Saturday, August 23, 2025
Homeព័ត៌មានជាតិចៅអធិការវត្ត ប្រគល់បំណែកបដិមា ៤១ដុំ ជូនអាជ្ញាធរអប្សរា

ចៅអធិការវត្ត ប្រគល់បំណែកបដិមា ៤១ដុំ ជូនអាជ្ញាធរអប្សរា

ខេត្តសៀមរាប ៖ បំណែកបដិមា និងថ្មចម្លាក់ ចំនួន៤១ដុំ ត្រូវបានបានព្រះចៅអធិការវត្តព្រះឥន្ទទេព ព្រះនាមសែម សំ ប្រគល់ជូនអាជ្ញាធរជាតិអប្សរា ថែរក្សា ក្រោយពីព្រះអង្គបានប្រមូលយកទៅរក្សាទុកបណ្តោះអាសន្ននៅក្នុងបរិវេណវត្ត ដែលស្ថិតនៅជ្រុងអាគ្នេយ៍នៃប្រាសាទបាយ័ន។

ទាក់ទងនឹងការរក្សាវត្ថុបុរាណនេះទុក តាមព្រះចៅអធិការ សែម សំ មានថេរដីកាថា ដើមឡើយ បំណែកចម្លាក់ទាំង៤១ដុំនេះ ស្ថិតនៅរាយប៉ាយក្នុងបរិវេណវត្តព្រះឥន្ទទេព  ហើយខ្លះទៀតនៅផ្នែកខាងក្រោយនៃខឿនព្រះអង្គទេព។ ដូច្នេះដើម្បីឱ្យមានសុវត្ថិភាព ព្រះអង្គក៏បានប្រមូលយកមករក្សាទុកនៅក្នុងរោងផ្នែកខាងត្បូងវត្ត ការពារការបាត់បង់និងខូចខាតដោយប្រការផ្សេងៗ។

លោកឈូក សុម៉ាឡា មន្ត្រីក្រុមចុះបញ្ជីសារពើភណ្ឌ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរអប្សរា បានឱ្យដឹងថា ក្នុងចំណោមចម្លាក់ទាំងនេះមានមួយចំនួនធំ ជាព្រះពុទ្ធបដិមាដែលនៅសល់តែព្រះភ្នែន និងបល្ល័ង្កផ្កាឈូក ឯខ្លះទៀត ឃើញមានត្រឹមព្រះបាទទ្រង់ឈរលើជើងទម្រប៉ុណ្ណោះ។ តាមការពិនិត្យ ឃើញថា ព្រះពុទ្ធបដិមាទាំងនេះ មានខ្លះស្ថិតនៅក្នុងរចនាបទបាយ័ន ប្រហែលនាចុងសតវត្សរ៍ទី១២ទៅដើម១៣ និងខ្លះទៀតស្ថិតនៅក្នុងរចនាបទសម័យកណ្តាល ប្រហែលជានៅសតវត្សរ៍ទី១៥ ឬទី១៦។

បន្ទាប់ពីបានទទួលដំណឹងពីក្រុមសមត្ថកិច្ចការពារបេតិកភណ្ឌតំបន់អង្គរ ក្រុមចុះបញ្ជីសារពើភណ្ឌ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងអាជ្ញាធរអប្សរា បានចុះទៅទទួលបំណែកបដិមាខាងលើ មករក្សាទុកនៅការិយាល័យនាយកដ្ឋាននៃអាជ្ញាធរអប្សរា  ដើម្បីធ្វើការងារចុះបញ្ជី ថតរូប និងពិពណ៌នាទុកជាឯកសារសម្រាប់ធ្វើការជួសជុលនៅថ្ងៃក្រោយ៕

RELATED ARTICLES