឡេង និមល ច្រើនលើកមកហើយ ឃើញថា ទីផ្សារអចលនទ្រព្យ ពិសេសដីឡូតិ៍មានទីផ្សារខ្លាំង ជាឱកាសមិនអាចបង្អង់យូរបាន គួបផ្សំដៃគូរបស់លោកជាមនុស្សល្អយល់ចិត្តគ្នា នឹងជាក្រុមហ៊ុនមួយមានកេរ្តិ៍ឈ្មោះល្អ អតិថិជនមានទំនុកចិត្ត ទើបលោក ព្រមទាំងភរិយា បានសម្រេចចិត្តចូលហ៊ុនរកស៊ីជាមួយគ្នាតែម្ដង។

ទោះជាយ៉ាងណា លោកវិបុល មិនបញ្ជាក់ថា លោកដាក់ទុននូវទឹកប្រាក់ចំនួនប៉ុន្មានទេ គឺគ្រាន់តែបង្ហើបថា លោក និងលោកនិមល ចូលគ្នា៥០%ម្នាក់ លើផ្ទៃដី១០ហិកតារនោះ។ មុនឈានដល់ការចាប់ដៃគូរកស៊ីជាមួយលោកជា វិបុល និងអ្នកនាងគង់ សុជាតិ នេះ លោកឡេង និមល បានឱ្យដឹងនៅក្នុងថ្ងៃសម្ពោធបើកគម្រោងដីឡួតិ៍នោះថា ផ្ដើមឡើងដោយការធ្វើការជាមួយគ្នា ហើយអ្នកទាំងពីរ ជា Idol របស់លោកផងនោះ ក៏ឈានដល់ទំនាក់ទំនងកាន់តែស្និទ្ធស្នាល កើតចេញជាមុខជំនួញនេះឡើងតែម្ដង។

ដោយឡែក ប្អូនប្រុសរបស់លោកឧកញ៉ាឡេង ណាវ៉ាត្រា រូបនេះ ឲ្យដឹងថា អ្នកទាំងពីរសាកល្បងលើដីចំនួន១០ហិកតារសិន ប្រសិនបើជោគជ័យ ពួកគេនឹងបន្តនៅមុខជំនួញដីឡូតិ៍នេះជាបន្តបន្ទាប់ទៀត។ ក្នុងដីគម្រោង១០ហិកតារ ត្រូវបានពុះចេញជាង១០០០ឡូតិ៍ មានប្រពន្ធលូ ទឹក ភ្លើង និងសួនច្បាជាដើម។

ក្នុង១ឡូត៍ លក់ចេញចាប់ពីជាង៣៥០០ដុល្លារ រហូតដល់ជាង១ម៉ឺនដុល្លារ មានការបង់រំលស់ត្រឹមតែ៨០ដុល្លារ ក្នុង១ខែប៉ុណ្ណោះ គឺពិតជាងាយស្រួលសម្រាប់បងប្អូនតែមានចំណូលទាប។ បច្ចុប្បន្នគ្រាន់តែប្រកាសលក់ចេញនោះ ដីមួយចំនួនធំត្រូវបាន អតិថិជនទិញអស់មួយចំនួនធំទៅហើយ។

ចំណែកអ្នកនាងគង់ សុជាតិ បានបង្ហាញទឹកមុខរីករាយ និងគាំទ្រពេញទំហឹងនៅពេលដែលស្វាមីឈានមួយជំហានទៀត ក្រៅពីកាងារសិល្បៈ តាមរយៈការងាកទៅដាក់ទុនរកស៊ីចូលគ្នាជាមួយប្អូនលោកឧកញ៉ា នាពេលនេះ៕