ពេជ្រ សូលីកា បានក្លាយទៅជាព្រះនាងរបស់អាណិកជនខ្មែរ មកពីអូស្រា្ដលី លោកគឹម ហាន ដោយកប់ចោលស្នាមស្នេហ៍ចាស់ដ៏ខ្មៅងងឹត ធ្លាប់រំព័ទ្ធជីវិតនាង ជាង៥ឆ្នាំ។
ទោះជាយ៉ាងណា ក្រោយសម្រាលកូនមុនរៀបការនេះ សូលីកា បានស្ទះផ្លូវដល់ទៅ២ច្រក ព្រោះតែកូវីដ-១៩ ខណៈដែលអាជីពចម្រៀងនាងចាប់ផ្ដើមនៅទ្រឹង…។

ពេជ្រ សូលីកា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទថា គម្រោងចេញទៅរស់នៅអូស្រ្ដាលី តាមប្ដី គឺមិនអាចកំណត់ច្បាស់លាស់ទេ តែនាងចង់រៀបការតាមប្រពៃណីខ្មែរ នៅឆ្នាំ២០២១ ខាងមុខនេះហើយ ប្រសិនបើគ្មានការប្រែប្រួលនោះ។

ប៉ុន្ដែរដោយសារតែកូវីដ-១៩ នៅមិនទាន់រលត់ ទើបធ្វើឲ្យពេលនេះ សូលីកា ដើរដល់ផ្លូវទាល់ រហូតធ្វើឲ្យស្ទះផ្លូវដល់ទៅ២ច្រកព្រមគ្នាតែម្ដងនោះ គឺទី១. គម្រោងរៀបការក៏អាចត្រូវបានពន្យារ ព្រោះនាងចង់ធ្វើធំដុំនោះមិនទៅរួច និងទី២. ការចង់ដឹកដៃប្ដីបីកូនចេញទៅរស់នៅអូស្រា្ដលី ក៏មិនអាចធ្វើបានតាមចិត្តចង់ ទើបធ្វើឲ្យសូលីកា កាន់តែមានអារម្មណ៍ច្របូកច្របល់ ខណៈដែលម្ដាយរបស់នាង អ្នកស្រីស៊ិន ស្រីនាង ក៏ស្ថិតនៅជាប់ពន្ធធនាគារនៅឡើយ ក្រោយពីបានសម្លាប់ដៃគូស្នេហាភេទដូចគ្នា អ្នកស្រីងិន សុខលី កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ទើបពេលខ្លះ ទោះជាសូលីកា ត្រូវប្ដីស្រលាញ់ថ្នាក់ថ្នមនាងយ៉ាងណា ក៏តារាហង្សមាស រូបនេះ នៅតែដេកយំជារៀងរាល់រាត្រីតែម្ដង ព្រោះតែនាងមិនអាចទប់ទឹកភ្នែកជាប់ ដោយសារតែអាណិតម្ដាយរបស់នាងពេក។

ដោយឡែក ស្វាមីរបស់នាង លោកគឹម ហាន វិញ នៅតែអនុញ្ញាតឲ្យនាងបន្ដរច្រៀងសម្ដែងតទៅទៀត មុនពេលដែលពួកគេចេញទៅរស់នៅប្រទេសអូស្រា្ដលី រួមគ្នា។
ប៉ុន្ដែគេកត់សម្គាល់ថា អាជីពចម្រៀងរបស់តារាកូន១ សូលីកា នៅតែនៅស្ងៀមស្ងាត់ ហាក់នៅទ្រឹង មិនអាចធ្វើព្យុះភ្លៀងនៅហង្សមាស បានឡើយ ពិសេសគឺក្រោយនាងសម្រាលកូនខ្ចីនេះ រឹតតែពិបាកក្នុងការដណ្ដើមភាពលេចធ្លោថែមទៀត បើទោះជាតារាចម្រៀងឱក សុគន្ធកញ្ញា ពេលនេះមិនសូវល្បីខ្លាំងដូចមុនក្ដី តែសូលីកា នៅតែងើបមិនរួចដដែល។

ពេជ្រ សូលីកា ដែលត្រូវអ្នកខ្លះបង្អាប់ថា នាងធ្លាក់ខ្លួនក្រោយផ្ដាច់ស្នេហ៍មន្រ្ដីធំផ្កាយ២ម្នាក់នោះ ពេលនេះនាងនៅតែបង្ហាញភាពហ៊ឺហាជិះរថយន្ដទំនើប៣គ្រឿង ឆ្លាស់គ្នា គឺ Porsche , BMW និង Range Rover។ តែអ្វីដែលពិបាកជឿ នៅពេលដែលនាងហ៊ឺហាដល់កំពូលបែបនេះ តារាហង្សមាសរូបនេះ បានបញ្ចេញសារថា ប្ដីនាងឲ្យប្រាក់ខែត្រឹមតែ២០០០ដុល្លារប៉ុណ្ណោះ ក្នុង១ខែ ដោយបាញ់ឲ្យតាម ABA។

មហាជនជាច្រើនបានសម្ដែងការស្ញប់ស្ញែងចំពោះពេជ្រ សូលីកា ដែលនាងជាស្រីស្អាតម្នាក់ធ្លាប់ប៉ះជំពប់ស្នេហ៍អាស្រូវជាបន្ដរបន្ទាប់ តែទីបំផុត នាងនៅតែអាចរកដៃគូជីវិតបានបុរសល្អម្នាក់ធ្វើជាស្វាមី។
ទោះជាយ៉ាងណា មានអ្នកខ្លះបានរិះគន់រឿងនាងយកកូនមុនរៀបការ ប៉ុន្ដែសង្គមសិល្បៈពេលនេះ មិនមែនតែសូលីកា ម្នាក់ទេ គឺមានតារាជាច្រើនដួងមកហើយ ដែលដើរផ្លូវនេះ មានដូចជា អ្នកនាងយុគ ចិន្ដា, ខាត់ សុឃីម, ឌុច លីដា, នៅ សុនិតា, ផាត់ ផាណា, នីរ័ត្ន, សុន ស្រីពេជ្រ, ឡោម លក្ខិណា និងទេព សម្ផស្ស ជាដើម។

ចំណែកពេជ្រ សូលីកា វិញថា នាងនឹងគ្រងឈុតកូនក្រុំនៅឆ្នាំ២០២១ ខាងមុខនេះហើយ ប៉ុន្ដែពេលនេះដោយសារតែកូវីដ-១៩ នៅមិនទាន់ស្ងាត់ ហេតុនេះហើយភាគរយខ្ពស់ដែលនាងចង់ក្រាបផ្ទឹមនោះ ប្រាកដជាត្រូវពន្យារពេលដោយគ្មានការកំណត់ជាក់លាក់ទេ។
ក្រៅពីពេជ្រ សូលីកា តារាដែលយកប្ដីជាអាណិកជនខ្មែរ នៅអូស្រា្ដលី មានដូចជា អ្នកនាងដាញ់ ម៉ូនីកា, សុខ ច័ន្ទណានូ, អឿន ដាលីស និងគឹម លីហ្សា ជាដើម។

ព័ត៌មានបានឲ្យដឹងថា នៅពេលដែលសូលីកា បានសម្រេចក្នុងការបណ្ដើរប្ដីបីកូនទៅរស់នៅអូស្រា្ដលី នោះ នាងនឹងបញ្ចប់អាជីពសិល្បៈតែម្ដង។ ចំណែកម្ដាយនាងដែលនៅជាប់គុគនោះ សូលីកា ថានាងបានឲ្យសាច់ញាតិទៅសួរសុខទុក្ខជាប្រចាំហើយ៕