ភ្នំពេញ ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានលើកឡើងថា ដើម្បីកាត់បន្ថយជំនន់ទឹកភ្លៀង សូមកុំលុបបឹងបន្តទៀត ដោយលោកបានលើកតឹកតាងប្រវត្តិសាស្រ្តមកធ្វើជាគំរូថា អាណាចក្រអង្គរដ៏ល្បីល្បាញ ត្រូវបានពិភពលោកទទួលស្គាល់ថា មានសេដ្ឋកិច្ចរុងរឿងដោយសារវិស័យមួយ គឺកសិកម្ម ដែលក្នុងនោះ ការរៀបចំប្រព័ន្ធធារាសាស្ត្រ ដោយការជីកបារាយណ៍ធំៗស្ដុកទឹក សម្រាប់បម្រើវិស័យកសិកម្ម ។ បន្ថែមលើនេះទៀត អ្នកជំនាញបុរាណវត្ថុវិទ្យា ក៏បានរកឃើញដែរថា អាណាចក្រកម្ពុជទេស មិនត្រឹមជីកបារាយណ៍ធំៗប៉ុណ្ណោះទេ គឺមានការជីកត្រពាំងរាប់រយនៅតាមភូមិឋានទៀតផង ។

លោកបណ្ឌិត សុខ ទូច បានសរសេរនៅក្នុងទំព័របណ្ដាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ ថា “ពេលនេះ ទើបដឹងថា អ្វីទៅដែលមានសារសំខាន់ក្នុងការកាត់បន្ថយទឹកជំនន់ បណ្តាលមកពីទឹកភ្លៀង ៖
1. សូមកុំលុបបឹងបន្តទៅទៀត បើមិនបានបង្កើតថ្មីទេនោះ
2. ត្រូវស្ដារប្រឡាយ ស្ទឹង អូរ ដៃទន្លេ ឱ្យបានជ្រៅល្អ
3. ស្រះ ត្រូវតែមានតាមភូមិ ក៏ដូចតាមវត្តដែរ
4. កាត់បន្ថយមនុស្សទៅរស់តាមច្រាំងស្ទឹង ទន្លេ អូរ ព្រែក ដែលជាមូលហេតុធ្វើឱ្យស្ទះចរន្តទឹក ក៏ដូចជាគ្មានអនាម័យ និងចោលកាកសំណល់គ្មានសណ្ដាប់ធ្នាប់
5. សូមយើងទាំងអស់គ្នាជួយថែរក្សាសម្បត្តិទាំងនេះ ជារបស់យើងទាំងអស់គ្នា អាណាចក្រអង្គរ ដ៏ល្បីល្បាញ ត្រូវបានពិភពលោកទទួលស្គាល់ថា មានសេដ្ឋកិច្ចរុងរឿង ដោយសារវិស័យមួយ គឺកសិកម្ម ដែលក្នុងនោះ ការរៀបចំប្រព័ន្ធធារាសាស្ត្រ ដោយការជីកបារាយណ៍ធំៗស្ដុកទឹក សម្រាប់បម្រើវិស័យកសិកម្ម។ បន្ថែមលើនេះទៀត អ្នកជំនាញបុរាណវត្ថុវិទ្យា ក៏បានរកឃើញដែរថា អាណាចក្រនេះ មិនត្រឹមជីកបារាយណ៍ធំៗប៉ុណ្ណោះទេ គេក៏ជីកត្រពាំងរាប់រយ នៅតាមលំនៅ ភូមិដ្ឋានទៀតផង ។
6. កុំចង់មានតែមួយជំនាន់ ហើយក្រតជំនាន់“។
ជុំវិញការលើឡើងខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីលោកបណ្ឌិត សុខ ទូច បានទេ កាលពីម្សិលមិញ ដោយទូរស័ព្ទរបស់លោកជាប់រវល់ ។
ទោះបីយ៉ាងណា ក្នុងកិច្ចពិភាក្សាតុមូល លើប្រធានបទ “តើកម្ពុជា ត្រៀមអ្វីខ្លះដើម្បីស្ដារសេដ្ឋកិច្ចក្រោយចប់កូវីដ១៩” កាលពីថ្ងៃទី១៩ មិថុនា ឆ្នាំ២០២០ លោកបណ្ឌិត សុខ ទូច បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ឈប់លុបបឹង ហើយទុកនិងកែច្នៃបឹងដែលនៅសេសសល់ទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍វិញ។ លោកថា បើសិនជាបន្តលុបបឹងទៀត រាជធានីភ្នំពេញ នឹងបន្តលិចពេលភ្លៀងធ្លាក់ ដោយសារតែទឹកអស់កន្លែងហូរចូល ។ ដូច្នេះគួរមើលគំរូអភិវឌ្ឍន៍តាមប្រទេសរីកចម្រើន និងកែប្រែទម្លាប់រក្សាគុណភាពបរិស្ថាន ដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ ។

លោកសុខ ទូច បានមានប្រសាសន៍នៅពេលនោះថា “ប្រទេសកូរ៉េ មានផ្ទៃដីតូចជាងខ្មែរ មានប្រជាជនដល់ទៅ៥២លាននាក់ គេអត់ទាន់មានលុបបឹងទេ ។ ខ្ញុំជិះកាត់តាមបឹងកប់ស្រូវ (បឹងតាមោក) ឃើញតែចាក់ដី ។ តើយើងអាចទុកបឹង សម្រាប់កែច្នៃវិស័យទេសចរណ៍បានដែរឬទេ? ខ្ញុំដឹង! និយាយហ្នឹងប៉ះ ប៉ុន្តែត្រូវតែទទួលការឈឺចាប់ ត្រូវតែទទួលយក បើមិនទទួលយក បន្តលុបបឹងទៀត ហើយពេលភ្លៀងមក លិចភ្នំពេញ ។ ហេតុអីបានលិច? ព្រោះវាអត់អីហូរ។
ស្រុកគេ ទៅមើលថៃ មុននឹងបញ្ជូនកាកសំណល់ទៅក្នុងទន្លេ គេត្រូវស្តុកទុកឱ្យកកសិន បីដំណាក់កាល បានគេបង្ហូរចូលទៅក្នុងទន្លេ។ យើងក៏ដូចគ្នាដែរ យើងត្រូវតែកែសង្គមយើង ប្រទេសរបស់យើងទាំងអស់គ្នា ខ្ញុំរស់នៅក៏មិនបានយូរ លោកក៏រស់នៅមិនបានយូរ ប៉ុន្តែស្អីដែលយូរ? កូនរបស់យើង ពូជរបស់យើង ។ យើងត្រូវតែរក្សា”។
លោកមុត ចន្ថា ជំនួយការលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានលើកឡើងថា កាលលោកវណ្ណ មូលីវណ្ណ បិតាស្ថាបត្យករខ្មែរ នៅរស់ លោកបានបញ្ជាក់ថា ភ្នំពេញ នៅតែងាយលិចទឹកណាស់ ដូច្នេះទំនប់ និងព្រែកនានានៅភ្នំពេញ ជាកន្លែងរំដោះទឹកដ៏សំខាន់ ។

លោកមុត ចន្ថា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ថា “ផលប៉ះពាល់ធ្ងន់ធ្ងរក្នុងការចាក់ដីលុបបឹងនៅភ្នំពេញ ក្រោមហេតុផលអភិវឌ្ឍន៍! បិតាស្ថាបត្យករខ្មែរ លោកតាព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ បានលើកអំពីដំណោះស្រាយបញ្ហាទឹកជន់លិចនៅទីក្រុងភ្នំពេញ ៖
ភ្នំពេញ ជាទីក្រុងមួយ ក្នុងចំណោមទីក្រុងខ្មែរជាច្រើន ដែលកកើតឡើងតាមបណ្តោយផ្លូវទឹក ឬក៏ផ្តុំគ្នាក្បែរផ្លូវទឹក។ នៅក្នុងសៀវភៅ “បុរីខ្មែរសម័យទំនើប” ដែលត្រូវបានបោះពុម្ពផ្សាយកាលពីឆ្នាំ២០០៤ លោកវណ្ណ មូលីវណ្ណ ដែលជាអ្នកជំនាញរៀបចំទីក្រុង បានសរសេរថា ភ្នំពេញ នៅតែងាយលិចទឹកណាស់។ តាមការយល់ឃើញរបស់លោកវណ្ណ មូលីវណ្ណ ទំនប់និងព្រែកនានានៅភ្នំពេញ ជាកន្លែងរំដោះទឹកដ៏សំខាន់។
លោកបានសរសេរថា ៖ “ព្រែកជាច្រើន (ពញាឮ ព្រែកតាទែន ព្រែកព្នៅ) បង្ហូរទឹកជំនន់ចេញពីខាងជើងភ្នំពេញ។ ទំនប់កប់ស្រូវ មិនបានទទួលការថែទាំជាងពីរទសវត្សរ៍ ក្នុងពេលស្រុកមានសង្រ្គាម និងអសន្តិសុខ ។ ទំនប់នេះទើបតែបានជួសជុលស្តារឡើងវិញ នៅឆ្នាំ១៩៩៨ ហើយនៅតែជាទីតាំងយ៉ាងសំខាន់ សម្រាប់ការការពារភាគខាងជើងក្រុងភ្នំពេញ”។

លោក វណ្ណ មូលីវណ្ណ បានរៀបរាប់បន្តថា បើមានប្រព័ន្ធធារាសាស្រ្តរៀបចំបានល្អ នោះរាជធានីភ្នំពេញ អាចចៀសផុតពីទឹកលិចបាន ។
លោកវណ្ណ មូលីវណ្ណ បានបន្តទៀតថា ៖ “តើអាចមានវិធានការអ្វីខ្លះដើម្បីការពារនឹងទឹកជំនន់នៅក្រុងភ្នំពេញ? ការថែទាំទំនប់នានារបស់ក្រុង ព្រមទាំងការថែរក្សាផ្លូវជាតិនានា ដែលស្ថាបនាឡើងតាមបណ្តោយច្រាំងទន្លេ និងទំនប់ផ្សេងៗ គឺចាំបាច់ដើម្បីទប់ទល់ និងគ្រប់គ្រងទឹកជំនន់។ ព្រែកផ្សេងៗដែលជីកក្រោយសម័យបារាំង ធ្វើឡើងតាមក្បួនខ្នាតត្រឹមត្រូវ ដើម្បីស្រូបយកទឹកជំនន់ ព្រមទាំងធ្វើឲ្យទឹកក្រោមដីដែលមានច្រើនហួសកម្រិត ហូរចូលទៅក្នុងទន្លេ”។
លោកមាជ សុវណ្ណារ៉ា អតីតប្រធាននាយកដ្ឋានព័ត៌មាន នៃអតីតគណបក្សសង្រ្គោះជាតិ បានស្នើថា បើឈប់បាន ឈប់ទៅ កុំលុបបឹងតាមោក តទៅទៀត ដើម្បីការពារការជន់លិចរាជធានីភ្នំពេញ ដោយជំនន់ទឹកភ្លៀង ។

លោកមាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ថា “បើឈប់បានឈប់ទៅ… កុំលុបបឹងតាមោក ទៀត… ល្មមគ្រប់គ្រាន់នឹងអំណាច លុយកាក់ ព្រោះតែការលក់ធនធានធម្មជាតិ ដោយសារតែអំពើពុករលួយ ហើយធ្វើឲ្យជាតិនិងរាស្ត្រកើតក្តីឈឺចាប់ ?
√•ក្រុងភ្នំពេញ លទ្ធផលលុបបឹងកក់ បឹងទំពុន បឹងជើងឯក និងបឹងពោងពាយ ។ល។ និង។ល។ ធ្វើឲ្យទឹកលិចជារៀងរហូត ពេលភ្លៀងធ្លាក់ម្តងៗ ដោយគ្មានដង្ហើមរំដោះទឹកជន់លិចបានទេ ។
√•ដូច្នេះបើមានបទពិសោធន៍នៃកំហុសខុសឆ្គងប្រវត្តិសាស្រ្ត ជាង២០ឆ្នាំមកហើយនេះ សូមជួយរក្សាទុកបឹងតាមោក ផង កុំលុបបន្តទៀត ល្មមឈប់បំផ្លិចបំផ្លាញធម្មជាតិទៅ ចៀសវាងការដាក់បណ្តាសាពីធម្មជាតិ ដែលនឹងនាំឲ្យយើងគ្រោះថ្នាក់ក្នុងយថាហេតុណាមួយមើលមិនឃើញ“ ។
គួរបញ្ជាក់ថា ក្នុងរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយក្រុមអង្គការសិទ្ធិមនុស្ស និងសិទ្ធិដីធ្លី ចំនួន៤ រួមមានអង្គការលីកាដូ បណ្តាញយុវជនកម្ពុជា អង្គការសមធម៌កម្ពុជា និងសមាគមធាងត្នោត បានឱ្យដឹងថា ជាង៩០ភាគរយនៃបឹង ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នឹងត្រូវបានលុប បើសិនជាការអភិវឌ្ឍនៅតែបន្តកើតមានឡើង។
របាយការណ៍ដដែលថា បញ្ហានេះ នឹងបណ្ដាលឱ្យប្រជាពលរដ្ឋអាស្រ័យផលបឹង និងពឹងផ្អែកដោយការធ្វើការនៅទីនោះ នឹងត្រូវចាកចេញ ហើយវានឹងមានផលប៉ះពាល់ផ្សេងៗទៀតដល់រាជធានី ដែលក្នុងនោះ មានពលរដ្ឋជាងមួយពាន់គ្រួសារ កំពុងប្រឈមនឹងការបណ្តេញចេញ ការបាត់បង់ប្រាក់ចំណូល និងអសន្តិសុខស្បៀង ។
បឹងទំពុន និងបឹងជើងឯក មានផ្ទៃសរុបចំនួន ១៥០០ហិកតារ ប៉ុន្តែបឹងនេះត្រូវបានផ្ដល់ឱ្យក្រុមហ៊ុន ING Holdings (ក្រុមហ៊ុន អាយ អិន ជី) ដែលមានទំនាក់ទំនងនឹងឧកញ៉ាអ៊ឺង ប៊ុនហ៊ូវ ដែលក្នុងនោះមានក្រុមហ៊ុនធំៗចំនួន៣ ក៏មានឈ្មោះក្នុងគម្រោងអភិវឌ្ឍបឹងទំពុន នេះ គឺផ្សារ AEON Mall, Chip Mong Land villas and mall, and ខុនដូ Urban Village។
យោងតាមរបាយការណ៍ក្រុមអង្គការសិទ្ធិមនុស្ស ដែលមានចំណងជើងថា “ការបាត់បង់បឹងទំពុន” បានលើកឡើងពីអនុក្រឹត្យផ្សេងៗ ចាប់ឆ្នាំ២០១៧និង២០១៨ ស្តីពីការកាត់ដីបឹងនេះ ទៅឱ្យបុគ្គលនិងក្រុមហ៊ុនឯកជន ធ្វើការអភិវឌ្ឍ។
បើយោងតាមរបាយការណ៍នេះ មួយភាគបីនៃបឹង គឺត្រូវបានលុបទាំងស្រុង ដោយបន្សល់ទុកត្រឹមតែ១០០០ហិកតារប៉ុណ្ណោះ ។ តាមរបាយការណ៍នេះ ក្រៅពីអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ កសិករ និងអ្នកនេសាទ ដែលបានរស់នៅនិងអាស្រ័យផលបឹងអស់រាប់ទសវត្ស បឹង ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការកាត់បន្ថយទឹកជំនន់ដោយទឹកភ្លៀង និងទឹកស្អុយ ប្រមាណ៧០ភាគរយ បានហូរចូលក្នុងបឹងនេះ។
របាយការណ៍ដដែល ក៏បានលើកឡើងផងដែរថា គុណភាពជីវិតរបស់ពលរដ្ឋប្រមាណពី ១លានទៅ២លាននាក់ ដែលរស់នៅក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតាមបណ្តោយច្រាំងទន្លេមេគង្គ និងទន្លេបាសាក់ អាចនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរពីការលុបបឹងទាំងនេះ ។ តាមប្រភពដដែល ឱ្យដឹងថា ពលរដ្ឋទាំងនោះអាចនឹងរងគ្រោះដោយទឹកជំនន់ ការបំពុលទឹក ការបំផ្លាញជម្រកសត្វ និងការបាត់បង់ជីវភាពរស់នៅរបស់ពួកគាត់ ។

ការសិក្សាមួយ ដែលមានកិច្ចសហការពីសាលារាជធានីភ្នំពេញ បានឱ្យដឹងថា យ៉ាងហោចណាស់ ផ្ទៃបឹងទំពុន ឬជើងឯក ចំនួន៤៨០ហិកតារ ត្រូវរក្សាទុកដើម្បីការពារពីទឹកជំនន់ និងទឹកកខ្វក់។ មួយវិញទៀត ទឹកចំនួន២៥ទៅ៣០លានម៉ែត្រគូប ជារៀងរាល់ឆ្នាំ ដែលត្រូវការការគ្រប់គ្រងដើម្បីបញ្ចៀសកុំឱ្យមានទឹកជំនន់ នៅតំបន់ទំនាបនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ។
បើតាមរបាយការណ៍ដដែលនេះ ការលុបបឹងនៅតំបន់ នឹងមានផលប៉ះពាល់ដល់ជីវិត និងសិទ្ធិរបស់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សត្វស្លាប ត្រី និងបរិស្ថាន។ របាយការណ៍ បានឱ្យដឹងថា ប្រជានេសាទបានរាយការណ៍ថា ពួកគាត់នេសាទបានត្រីកាន់តែតិចជាងមុន និងមានការលំបាកក្នុងការរកប្រភេទត្រីចំនួន៥២ប្រភេទ ដែលរស់នៅក្នុងបឹងនេះ។
លើសពីនេះទៅទៀត នៅក្នុងរបាយការណ៍ ក៏បានប៉ាន់ប្រមាណថា ដើម្បីលុបបឹងនេះបាន វាតម្រូវឱ្យមានខ្សាច់ចំនួន៧លានម៉ែត្រគូប ដែលខ្សាច់នេះ នឹងត្រូវបូមចេញពីទន្លេមេគង្គ និងទន្លេបាសាក់។ ក៏ប៉ុន្តែការបូមខ្សាច់ វានឹងមានផល់ប៉ះពាល់ដល់បរិស្ថាន ក្នុងនោះ មានការបាក់ស្រុតមាត់ទន្លេ ហានិភ័យទឹកជំនន់ ត្រីងាប់ និងការបាត់បង់ទីជម្រកជាដើម។
ការលុបបឹង នៅរាជធានីភ្នំពេញ ដើម្បីការអភិវឌ្ឍទីក្រុងរណប គម្រោងសាងសង់បុរី និងខុនដូនានា មានសភាពរីកដូចផ្សិត ។ សកម្មភាពលុបទាំងអស់នេះ មានតាំងពីឆ្នាំ១៩៩០មកម្ល៉េះ ហើយរហូតមកដល់សព្វថ្ងៃ បឹងនៅរាជធានីភ្នំពេញចំនួន១៦ ក្នុងចំណោមបឹង២៦ ត្រូវបានលុបទាំងស្រុង ខណៈបឹងចំនួន១០ទៀត កំពុងត្រូវបានលុបបណ្ដើរៗ ដែលក្នុងនោះ គឺមានបឹងសំរោង និងបឹងតាមោក ឬបឹងកប់ស្រូវ នេះបើយោងតាមឯកសាររបស់សមាគមធាងត្នោត ដែលចេញកាលពីចុងខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ។
មានចម្ងាយប្រហែល៣០គីឡូម៉ែត្រ និងស្ថិតនៅតាមបណ្ដោយផ្លូវបឹងកប់ស្រូវ ដែលពោរពេញទៅដោយឡានធំៗ ជាពិសេសឡានដឹកដី បឹងតាមោក ដែលស្ថិតនៅខណ្ឌព្រែកព្នៅ គឺជាបឹងដ៏ធំផុត ក្នុងចំណោមបឹងធំផុតដែលស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ ដែលមានទំហំរហូតដល់ ៣២៤០ហិកតារ ។ ប៉ុន្តែបឹងនៃភាគខាងជើងនៃរាជធានីភ្នំពេញ នេះ កំពុងក្លាយជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍថ្មីៗ ហើយផ្ទៃបឹងជាង៥០០ហិកតារ ត្រូវបានកាត់ឱ្យ និងផ្ដល់ឱ្យគម្រោងអភិវឌ្ឍរបស់រដ្ឋ និងឯកជន តាំងពីឆ្នាំ២០១៨…៕ កុលបុត្រ