ស្វាមីឱក សុគន្ធកញ្ញា លោកអ៊ឹង សុខលី ដែលជាប្អូនថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន និងជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស នោះ បានចេញមុខមកជួយអន្ដរាគមន៍ភរិយារបស់លោក តាមរយៈការចូលខ្លួនមកដឹកនាំសម្ដែង MV ជាថ្មីឡើងវិញ ខណៈដែលលោកមិនដែលធ្វើកិច្ចការនេះជាង៥ឆ្នាំទៅហើយ។

បទចម្រៀង MV សម្រាប់បុណ្យកឋិនទានឆ្នាំនេះ របស់ឱក សុគន្ធកញ្ញា ដែលចាប់ដៃច្រៀងឆ្លងឆ្លើយ និងសម្ដែងជាមួយលោកខេមរៈ សិរីមន្ដ នោះ គឺមានឈ្មោះលោកសុខលី ជាអ្នកដឹកនាំសម្ដែងតែម្ដង ក្នុងនោះ មានដូចជាបទ ”បុណ្យកឋិនទាន” និងបទមួយចំនួនទៀត។

នេះមិនមែនជារឿងចៃដន្យឡើយ ប៉ុន្ដែការដែលសុគន្ធកញ្ញា ប្រឈមភាពនៅទ្រឹង ក្រោយសម្រាលកូនបានជិត១ឆ្នាំនេះ ធ្វើឲ្យលោកសុខលី មិនអាចនៅស្ងៀមតទៅទៀតបានទេ បើទោះជាគេដឹងថា លោកមមាញឹកខាងទូរទស្សន៍ រកតែដកខ្លួនមិនរួចក្ដី។

ប៉ុន្ដែអ្នកដឹកនាំសម្ដែងនៅផលិតកម្មផ្សេងទៀត បែរជាលើកឡើងថា ការដែលស្វាមីឱក សុគន្ធកញ្ញា ចេញមកធ្វើអ្នកដឹកនាំសម្ដែងសាជាថ្មីនេះ ព្រោះតែពេលនេះហង្សមាស ត្រូវការយកគុណភាព MV មិនឲ្យចាញ់ Galaxy ព្រោះចាប់ពីពេលនេះតទៅ ផលិតកម្មទាំង២ នេះ កាន់តែមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លាទៅៗ ហើយទាំងបទចម្រៀង និង MV ហេតុនេះហើយ ប្ដីសុគន្ធកញ្ញា ដែលធ្លាប់ដឹកនាំសម្ដែងបទចម្រៀងល្បីៗជាច្រើបបទពីមុនមកនោះ ត្រូវតែចេញមុខមកជួយភរិយារបស់លោក ក៏ដូចជាហង្សមាស ទើបអាចទប់ទល់បាន។

ចំណែកការដែលឱក សុគន្ធកញ្ញា ចាប់ដៃជាញឹកញាប់ជាមួយលោកខេមរៈ សិរីមន្ដ នោះ បញ្ជាក់ថា ពេលនេះ ហង្សមាស ចាត់ទុកតារាទាំង២ គឺជាតួឯកប្រចាំផលិតកម្ម ក្រោយពីការចាកចេញរបស់ព្រាប សុវត្ថិ ទៅចូល Galaxy កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។
ទស្សនិកជនមិនទាន់អាចសន្និដ្ឋានបានទេថា ឱក សុគន្ធកញ្ញា នឹងមានសន្ទុះនៅតែខ្លាំងក្លាដូចកាលនៅក្រមុំ ឬយ៉ាងណានោះ បន្ទាប់ពីនាងត្រូវបានប្ដីចេញមុខមកជួយនៅរដូវបុណ្យកឋិនទាននេះ។ ប៉ុន្ដែរយៈពេលជាង១ឆ្នាំទៅហើយ ដែលគេមិនទាន់ឃើញមានបទចម្រៀងរបស់សុគន្ធកញ្ញា ផ្ទុះខ្លាំងដូចមុនទៀតទេ តាំងពីនាងរៀបការប្ដី និងមានកូន១ នេះទើបធ្វើឲ្យមហាជនហាក់មានភាពស្រពេចស្រពិលរឿងកេរ្ដិ៍ឈ្មោះរបស់អ្នកចម្រៀងរូបនេះ។

អ្នកជំនាញសិល្បៈលោកម៉ិញ សុធីវណ្ណ មិនជឿថា ហង្សមាស បណ្ដោយឲ្យសុគន្ធកញ្ញា ដែលជាប្អូនថ្លៃថៅកែផលិតកម្មនោះធ្លាក់ចុះជាដាច់ខាត។ ផ្ទុយទៅវិញ លោកជឿថា សុគន្ធកញ្ញា រឹតតែល្បីល្បាញ និងខ្លាំងក្លាជាងមុនទៅទៀត ក្រោយពីនាងមានប្ដីនិងកូន១ ហើយក្លាយទៅជាក្រុមគ្រួសារថៅកែហង្សមាស នេះ។

ឱក សុគន្ធកញ្ញា បានរៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ និងសម្រាលកូនកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយដាក់ឈ្មោះថា អ៊ឹង បញ្ញាបុត្រ ហៅ Charlie។

បន្ទាប់ពីមានប្ដី និងកូន១នេះ សុគន្ធកញ្ញា ឡើងគីឡូជ្រុលបន្ដិច ហើយបទចម្រៀងនាងមិនទាន់មានផ្ទុះដូចមុនឡើយ ប៉ុន្ដែស្វាមីរបស់នាងបានរៀបជើងព្រួលរួចជាស្រេច សម្រាប់ការពារកុំឲ្យភរិយារបស់លោកធ្លាក់ចុះនោះ គឺការប្រគល់តំណែងធំទាំង៤ព្រមគ្នា ធ្វើជាគ្រូបង្វឹក និងគណៈកម្មការ កម្មវិធី “The Voice Cambodia”, “The Voice Kids Cambodia”, “Cambodian Idol” និង “X Factor Cambodia” ដែលតួនាទីខាងលើនេះស្ទើរតែធានាបានទៅហើយថា ទោះជាសុគន្ធកញ្ញា គ្មានបទល្បី ក៏នាងនៅតែរក្សាកៅអីបានដែរ៕ ហ៊ឹម វិចិត្រ