Saturday, August 23, 2025
Homeព័ត៌មានជាតិគណៈមេធាវីកម្ពុជា ជូនអាវកិត្តិយសថ្នាក់លេខ២ ដល់សម្ដេច ស ខេង

គណៈមេធាវីកម្ពុជា ជូនអាវកិត្តិយសថ្នាក់លេខ២ ដល់សម្ដេច ស ខេង

ភ្នំពេញ ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រគល់ជូនសម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នូវអាវកិត្តិយសថ្នាក់លេខ២ ដើម្បីជាអនុស្សាវរីយ៍ និងការដឹងគុណចំពោះសម្ដេច ដែលបានជួយគណៈមេធាវី ក្នុងការងារពង្រឹងសេវាកម្មផ្នែកច្បាប់ និងយុត្តិធម៌សង្គម។ 

ការប្រគល់ជូននូវអាវកិត្តិយសនវ​ ធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសដែលសម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនប្រតិភូគណៈមេធាវីនៃព្រះរាជាណាចកម្ពុជា ដឹកនាំដោយលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ​ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចស្វាគមន៍ក្នុងពេលនោះ សម្ដេច ស ខេង បានចាត់ទុកការអញ្ជើញមកក្រសួងមហាផ្ទៃ របស់ប្រតិភូគណៈមេធាវីកម្ពុជា នាថ្ងៃនោះ ថាជាការផ្ដួចផ្ដើមមួយដ៏ល្អប្រសើរ ដើម្បីផ្ដល់ឱកាសឲ្យភាគីទាំងពីរ បានជួបជែកពិភាក្សារួមគ្នា ទាំងនៅក្នុងពេលនេះ និងសម្រាប់ពេលខាងមុខ ដើម្បីបុព្វហេតុពង្រឹងយុត្តិធម៌សង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្ដេចឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអបអរសាទរចំពោះជោគជ័យទាំងឡាយដែលគណៈមេធាវីកម្ពុជា ក្នុងរយៈពេលកន្លងមក ក៏ដូចជានៅក្នុងអាណត្តិបច្ចុប្បន្ននេះ បានបំពេញការងារជាច្រើន ចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសង្គម។ សម្ដេច បានមានប្រសាសន៍ថា នៅក្រសួងមហាផ្ទៃ ក៏មានលោក ប៊ុន ហុន អតីតប្រធានគណៈមេធាវី បានមកជួយការងារច្បាប់ក្រសួង ក្នុងឋានៈជារដ្ឋលេខាធិការដែរ។

សម្ដេច ស ខេង បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ គឺជាក្រសួងដែលធ្វើកិច្ចការពាក់ព័ន្ធនឹងច្បាប់ច្រើន ទាំងការកសាងច្បាប់ និងការអនុវត្តច្បាប់ ដែលទាមទារឲ្យមានការប្រុងប្រយ័ត្ន ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ។ ដូច្នេះក្រសួង ក៏ទាមទារឲ្យមានអ្នកច្បាប់ មកចូលរួមជួយច្រើន ក្នុងនោះក្រសួង ក៏មានក្រុមប្រឹក្សានីតិកម្ម ដើម្បីធានាថា គ្រប់កិច្ចការ គឺត្រូវតែអនុវត្តតាមច្បាប់ មិនមែនទៅតាមមាត់បុគ្គលនោះទេ។

លោក សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បានមានប្រសាសន៍រាយការណ៍ជូនសម្ដេច ស ខេង ថា គិតមកដល់ពេលនេះ គណៈមេធាវី មានសមាជិកចំនួន ១៧៥៦ ជាសមាជិកពេញសិទ្ធិ និងមេធាវីកម្មសិក្សា ចំនួន ៣៤៩នាក់ ដោយក្នុងអាណត្តិចុងក្រោយនេះ ចំនួនមេធាវី មានការកើនឡើង ដោយសារសេដ្ឋកិច្ចមានការរីកចម្រើន តម្រូវការផ្លូវច្បាប់ មានច្រើន ហើយគណៈមេធាវី ក៏បានពង្រាយមេធាវី ទៅកាន់ខេត្តដាច់ស្រយាល។

លោកប្រធានគណៈមេធាវីកម្ពុជា បានបន្តថា ចំនួនមេធាវីនៅកម្ពុជា ប្រសិនបើប្រៀបធៀបនឹងចំនួនប្រជាពលរដ្ឋ គឺមេធាវីម្នាក់ មានទំហំនៃការផ្ដល់សេវាកម្មច្បាប់ ជូនប្រជាពលរដ្ឋដល់ទៅ ១៥០០នាក់។ លោកក៏បានជម្រាបជូនសម្ដេច អំពីការងារកំណែទម្រង់ការងាររដ្ឋបាល នៅគណៈមេធាវី ដើម្បីឲ្យមានតម្លាភាព តាមរយៈការបង្កើតគោលនយោបាយហិរញ្ញវត្ថុ គ្រប់គ្រងបុគ្គលិក សុខុមាលភាពមេធាវី និងប្រព័ន្ធគ្រប់គ្រងទិន្នន័យឯកសារ។

លោកប្រធានគណៈមេធាវី ក៏បានឲ្យដឹងថា នៅក្នុងអាណត្តិនេះ គណៈមេធាវី បានទទួលអគាររដ្ឋបាលបន្ថែម ពីសាលាក្ដីខ្មែរក្រហម ដោយបានរៀបចំជាបន្ទប់រៀន ចំនួន ២បន្ទប់ បន្ទប់បណ្ណាល័យ បន្ទប់ក្រុមប្រឹក្សាវិន័យ និងបន្ទប់ផ្សេងៗទៀត ទៅតាមតម្រូវការចាំបាច់របស់គណៈមេធាវី ខណៈការបណ្ដុះបណ្ដាលមេធាវី ក៏ត្រូវបានកែទម្រង់ ដោយមានការបន្ថែមម៉ោងបង្រៀនផងដែរ។

លោកសួន វិសាល បន្តថា គណៈមេធាវី ក៏បានសម្រេចបង្កើតក្រុមប្រឹក្សាវិន័យតូច នៅក្រោមក្រុមប្រឹក្សាវិន័យធំ ដោយរៀបចំឲ្យមានការជំនុំជម្រះ ដូចសវនាការនៅតុលាការ ដើម្បីឲ្យមេធាវីដែលមានរឿង អាចដាក់ភ័ស្តុតាង ឬពលរដ្ឋដែលប្ដឹងមេធាវី អាចដាក់ភ័ស្តុតាង និងមានសវនាការត្រឹមត្រូវ ស្របពេលដែលការងារសង្គម ក៏ត្រូវបានគណៈមេធាវី ខិតខំបំពេញយ៉ាងសកម្ម ជាពិសេសការផ្ដល់សេវាមេធាវី ឥតគិតកម្រៃ ជូនប្រជាពលរដ្ឋក្រីក្រ។

លោកប្រធានគណៈមេធាវី បានបន្តថា ក្នុងរយៈពេល ៤ឆ្នាំកន្លងទៅនេះ គណៈមេធាវី បានទទួលក្ដីជួយជនក្រីក្រ ចំនួន ១៥៣៧៣ករណី និងពីកូនក្ដីទូទៅ ២៣៤២៩ករណី ក្នុងនោះមានស្ត្រី ១៧០៥នាក់ និងកុមារ ៥៩០៣នាក់ ដោយការងារនេះ គណៈមេធាវី បានទទួលការជួយគាំទ្រពីរាជរដ្ឋាភិបាល។ លោកបន្តថា កំណើនរឿងក្ដីនេះ ក៏ដោយសារទំនុកចិត្តពីកូនក្ដីដែលកន្លងមកធ្លាប់ពឹងលើមេធាវីសង្គមស៊ីវិល។

លោកប្រធានគណៈមេធាវី បានមានប្រសាសន៍ថា កន្លងមកនេះ មេធាវី មានឱកាសធ្វើការងារផ្នែកសង្គមនេះបានច្រើន បន្ទាប់ពីមានការរៀបចំបន្ទប់មេធាវី នៅតាមពន្ធនាគារ ជាសមិទ្ធផលមួយដ៏ធំធេងរបស់សម្ដេច ស ខេង ដែលបានផ្ដល់ឱកាសឲ្យគណៈមេធាវី បានរៀបចំសាងសង់បន្ទប់នៅតាមបណ្ដាពន្ធាគារ ដើម្បីបង្កើននិងពង្រឹងសេវាប្រឹក្សាច្បាប់ ក្នុងពន្ធនាគារ និងបានជួបកូនក្ដីនៅកន្លែងនគរបាល។

ជាការតបស្នងចំពោះគុណូបការៈរបស់សម្ដេច ស ខេង លោកប្រធានគណៈមេធាវី បានជម្រាបសម្ដេច ថា គណៈមេធាវី បានសម្រេចគោរពជូនសម្ដេច នូវអាវកិត្តិយសថ្នាក់លេខ២ ដើម្បីជាអនុស្សាវរីយ៍ និងការដឹងគុណចំពោះសម្ដេច ដែលបានជួយគណៈមេធាវី ក្នុងការងារពង្រឹងសេវាកម្មផ្នែកច្បាប់ និងយុត្តិធម៌សង្គម។

លោកប្រធានគណៈមេធាវី ក៏បានស្នើសុំសម្ដេច ស ខេង បន្តជួយគណៈមេធាវី ដើម្បីឲ្យវិជ្ជាជីវៈកាន់តែរឹងមាំ ក្នុងនោះក៏មានការជំរុញឲ្យមេធាវី អាចចូលជួបកូនក្ដីនៅកន្លែងនគរបាលបានច្រើនជាងមុន ដោយសារកន្លែងខ្លះ នៅមិនទាន់មានកិច្ចសហការពេញលេញនៅឡើយ លោកក៏បានស្នើសុំសម្ដេច ពិនិត្យលទ្ធភាពឲ្យមេធាវី បាននៅប្រចាំការនៅការិយាល័យនគរបាលនីមួយៗ ដើម្បីអាចផ្ដល់មតិយោបល់ផ្នែកច្បាប់ ចៀសវាងមានបញ្ហាពេលបញ្ជូនរឿងក្ដីទៅតុលាការ។

សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍សម្ដែងការកោតសរសើរចំពោះគណៈមេធាវីកម្ពុជា ដែលបានខិតខំបំពេញភារកិច្ច ទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ សម្ដេច ក៏បានថ្លែងឯកភាពចំពោះការគិតគូរអំពីបរិមាណមេធាវីដែលមានចំនួនតិចតួច ប្រៀបធៀបនឹងចំនួនប្រជាជនសរុបនៅកម្ពុជា។ សម្ដេច បានមានប្រសាសន៍ថា កន្លងទៅនេះ សម្ដេច បានប្រគល់ភារកិច្ចជូនលោក ប៊ុន ហុន ដើម្បីសិក្សារៀបចំមេធាវី នៅតាមរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក ដែលកើតមានបញ្ហាច្រើន ដើម្បីជួយបញ្ចៀសការអនុវត្តការងារមួយចំនួនខុសពីនីតិវិធី។

សម្ដេច ស ខេង បានមានប្រសាសន៍បន្តថា សម្តេច បន្តផ្ដល់ការគាំទ្រនិងសម្របសម្រួលដើម្បីឲ្យមេធាវី អាចបំពេញការងារបានរលូន ព្រមទាំងពិចារណាលើសំណើមួយចំនួនទៀត។

ជាចុងបញ្ចប់នៃជំនួបពិភាក្សានោះ គណៈមេធាវីកម្ពុជា បានគោរពប្រគល់ជូននូវអាវកិត្តិយសថ្នាក់លេខ២ ជូនសម្ដេច ស ខេង និងថតរូបជាអនុស្សាវរីយ៍ ប្រកបដោយភាពរីករាយស្និទ្ធស្នាល៕

RELATED ARTICLES