ខេត្តកំពង់ស្ពឺ ៖ នារីវ័យក្មេងម្នាក់ទើបនឹងចេញពីធ្វើការរោងចក្រ បើកម៉ូតូសំដៅទៅផ្ទះ តែដោយសារទឹកលិចផ្លូវអស់ ទើបបណ្តាលឱ្យនារីរងគ្រោះចំណាំផ្លូវមិនបាន ជ្រុលចង្កូតធ្លាក់ចូលទឹកស្រះ លិចបាត់ទាំងម៉ូតូ និងមនុស្ស ពេញ១យប់ ចំណែកក្រុមគ្រួសារចេះតែនឹកឆ្ងល់បាត់កូនស្រីពេញ១យប់ មិនឃើញត្រឡប់មកផ្ទះវិញសោះ ទោះជាដើរតាមរកក៏មិនឃើញ រហូតដល់ព្រឹកឡើងទើបប្រទះឃើញសពកូនស្រីអណ្តែតទឹកស្រះ ក៏កើតមានការផ្អើលឆោឡោឡើងតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ នារីវ័យក្មេងបើកម៉ូតូធ្លាក់ស្រះទឹកខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិព្រៃដងទឹក ឃុំព្រះនិព្វាន ស្រុកគងពិសី ប៉ុន្តែរហូតមកដល់វេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ទើបក្រុមគ្រួសារបានដឹង និងផ្អើលឆោឡោក្រោយពីមានអ្នកប្រទះឃើញសពនារីរងគ្រោះ អណ្តែតក្នុងទឹកស្រះ។
នារីរងគ្រោះដែលស្លាប់អណ្តែតទឹកស្រះខាងលើនេះ មានឈ្មោះចេននី ពាលី អាយុ២០ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ មានលំនៅនៅភូមិត្រពាំងវែង ឃុំវាល ស្រុកគងពិសី។

តាមប្រភពពីក្រុមគ្រួសារនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា ជារៀងរាល់ព្រឹក កូនស្រីរបស់គាត់ (នារីរងគ្រោះ) តែងបើកម៉ូតូ១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខកំពង់ស្ពឺ 1Q-1377 ទៅធ្វើការរោងចក្រ តែម្នាក់ឯង រហូតដល់វេលាម៉ោង ៦ព្រលប់ ទើបចេញពីធ្វើការត្រឡប់មកផ្ទះវិញ។
ប្រភពដដែល បន្តថា លុះមកដល់ថ្ងៃកើតហេតុ នៅវេលាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នារីរងគ្រោះបានបើកម៉ូតូចេញទៅធ្វើការដូចសព្វដង ប៉ុន្តែមកដល់វេលាម៉ោង៦ព្រលប់ ទៅហើយ នៅតែមិនទាន់ឃើញកូនស្រីត្រឡប់មកផ្ទះវិញទៀត ទើបក្រុមគ្រួសារមានការងឿងឆ្ងល់ និងចែកផ្លូវគ្នាចេញតាមរកដែរ ប៉ុន្តែរកមិនឃើញសោះ។
ស្រាប់តែមកដល់វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ទើបមានអ្នកភូមិបានប្រទះឃើញសពនារីរងគ្រោះអណ្តែតនៅក្នុងស្រះទឹកចំណុចកើតហេតុខាងលើ ទើបមានការផ្អើលឆោឡោ សង្ស័យថាជាករណីឃាតកម្ម ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ រួមនិងក្រុមគ្រូពេទ្យ អាជ្ញាធរភូមិ-ឃុំ និងក្រុមគ្រួសារនារីរងគ្រោះផង បានចូលរួមពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា នារីរងគ្រោះ បានស្លាប់ដោយសារលង់ទឹក ពោលគឺមិនមានស្លាកស្នាមអ្វីគួរឱ្យសង្ស័យជាប់ពាក់ព័ន្ធទៅនឹងករណីឃាតកម្មនោះឡើយ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច នៅពេលដែលនារីរងគ្រោះ បើកម៉ូតូចេញពីធ្វើការ មកដល់ត្រង់ចំណុចកើតហេតុខាងលើ ដោយសារមានទឹកលិចផ្លូវ ទើបនារីរងគ្រោះចំណាំផ្លូវមិនបាន ក៏ជ្រុលចង្កូតម៉ូតូ ធ្លាក់ចូលស្រះទឹក បណ្តាលឱ្យលង់ស្លាប់តែម្តង។

សពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកអាល័យជាទីបំផុត៕