នៅក្នុងបណ្តាញសង្គមហ្វេសបុករបស់ព្រហ្មវិជ្ជានី សុវណ្ណមុនីរ៉េត បានលើកសរសេរហេតុឲ្យបងប្អូនបានជ្រាបថា “ខ្ញុំព្រះករុណាអាត្មាភាព នី សុវណ្ណមុនីរ៉េត ជាសមាជិកកុដិលេខ២៤ វត្ដនាគវ័ន្ដ សូមប្រគេន និងចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ឲ្យបានជ្រាបថា ទូលព្រះបង្គំខ្ញុំករុណា អាត្មាភាព សូមប្ដូរទីតាំងក្នុងការកសាងទីសក្ការៈបូជានៅទឹកដីភូមិស្រះពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ ខេត្ដកណ្ដាល ដោយសារមានបញ្ហារំខានតាំងពីដើមទីរហូតដល់បច្ចុប្បន្ន ទើបធ្វើឲ្យមានបញ្ហាអសកម្មក្នុងការសាងសង់ទីសក្ការៈគោរពបូជានោះ ដូច្នេះទូលព្រះបង្គំ ខ្ញុំព្រះករុណា សូមសម្រេចចិត្ដថានឹងផ្អាកការសាងសង់នៅទីនោះ ព្រមទាំងផ្លាស់ប្តូរទីតាំងទៅកន្លែងផ្សេង។

នៅកន្លែងនោះញាតិញោម ពុទ្ធបរិស័ទ បានដឹងបានឮហើយថា ទូលព្រះបង្គំ ខ្ញុំព្រះករុណាអាត្មាភាព បានបំពេញទានចែកទានជារៀងរាល់ខែ មួយខែម្ដងៗពេញមួយឆ្នាំ ព្រមទាំងមានសម្ដែង ល្ខោន បាសាក់វង់ភ្លេង ភី សុគន្ធី ទស្សនាច្រើនដងដែលជូនដល់ញាតិញោម ពុទ្ធបរិស័ទដែលនៅទីនោះ។

មូលហេតុដែលខ្ញុំព្រះករុណា ប្ដូរទីតាំងនោះ ដោយសារជួបបញ្ហាមួយដែលមិនអាចដោះស្រាយបាននៅលើទឹកដីនោះ ដូច្នេះទូលព្រះបង្គំ ខ្ញុំព្រះករុណា សម្រេចចិត្ដថា នឹងផ្លាស់ប្ដូរទីតាំងនិងទៅកសាងកន្លែងផ្សេងវិញ ដូចហេតុខាងលើនេះហើយសូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា ញាតិញោម ពុទ្ធបរិស័ទ សូមមេត្ដាអធ្យាស្រ័យខ័នទ័យអភ័យទោស សូមទានជ្រាប សូមអរគុណ(ទាំងអស់នេះជារូបភាពចាស់ៗកន្លែងដីមានបញ្ហា)”។

តាមរយៈការអំពាវនាវរបស់ព្រះអង្គបែបនេះ គេរំពឹងថា ពុទ្ឋបរិស័ទដែលដឹង ហើយនិយមសន្សំបុណ្យកុសល និងការសាងសង់សមិទ្ឋិផលនានា តាមលក្ខណៈពុទ្ឋសាសនា និងមានការចូលរួមចាប់មគ្គផលច្រើនឡើងថែមទៀតជាមិនខាន។ ជាពិសេស ញាតិញោមដែលស្គាល់រាប់អានព្រះអង្គ និងបន្តរួមសហការគ្នាឲ្យបានផុសផុលតបការប្រកាសសុំជំនួយកសាងទីសក្ការៈបូជា៕






