ខណៈដែលប្រជាជនជាច្រើនម៉ឺនគ្រួសារបានរងផលប៉ះពាល់ដោយសារទឹកជំនន់ ដែលធ្វើឲ្យប៉ះពាល់ដល់ផ្ទះសម្បែង ដីស្រែចម្ការនោះ គេសង្កេតឃើញសប្បុរសជនជាច្រើន ក្នុងនោះក៏មានតារាចម្រៀងល្បីៗបានចូលរួមចំណែកនូវថវិកា និងអង្ករ ផងដែរ។

យើងតាមបង្ហោះសាររបស់លោកហេង ឡុង ប្រធានសមាគមសិល្បៈ បានឲ្យដឹងថា “សូមគោរពអរគុណដល់គ្រួសារតារាចំរៀង ព្រាប សុវត្ថិ បានឧបត្ថម្ភអង្ករ ២តោន ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ សូមជូនពរដល់ក្រុមគ្រួសារបង ឲ្យជួបតែសេចក្តីសុខ និងរីកចម្រើនដើម្បីបន្តចូលរួមជាមួយសង្គមយើងទៀត“។

លោកហេងឡុង ក៏បានបង្ហោះសារបន្ថែមថា “សូមថ្លែងអំណរគុណតារាចម្រៀង ពេជ្រ សោភា ដែលបានចូលរួមបរិច្ចាគថវិកា ១.០០០ដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជួយដល់ប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់”។

មហាជនបានកោតសរសើរចំពោះតារាចម្រៀងល្បីឈ្មោះទាំង២រូបខាងលើនេះ ដែលបង្ហាញនូវកាយវិការអាណិតស្រលាញ់ និងស្គាល់ទុក្ខលំបាករប់ជ្រជាពលរដ្ឋនូវពេលមានគ្រាអាសន្នបែបនេះ៕




