Saturday, August 23, 2025
Homeព័ត៌មានជាតិភិក្ខុឡុង ចន្ថា រត់គេច៦ខែ ទើបដាច់ចិត្តសឹក

ភិក្ខុឡុង ចន្ថា រត់គេច៦ខែ ទើបដាច់ចិត្តសឹក

ខេត្តតាកែវ ៖ ភិក្ខុឡុង ចន្ថា គង់នៅវត្តភ្នំបុរី ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ដែលធ្លាយរឿងឆាតញ៉ែស្រី ហើយសន្យាសឹក តែមិនព្រមសឹកតាមសន្យា និងបានរត់គេចចេញពីវត្ត បាត់អស់ជាច្រើនខែមកហើយនោះ ស្រាប់តែនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានលេចមុខវិញជាថ្មី បន្ទាប់ពីបានលាចាកសិក្ខាបទ (សឹក) រួចមក។

អតីតសង្ឃ ឡុង ចន្ថា បានបង្ហោះរូបភាពក្នុងទំព័របណ្តាញសង្កមហ្វេសប៊ុកផ្ទាល់ខ្លួននៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ជាមួយសំណេរថា​ “ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ  សេចក្តីជួនដំណឹង ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ នេះ សូមទូលប្រគេន និងជម្រាបញាតិមិត្តជិតឆ្ងាយថា ខ្ញុំព្រះករុណា ខ្ញុំបាទឡុង ចន្ថា បានលាចាកសិក្ខាបទ មួយរយៈ មានអ្នកចូលរួមពិសេសបំផុត គឺព្រះរស់របស់ខ្ញុំទាំងទ្វេ សូមអរព្រះគុណ និងសូមអរគុណ…”។

គួររំលឹកថា កាលពីដើមខែឧសភា ឆ្នាំ២០២០ កន្លងទៅ ភិក្ខុ ឡុង ចន្ថា បានបែកធ្លាយវីដេអូសំឡេងឆាត និងទូរស័ព្ទជាមួយនារីក្មេងរូបស្រស់ម្នាក់ ដែលនាងអះអាងថា មានសង្សាររួចទៅហើយ តែភិក្ខុ ឡុង ចន្ថា នៅតែទាក់ទងសុំស្នេហ៍នាង ដោយបានមានថេរដីកាផ្លែផ្កាផ្តោះផ្តងក្នុងន័យដែលភាសាសាមញ្ញថា “ញ៉ែ”  ដោយបបួលណាត់ជួបនារីនោះ នៅវត្តស្អាងភ្នំ ទៀតផង។

ពាក់ព័ន្ធករណីនេះដែរ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានបញ្ជាឱ្យព្រះវិន័យសំវរ កែវ សាវ៉ន ព្រះមេគណខេត្តតាកែវ ចាត់វិធានការជាបន្ទាន់ កោះហៅភិក្ខុឡុង ចន្ថា មកសាកសួរ ហើយត្រូវភិក្ខុឡុង ចន្ថា ដឹងកំហុស ក៏បានធ្វើកិច្ចសន្យានៅចំពោះព្រះភក្ត្រព្រះមេគណខេត្ត ថានឹងសឹក នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។ ប៉ុន្តែនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ភិក្ខុឡុង ចន្ថា បែរជាប្រែព្រះទ័យ មិនធ្វើតាមសន្យាថានឹងសឹកនោះទេ រួចរត់ចេញពីវត្តបាត់។

ទើបនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានចេញព្រះបញ្ជា ដល់ព្រះមេគណទាំង២៥រាជធានី-ខេត្ត ទូទាំងប្រទេស ឱ្យមានចំណាត់ការបន្ត កុំផ្តល់អាវាសដល់បុគ្គលនេះ ឱ្យស្នាក់បន្តក្នុងសាសនាទៀត និងបើឃើញបុគ្គលសង្ឃ ឡុង ចន្ថា នេះ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាប់ផ្សឹកជាបន្ទាន់។

យ៉ាងណា រហូតមកដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ដោយមិនអាចគេចវេះបាន​ អតីតសង្ឃ ឡុង ចន្ថា បានចេញមុខជម្រាបសាធារណជនថា ខ្លួនបានលាចាកសិក្ខាបទរួចរាល់ ហើយ៕

RELATED ARTICLES