Saturday, August 23, 2025
Homeព័ត៌មានជាតិពលរដ្ឋ ស្នើអភិបាលរាជធានីភ្នំពេញ អន្តរាគមន៍បន្ទាន់ ទឹកលិចផ្ទះម្តុំផ្សារត្រពាំងថ្លឹង

ពលរដ្ឋ ស្នើអភិបាលរាជធានីភ្នំពេញ អន្តរាគមន៍បន្ទាន់ ទឹកលិចផ្ទះម្តុំផ្សារត្រពាំងថ្លឹង

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅម្តុំផ្សារត្រពាំងថ្លឹង (បុរីពិភពថ្មី២) ផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដែលកំពុងរងគ្រោះជំនន់ទឹកភ្លៀង លិចផ្ទះសម្បែង សំណូមពរលោកអភិបាលរាជធានីភ្នំពេញ អន្តរាគមន៍ដោះស្រាយបន្ទាន់ផង ព្រោះលំនៅឋានរបស់ពួកគាត់កំពុងលិចលង់មិនធ្លាប់មានដោយជំន់ទឹកភ្លៀង បានលិចផ្ទះរបស់ពួកគាត់យ៉ាងធ្ងន់ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ និងធ្វើឲ្យពួកគាត់បារម្ភពីសុវត្ថិភាព សុខភាពខ្លួននិងក្រុមគ្រួសារ ពិសេសកូនតូច ។

ប្រជាពលរដ្ឋខាងលើ ឲ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់ជញ្ជ្រាំពេញ១ថ្ងៃ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មក លំនៅឋានពួកគាត់បានរងការលិចលង់យ៉ាងធ្ងន់ជម្រៅដល់ជាងកន្លះម៉ែត្រ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ សម្ភារ:ផ្សេងៗ និងធ្វើឲ្យពួកគាត់បារម្ភពីសុវត្ថិភាពខ្លួនឯងនិងតកូនចៅ ដូច្នេះពួកគាត់សំណូមពរដល់អាជ្ញាធរខណ្ឌ ជាពិសេស លោកអភិបាលរាជធានីភ្នំពេញ មេត្តាចុះជួយអន្តរាគមន៍បន្ទាន់ផង ព្រោះពេលនេះទឹកជំនន់ មិនទាន់ស្រកទេ បែរជាលិចកាន់តែធ្ងន់ថែមទៀត។

ប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើ ឲ្យដឹងបន្តថា តាំងពីពួកគាត់មករស់នៅទីនេះច្រើនឆ្នាំមកហើយ មិនដែលមានបញ្ហាទឹកជំនន់លិចផ្ទះធ្ងន់ធ្ងរបែបនេះទេ ដូច្នេះពួកគាត់សំណូមពរដល់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចាត់វិធានការដោះស្រាយបញ្ហាទឹកជំន់នេះជាបន្ទាន់ផង ជាពិសេសគឺរកដំណោះស្រាយទប់ស្កាត់កុំឲ្យមានការជន់លិចដោយជំនន់ទឹកភ្លៀងបែបនេះទៀត ។

ទោះយ៉ាងណា ជុំវិញសំណូមពរនិងការស្នើសុំរបស់ប្រជាពលរដ្ឋខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់ឆ្លើយតបពីលោកម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានទេ កាលពីម្សិលមិញ ដោយទូរស័ព្ទចូលច្រើនដង តែមិនមាការលើកទទួល ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ដោយសារតែទឹកភ្លៀងជន់លិចខ្លាំង ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ម៉ាស៊ីនបូមទឹកចល័ត ចំនួន៦គ្រឿង ដើម្បីបូមទឹកនៅចំណុចស្ថានីយបឹងទំពុន ទាំងយប់ ដើម្បីរំដោះទឹកដែលបានជន់លិច ដោយមានវត្តមានរបស់លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ដ្រីជំនាញធ្វើអន្ដរាគមន៍ ដើម្បីបូមទឹករំដោះពីស្ថានីយបឹងទំពុន ស្ថិតនៅលើផ្លូវលេខ៣៧១ ខណ្ឌមានជ័យ ។

បើតាមរដ្ឋបាលរាជធានីភ្នំពេញ ឲ្យដឹងថា​ ដោយសារភ្លៀងធ្លាក់មួយមេធំ នៅថ្ងៃទី១១ ខែតុលា​ ឆ្នាំ២០២០ ទើបបណ្តាលឲ្យទឹកនៅក្នុងស្ថានីយបូមទឹក បឹងទំពុន ឡើងខ្លាំងមែនទែន ដូច្នេះហើយដើម្បីកុំឲ្យមានការប៉ះពាល់ដល់ទួរប៊ីននោះ អាជ្ញាធរសម្រេចបញ្ជូនរថយន្តទៅបូមទឹកចេញ ដើម្បីជួយសង្គ្រោះស្ថានីយ ដូច្នេះរថយន្តត្រូវតម្រៀបជាជួរនៅលើផ្លូវ ជាហេតុត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននៅពេលនោះផងដែរ ។

រហូតមកដល់ពេលនេះ មានតំបន់ជាច្រើនក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ កំពុងរងការវាយប្រហារដោយជំនន់ទឹកភ្លៀង ។ ប៉ុន្តែតំបន់ភូមិត្រពាំងថ្លឹង២ (បុរីពិភពថ្មី២) កំពុងបន្តរងការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ហើយប្រជាពលរដ្ឋកំពុងរង់ចាំអន្តរាគមន៍បន្ទាន់ពីអាជ្ញាធរ ពិសេសពួកគាត់សង្ឃឹមលើចំណាត់ការរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ ក្នុងការរំដោះជំនន់ទឹកភ្លៀងដែលលិចលង់លំនៅឋានរបស់ពួកគាត់។ ដោយឡែក​ចំណុចរង្វង់មូលចោមចៅ និងអូដឹម ស្ថិតក្នុងខណ្ឌកំបូល តាមបណ្ដោយផ្លូវជាតិលេខ៤ ក៏រងការជន់លិចដោយជំនន់ទឹកភ្លៀង និងស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ ៕ កុលបុត្រ

RELATED ARTICLES